Saturday, April 20, 2024
Homeព័ត៌មានជាតិជនរងគ្រោះដើរចូលបន្ទប់ទឹក ជនសង្ស័យយកដៃច្របាច់ក ប្រើម្រាមដៃរុកច្រមុះថប់ដង្ហើមដល់ស្លាប់ រួចយកសពដាក់ក្លាស្សេក្នុងទូ

ជនរងគ្រោះដើរចូលបន្ទប់ទឹក ជនសង្ស័យយកដៃច្របាច់ក ប្រើម្រាមដៃរុកច្រមុះថប់ដង្ហើមដល់ស្លាប់ រួចយកសពដាក់ក្លាស្សេក្នុងទូ

ភ្នំពេញ ៖ ករណីស្ត្រីម្នាក់នៅសុខៗ ក៏បានបាត់ខ្លួនចេញពីផ្ទះដោយគ្មានដំណឹង ធ្វើឱ្យកូនស្រីកាន់រូបថតតាមស្វែងរកសព្វកន្លែង នៅតែគ្មានតម្រុយ ក៏សម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ លុះមានករណីអ្នកនេសាទបង់សំណាញ់បានកំណាត់ដៃ ជើងមនុស្សនោះ និងបន្ទាប់ពីកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវ ស្រាប់តែបែកធ្លាយចេញករណីឃាតកម្មដ៏គួរឱ្យរន្ធត់បំផុត ដោយស្ត្រីរងគ្រោះត្រូវបានឃាតករស្រីត្រូវជាមិត្តភក្តិសម្លាប់យ៉ាងសាហាវព្រៃផ្សៃ ដោយកាត់សពជាកង់ៗ ក្លាស្សេ ក្នុងធុងទឹកកក រួចច្រកក្នុងថង់ខ្មៅរំលស់យក ទៅបោះចោលក្នុងទឹកទន្លេ ម្តងមួយថង់ៗ ដើម្បីបំបាត់ដាន។ ប៉ុន្តែទីបំផុត ឈាមស្រែកស្បែកហៅ ត្រូវសមត្ថកិច្ចឃាត់ខ្លួនស្ត្រីសង្ស័យមកចាត់ការតាមច្បាប់។

ស្ត្រីរងគ្រោះដែលត្រូវមិត្តភក្តិសម្លាប់កាត់សពជាកង់ៗយ៉ាងឃោរឃៅនោះ មានឈ្មោះគឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុតសក់ នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយ មានលំនៅម្តុំទួលសង្កែ ខណ្ឌប្ញស្សីកែវ។ ចំណែកស្ត្រីសង្ស័យជាឃាតករដែលត្រូវកម្លាំងអាវុធហត្ថស្រាវជ្រាវ បំបែកសំណុំរឿង និងចាប់ខ្លួនបាននោះ មានឈ្មោះ ស៊ិន សុផល អាយុ៣៥ឆ្នាំ។

មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា ជនសង្ស័យឈ្មោះស៊ិន សុផល ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរលក់អាហារអឺរ៉ុប យីហោ ដឹរេដហ្គោរបារ នៅផ្ទះលេខ៤០Eo ផ្លូវ១៥៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានស្រុកកំណើតភូមិតាព្រហ្ម ឃុំព្រែកឯង ស្រុកគៀនស្វាយ ខេត្តកណ្តាល បានសម្លាប់ និងបានកាត់សាកសពជាបំណែកៗ បោះចូលទន្លេ ទៅលើជនរងគ្រោះឈ្មោះ គឹម យ៉ានាង ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរម្ចាស់ហាងអ៊ុតសក់ក្នុងផ្សារចាស់ ជាស្ត្រីមេម៉ាយកូនមួយ ស្នាក់នៅផ្ទះជួលម្តុំទួលសង្កែ មានស្រុកកំណើតនៅភូមិចាថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ(អតីតខេត្តបាត់ដំបង)។ ជនសង្ស័យមិនត្រឹមតែជាមនុស្សឈាមត្រជាក់សាហាវឃោរឃៅប៉ុណ្ណោះទេ សូម្បីតែជីវិតផ្ទាល់ខ្លួនជនសង្ស័យក៏មិនធម្មតាដែរ គឺមានប្តីដល់ទៅ៦ ប្តីទី១. មានកូន១ ទី២. មានកូន២ ទី៣. មានកូន១ (ប្តីទាំង៣នាក់ដំបូងនេះ ជនជាតិខ្មែរ) ប្តីទី៤. មានកូន១ ប្តីទី៥. គ្មានកូន និងទី៦. គ្មានកូន (ប្តីទាំង៣នាក់ក្រោយនេះ ជនជាតិបរទេស)។

មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តថា កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង២០:៣០យប់ ជនរងគ្រោះនិងជនសង្ស័យត្រូវជាមិត្តភក្តិនឹងគ្នា បានផឹកស៊ីនៅផ្ទះជនសង្ស័យ។ ក្រោយចប់ការផឹកស៊ី ជនរងគ្រោះបានសុំយកកូនរបស់ជនសង្ស័យ ភេទស្រី អាយុ០៨ឆ្នាំ ទៅដេកជាមួយនៅផ្ទះរបស់ខ្លួន នៅឯទួលសង្កែ ដូចតាមទម្លាប់កន្លងមក។ ដល់ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១០និង០០នាទីព្រឹក ជនរងគ្រោះបានដឹកកូនរបស់ជនសង្ស័យយកមកឲ្យដល់ផ្ទះវិញ ហើយជនរងគ្រោះក៏បានទារលុយជនសង្ស័យដែលបានជំពាក់ចំនួន700$ តែជនសង្ស័យប្រកែកសុំសងតែ350$ប៉ុណ្ណោះ ហើយជនរងគ្រោះមិនព្រម និងបានគំរាមថា បើជនសង្ស័យមិនសងលុយគ្រប់ទេ គេនឹងប្រាប់ម្ចាស់បំណុលផ្សេងៗឲ្យស្គាល់ផ្ទះ ដើម្បីទារលុយព្រមៗគ្នា (ជនសង្ស័យជំពាក់លុយគេច្រើន) និយាយចប់ ជនរងគ្រោះក៏ដើរចូលបន្ទប់ទឹក ដោយឃើញឱកាសល្អ ជនសង្ស័យបានដើរតាមក្រោយ យកដៃស្តាំច្របាច់កជនរងគ្រោះ ហើយយកម្រាមដៃឆ្វេងរុកច្រមុះឲ្យថប់ដង្ហើម រហូតដល់ជនរងគ្រោះសន្លប់បាត់ស្មារតី ទើបជនសង្ស័យយកក្រមា រឹតមាត់ ចងដៃ ចងជើង ទុកក្នុងបន្ទប់ដេក រហូតដាច់ខ្យល់ស្លាប់ ហើយយកសពដាក់ចូលទូរក្លាស្សេឲ្យកក រហូតដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ពេលកូនៗមិននៅផ្ទះ ជនសង្ស័យបានដាក់ថ្នាំងងុយដេកក្នុងទឹកតែឲ្យប្តីដែលជាជនជាតិអាមេរិកកាំងផឹក រហូតប្តីទន់ដៃទន់ជើងឡើងទៅដេកលក់ស្ងាត់ ឃើញឱកាសល្អ ទើបជនសង្ស័យយកកាំបិតមកកាត់សាកសព ជនរងគ្រោះជាបំណែកៗ (កាត់ដៃ កាត់ជើង កាត់ក្បាល វះពោះ ពុះឆ្អឹងជំនី ព្រលះយកសាច់) ច្រកដាក់ស្បោងខ្មៅ យកទៅបោះចោលមួយថ្ងៃបន្តិចៗ នៅតាមគំនរសំរាមនិងនៅក្នុងទន្លេ។ រីឯគ្រឿងអលង្ការ និងទូរស័ព្ទ បោះចោលក្នុងទន្លេ និងក្នុងធុងសំរាមក្បែរវត្តឧណ្ណាឡោម ដោយឡែក លុយរបស់ជនរងគ្រោះ (លុយខ្មែរ២០ម៉ឺនរៀល លុយដុល្លារ50$) ជនសង្ស័យរក្សាទុកនៅខ្លួន។

