Saturday, April 20, 2024
Homeព័ត៌មានជាតិចុះឆែកហាងស្រីស្អាតលក់ឡេ Ah Gi Leder បែរជាគេចាប់អារម្មណ៍ខ្លាំងលើលោកប៉ូលិសស័ក្តិ២ រូបសង្ហាមិនចាញ់តួកុន

ចុះឆែកហាងស្រីស្អាតលក់ឡេ Ah Gi Leder បែរជាគេចាប់អារម្មណ៍ខ្លាំងលើលោកប៉ូលិសស័ក្តិ២ រូបសង្ហាមិនចាញ់តួកុន

ភ្នំពេញ ៖ ហាងលក់ឡេតាមអនឡាញដ៏មានប្រជាប្រិយភាព ក្នុងបណ្តាញសង្គមហ្វេសប៊ុក ឈ្មោះ Ah Gi Leader ដែលមានលក់ គ្រឿងក្រអូប បោះដុំ និងរាយនាំមកពីប្រទេសថៃ ត្រូវបានកម្លាំងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមរបស់ក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យ និងដកហូតផលិតផលចំនួន៨មុខ ស្មើនឹងជិត១ពាន់ប្រអប់។

ការចុះបង្ក្រាបហាងលក់ឡេខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចសំណង់១២ ផ្ទះល្វែងលេខ៧ ផ្លូវ២៦៥ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយសមត្ថកិច្ចមានការសង្ស័យថា ផលិតផលទាំងនោះ នាំចូលនិងចែកនៅលើទីផ្សារ ដោយគ្មានច្បាប់អនុញ្ញាត ព្រមទាំងមានការកែច្នៃម្សៅលាបមុខ និងខ្លួនពីកំប៉ុងដើម ដាក់កំប៉ុងថ្មី គ្មានស្លាកសញ្ញាផលិតផល ហើយចែកចាយនៅទីផ្សារ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់សុខភាពស្បែក របស់អ្នកប្រើប្រាស់។

ប្រតិបត្តិការធ្វើឡើង តាមដីកាឆែកឆេរលេខ៧៩៩ ចុះថ្ងៃ១២ ខែមិថុនា ឆ្នាំ២០១៩  ដឹកនាំដោយលោកវរៈសេនីយ៍ទោ នួន សុភក្តិ  នាយរងការិយាល័យ និងជាមន្ត្រីនគរបាលយុត្តិធម៌ និងមានការចូលសម្របសម្រួលដោយផ្ទាល់របស់ព្រះរាជ្ញារង ចែ សុង ព្រមទាំងមានការចូលរួមពីមន្ត្រីសុខភិបាល អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានផងដែរ។

ថៅកែហាងគ្រឿងក្រអូប ដែលត្រូវសមត្ថកិច្ចចុះឆែកឆេរខាងលើនេះ មានឈ្មោះតេង  ស៊ីណាត ភេទស្រី អាយុ២១ឆ្នាំ មានលំនៅផ្ទះលេខផ្ទះលេខ៨៦ ផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ដែលជាម្ចាស់នាំចូល និងចែកចាយគ្រឿងក្រអូបមកពីប្រទេសថៃ ដែលមានយីហោ Ah Gi Leader មានអាសយដ្ឋានផ្ទះជួល នៅទីតាំងខាងលើ។

