Friday, April 26, 2024
Homeព័ត៌មានជាតិខឹងបងប្រុសចេញមកឃាត់ កុំឲ្យវាយអំពូល ប្អូនប្រុសវាយស្តូបដាក់ធាតុឪពុកខ្ទេច

ខឹងបងប្រុសចេញមកឃាត់ កុំឲ្យវាយអំពូល ប្អូនប្រុសវាយស្តូបដាក់ធាតុឪពុកខ្ទេច

ភ្នំពេញ៖ ប្អូនប្រុសផឹកសុីស្រវឹង ជិះម៉ូតូដួលរួចបានស្ទុះទៅវាយអំពូលភ្លើងផ្ទះខ្លួនឯង បែរជាទៅវាយអំពូលភ្លើងផ្ទះសម្រាប់ដាក់ជង្រិតរបស់បងប្រុសបង្កើត លុះបងប្រុសឃើញបែបនេះ ក៏បានចេញមកឃាត់ តែជននេះមិនព្រមស្តាប់នោះទេ ថែមទាំងទាញពូថៅ និងដុំថ្មទៅគប់ និងវាយកញ្ចក់ទ្វារផ្ទះ​ និងស្តូបនៅមុខផ្ទះសម្រាប់ដាក់ធាតុឪពុក បណ្តាលឲ្យបែកបាក់ និងខូចខាតតែម្តង លុះបងប្រុសទ្រាំមិនបាន ក៏ប្តឹងប៉ូលិសវាយខ្នោះតែម្តង។

ហេតុការណ៍ហិង្សារនេះបានកើតឡើង កាលពីវេលាម៉ោង២និង៤០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក។

ជនរងគ្រោះមានឈ្មោះកោក សុខា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្ទះ មានទីលំនៅភូមិ ឃុំកើតហេតុខាងលើ (ត្រូវជាបងបង្កើតរបស់ជនសង្ស័យ ) ។ចំណែកជនសង្ស័យ មានឈ្មោះ កោក សុខុម ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅក្នុងភូមិឃុំកើតហេតុជាមួយជនរងគ្រោះ។ ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាង ដូចជា ពូថៅចំនួន១មួយ ចំណែកសម្ភារៈខូចខាត មាន ទី១. អំពូលសម្រាប់ដាក់ចង្រិត ប្រវែង១,២០.ម៉ែត្រ ចំនួន០៣, ទី២. បែកកញ្ចក់ទ្វារផ្ទះ ១កន្លែង, ទី៣. បែកអេក្រង់ទូរស័ព្ទដៃ ចំនួន១គ្រឿង និងទី៤. ស្តូបនៅមុខផ្ទះ សម្រាប់ដាក់ធាតុឪពុក ចំនួន១។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពី វេលាម៉ោង២និង១២នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ជនបង្កមិនដឹងស្រវឹងស្រាមកពីណាទេ បានជិះម៉ូតូមកដួលនៅមុខផ្ទះខ្លួនឯង រួចរត់ទៅវាយអំពូលដាក់ចង្រិតរបស់ជនរងគ្រោះ ដែលត្រូវជាបងប្រុសបង្កើត បែកអស់ចំនួន៣អំពូល។ ពេលនោះ ជនរងគ្រោះក៏ចេញមកឃាត់ ប៉ុន្តែជនសង្ស័យមិនព្រមស្ដាប់ទេ បែរជាទាញពូថៅ ដុំថ្មទៅគប់ និងវាយកញ្ចក់ទ្វារផ្ទះ​ ទូរស័ព្ទដៃ និងស្តូបនៅមុខផ្ទះសម្រាប់ដាក់ធាតុឪពុក បណ្តាលឲ្យបែកបាក់និងខូចខាតតែម្តង។

ប្រភពដដែលបានបន្តថា ដោយទ្រាំមិនបាននឹងទង្វើរបស់ប្អូប្រុស នៅម៉ោងប្រហែល៦ល្ងាចថ្ងៃដែល ទើបជនរងគ្រោះបានមកប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់ភ្នំ ភ្លាមនោះ សមត្ថកិច្ចបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ រួចនាំចាប់ខ្លួនជនសង្ស័យមកកាន់មកសាកសួរនៅប៉ុស្តិ៍ រួចបញ្ជូនជនសង្ស័យមកកាន់ផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកលើកដែកដើម្បីបន្តចាត់ការតាមនីតិវិធី៕

RELATED ARTICLES