មន្ត្រីជាន់ខ្ពស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ថា និយាយពីគ្រួសារជនរងគ្រោះ ក្រោយពេលបាត់ជនរងគ្រោះមួយថ្ងៃ កូនស្រីម្នាក់បានកាន់រូបថតម្តាយ ដើរសួរគេឯងតាមផ្លូវទាំងយប់ ជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ និងបានអំពាវនាវសុំឲ្យសារព័ត៌មានជួយផ្សព្វផ្សាយ រកម្តាយខ្លួនផង បណ្តាលឲ្យមានការភ្ញាក់ផ្អើលគេឯងចាប់អារម្មណ៍ អាណិតអាសូរគ្រប់គ្នា។ ដំណឹងសួររកម្តាយនេះ ក៏ធ្វើឲ្យមានការចាប់អារម្មណ៍ដល់សមត្ថកិច្ចអាវុធហត្ថភ្នំពេញ ដុតដៃដុតជើង ចេញស្រាវជ្រាវជួយរក ជនរងគ្រោះដែលបាត់ខ្លួនផងដែរ រហូតយប់យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ អាវុធហត្ថខណ្ឌដូនពេញ ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ថោង ពិសិដ្ឋ ផ្ទាល់ ដែលជាមេបញ្ជាការអាវុធហត្ថខណ្ឌ សហការជាមួយកម្លាំងជំនាញនៃការិយាល័យបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវកំណត់អង្គហេតុនៃករណីបាត់ខ្លួនខាងលើ សង្ស័យជារឿងឃាតកម្ម និងបានកំណត់អត្តសញ្ញាណជនសង្ស័យ ឈានទៅបំបែកសំណុំរឿងជាក់ច្បាស់ ឃាត់ខ្លួនជនសង្ស័យមកសួរនាំ រហូតជនសង្ស័យព្រមសារភាពទទួលកំហុស ដូចបានរៀបរាប់ខាងលើ ថាខ្លួនគឺជាឃាតករពិតប្រាកដមែន។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ មានប្រជានេសាទម្នាក់ បានជិះទូកបង់សំណាញ់រកត្រីនៅតាមដងទន្លេសាបត្រើយខាងលិច មុខផ្សាររាត្រី ស្ថិតក្នុងសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ស្រាប់តែពេលលើកសំណាញ់ ឡើងមកមិនឃើញជាប់ត្រីអ្វីមួយ បែរជាជាប់បំណែកសាកសព (ដៃ និងជើងមនុស្ស ត្រូវបានកាត់ជាកង់ៗ) ធ្វើឱ្យភ័យស្លន់ស្លោ ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋក្បែរនោះចោមរោមមើល និងដាក់ការសង្ស័យថា អាចជាករណីឃាតកម្មសម្លាប់មនុស្សកាត់ជាកង់ៗ ក៏ប្រញាប់រាយការណ៍ប្រាប់សមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។

តាមសម្តីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បានជិះទូកបង់សំណាញ់តាមមាត់ទន្លេសាប ដោយបង់បានត្រីជាហូរហែ។ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែបុរសនោះបង់មួយសំណាញ់ទៀត រួចក៏លើកមកដាក់លើទូក ដើម្បីដោះយកត្រី ប៉ុន្តែមួយសំណាញ់ចុងក្រោយនេះ មិនឃើញមានជាប់ត្រី១ក្បាលសោះ បែរជាជាប់បំណែកសាកសពមនុស្ស ដែលរួមមាន ដៃម្ខាង និងប្រអប់ជើងម្ខាង ដោយមិនបានឃើញខ្លួនមនុស្សឡើយ។ ភ្លាមៗនោះ បុរសជាអ្នកបង់សំណាញ់ ដោយមានការភ័យខ្លាចពេក ក៏ស្រែកឆោឡោ រួចបានទុកសំណាញ់ចោល ហើយក៏ចេញទូកទៅបាត់។ ចំណែកអ្នកចោមរោមមើល បានដាក់ការសង្ស័យថា ករណីនេះអាចជាករណីឃាតកម្ម សម្លាប់មនុស្សកាត់ជាកង់ៗ ដោយកាត់ដៃ កាត់ជើង ហើយយកមកបោះចូលក្នុងទឹកទន្លេ ដើម្បីបំបិទភ័ស្តុតាង តែចៃដន្យត្រូវប្រជានេសាទប្រទះឃើញ។