អ្វីដែលមានការចាប់អារម្មណ៍ នៅពេលសមត្ថកិច្ចចម្រុះចុះទៅដល់ គេឃើញលោក ឧកញ៉ា ឧត្តមសេនីយ៍ឯក តេង ស៊ីថា ទីប្រឹក្សាក្រសួងមហាផ្ទៃ ដែលគេអះអាងថា ត្រូវជាឪពុករបស់កញ្ញាតេង ស៊ីណាត ហៅ Ah Gi ក៏បានចុះរារាំងសមត្ថកិច្ចផងដែរ។ ទោះបីជាយ៉ាងណា សមត្ថកិច្ចក៏បានអនុវត្តន៍ច្បាប់បានសម្រេចដោយជោគជ័យ។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការ សមត្ថកិច្ចក៏បានឆែកឆេរឃើញឡេជាច្រើនប្រភេទ ដោយសមត្ថកិច្ចមានការសង្ស័យថា កែច្នៃក្លែងក្លាយ និងពុំមានច្បាប់អនុញ្ញាត។ បន្ទាប់ពីឆែកឆេរម្ចាស់គ្រឿងក្រអូប កញ្ញាតេង ស៊ីណាត ហៅ Ah Gi ដែលល្បីឈ្មោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ក៏បានទទួលស្គាល់នូវកំហុស រួមមាន ទី១-គ្មានលិខិតអនុញ្ញាត បើកគ្រឹះស្ថានផលិតផលគ្រឿងសម្អាងពីក្រសួងសុខាភិបាល ទី២-ផលិតផលគ្រឿងសម្អាងគ្មានចុះប្រវេទន៍ពីក្រសួងសុខាភិបាល ទី៣-មិនមានច្បាប់អនុញ្ញាតពីក្រសួងពាណិជ្ជកម្ម ទី៤-លាយ និងផ្សព្វផ្សាយលក់រាយ និងបោះដុំ និងទី៥-នៅលើសម្បកផលិតផល មិនមានស្លាកសញ្ញាផលិតផល។

បន្ទាប់ពីត្រួតពិនិត្យ សមត្ថកិច្ចក៏បាននាំដកហូតផលិតផលចំនួន៨មុខ រួមមាន ១-ឡេការពារកំដៅថ្ងៃ សម្រាប់លាបពេលព្រឹក (គ្មានម៉ាក) ពណ៌ស ចំនួន១០០ប្រអប់។ ២-ឡេការពារកំដៅថ្ងៃ សម្រាប់លាបពេលព្រឹក (គ្មានម៉ាក) ពណ៌ស្វាយ ចំនួន១០០ប្រអប់។ ៣- ឡេលាបស្បែកឱ្យស (គ្មានម៉ាក) ពណ៌មាស ចំនួន៣៥០ប្រអប់។ ៤-ឡេលាបស្បែកឱ្យស (គ្មានម៉ាក) ពណ៌ស ចំនួន២៨០ប្រអប់។ ៥-ឡេលាបស្បែក ក្លិនក្រូច (ម៉ាក MAMIJI AHA VIT C) ចំនួន២៤ប្រអប់។ ៦-ឡេលាបស្បែក ក្លិន CHERRY (ម៉ាក MAMJIAHA VIT C) ពណ៌ផ្ទៃមេឃ ចំនួន១ប្រអប់។ ៧-ស្ក្រាបទឹកដោះគោសម្រាប់ខាត់ស្បែក ម៉ាក Gurepu Milky Spa ចំនួន២៤ប្រអប់ និង៨-ក្រែមលាបបបូរមាត់ ម៉ាក Lipstick AAA Angkor ពណ៌ក្រហម ចំនួន០១បំពង់។ សរុបទាំងអស់ស្មើនឹង៨៩៦ប្រអប់ ដើម្បីយកទៅកាន់នាយកដ្ឋានប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ ដើម្បីធ្វើការត្រួតពិនិត្យ។

គួរបញ្ជាក់ថា គ្រឿងក្រអូបយីហោ Ah Gi Leder ត្រូវបានកញ្ញាតេង ស៊ីណាត ហៅ Ah Gi បានធ្វើការលាយលក់ តាមបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យមានការចាប់អារម្មណ៍ពីមហាជន។

ដោយយឡែក ក្នុងប្រតិបត្តិការនេះដែរ អ្នកលេងបណ្តាញសង្គមជាច្រើនបែរជាចាប់អារម្មណ៍ខ្លាំង ទៅលើលោកប៉ូលិសស័ក្តិ២ម្នាក់ រូបសង្ហាមិនចាញ់តួកុន ហើយបានសរសើរសឹងគ្រប់គ្នា។

លោកប៉ូលិសស័ក្តិ២នោះ មានឈ្មោះថា កឹម ប្រុសមាន៕

RELATED ARTICLES