គួររំលឹកថា កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅត្រង់ចំណុចខាងក្រោយគុកតេ៣ចាស់ នៅមុខផ្ទះលេខ ៤០EO ផ្លូវលេខ១៥៤ ក្នុងក្រុម២០ ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មាននារីវ័យក្មេងម្នាក់បានកាន់រូបថតម្តាយរបស់ខ្លួន ដើរតាមស្វែងរកសព្វកន្លែង រហូតដល់ប្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមស្វែងរកម្តាយ របស់នាង ដែលបានបាត់ខ្លួនដោយគ្មានដំណឹង មិនដឹងជាទៅដល់ទីណាកន្លែងណា និងមានសុខទុក្ខយ៉ាងណា។

កូនស្រីដែលដើររកម្តាយនោះ មានឈ្មោះពេជ្រ ស៊ាវម៉ី អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅទួលសង្កែ បានសួររកម្តាយដែលបាត់ទៅ ឈ្មោះ គឹម យ៉ានាង អាយុ៤០ឆ្នាំ មុខរបរអ៊ុត សក់នៅផ្សារកណ្តាល ជាស្ត្រីមេម៉ាយកូនមួយ ដែលបាត់ខ្លួននៅវេលាម៉ោងប្រហែល៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ដោយមិនដឹង មូលហេតុ។

កូនស្រីរបស់ស្ត្រីដែលបាត់ខ្លួន បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីយប់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងបានទៅផ្ទះកើតហេតុខាងលើ (ម្តុំគុកតេ៣ ចាស់) ជាផ្ទះដែលជំពាក់លុយគាត់ និងមានការរាប់អានគ្នាផង ហើយក៏បាននាំកូនតូចរបស់ម្ចាស់ផ្ទះនោះ អាយុប្រហែល៧ឆ្នាំ ទៅដេកផ្ទះរបស់គាត់នៅទួលសង្កែ ១យប់។ រហូតដល់វេលាម៉ោង៩ព្រឹក ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ម្តាយរបស់នាងបានយកម៉ូតូធូដេ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ ១៩០៥ (មិនចាំអក្សរពីមុខ) ដឹកកូនតូចត្រឡប់ទៅផ្ទះរបស់គាត់វិញ ហើយក៏បាត់ខ្លួនរហូតតែម្តង ដោយអំឡុងពេល តា់ខ្លួនទៅនោះ ម្តាយនាងមានលុយមួយចំនួន និងគ្រឿងអលង្ការជាប់ខ្លួនផងដែរ។

តាមសម្តីក្មេងតូចអាយុ៧ឆ្នាំនោះ បានប្រាប់ថា ពេលដែលដាក់រូបគេចុះហើយ អ៊ំស្រី (ស្ត្រីដែលបាត់ខ្លួន) បានជិះម៉ូតូចេញទៅទិសខាង ត្បូងបាត់ទៅ។

ក្រោយពីកើតហេតុ កូនស្រីរបស់ជនរងគ្រោះ បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍តាមរកម្តាយរបស់នាងត្រឡប់មកវិញ។ លុះរំលងប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែមានអ្នកនេសាទ បង់សំណាញ់បានបំណែកដៃ ជើងមនុស្ស ទើបសមត្ថកិច្ចស្រាវជ្រាវបំបែកសំណុំរឿងនេះថា ជាករណីសម្លាប់មិត្តភក្តិ កាត់សពជាកង់ យកទៅបោះចោលក្នុងទន្លេ៕

RELATED ARTICLES