Friday, April 19, 2024
Homeព័ត៌មានជាតិទារលុយ១២០០ដុល្លារ ឲ្យ៥០០ដុល្លារសិន សមត្ថកិច្ចមកដល់ វាយខ្នោះល្មម

ទារលុយ១២០០ដុល្លារ ឲ្យ៥០០ដុល្លារសិន សមត្ថកិច្ចមកដល់ វាយខ្នោះល្មម

ខេត្តកំពង់ធំ ៖ អ្នកយកព័ត៌មានប្រចាំខេត្តកំពង់ធំ២រូប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងអាហារដ្ឋានមួយកន្លែង ស្ថិតនៅចំពីមុខផ្សារកំពង់ធំ ក្នុងភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន និងត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យឃុំខ្លួននៅក្នុងពន្ធនាគារ ពាក់ព័ន្ធការជំរិតទារប្រាក់ពីមន្ត្រីអាជ្ញាធរ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនរបស់លោក យុត ពន្លឺ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ បានសម្រេចឃុំខ្លួនជនត្រូវចោទ២នាក់ រួមមាន ទី១-ឈ្មោះហ៊ាង លីហាក់ ភេទប្រុស អាយុ៥០ឆ្នាំ ជាអ្នកសារព័ត៌មានសំឡេងសន្តិភាព និងទី២-ឈ្មោះអាំង ប៊ុនហូវ ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកសារព័ត៌មានវិថីសន្តិភាព។ អ្នកទាំង២នាក់ ជាប់ចោទពីបទជំរិតទារប្រាក់ចំនួន១២០០ដុល្លារ ពីលោកលី ស្រេង នាយកដែនជម្រកសត្វព្រៃអភិរក្សព្រៃឡង់។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកលី ស្រេង បានបញ្ជាក់ប្រាបថា ក្រោយពីមានសារព័ត៌មានមួយចំនួនចុះផ្សាយកាលពីថ្ងៃទី០៦ ខែមិថុនា ស្តីអំពីបទល្មើលព្រៃឈើ ហើយប៉ះពាល់ដល់មន្ទីរបរិស្ថាននិងមន្ទីរកសិកម្មរួចមក ស្រាប់តែនៅថ្ងៃទី០៨ ខែមិថុនា លោកហ៊ាង លីហាក់ ដែលប្រាប់ថាជាអ្នកកាសែតសំឡេងសន្តិភាព បានទូរស័ព្ទទៅលោកសួរថា “យ៉ាងម៉េចទៅហើយអាម៉ាក ឃើញគេចុះផ្សាយព្រោងព្រាត បើចង់បិទព័ត៌មាន មកជួបនិយាយគ្នាមក”។ បន្ទាប់មក អ្នកទាំង២បានណាត់ជួបលោកចរចាររឿងលុយនៅក្នុងអាហារដ្ឋានខាងលើ ដោយពេលនោះ លោកហ៊ាង លីហាក់ និយាយថា បិទព័ត៌មានទៅពួកម៉ាក។ លោកក៏យល់ព្រមតាម ដើម្បីកុំឱ្យមានបញ្ហា ហើយខណៈនោះ លោកហ៊ាង លីហាក់ ប្រាប់ថា គេមានគ្នា៤នាក់ ក្នុងម្នាក់សុំ៣០០ដុល្លារ ៤នាក់ ស្មើនឹង១២០០ដុល្លារ។ ពេលនោះ លោកក៏បានឆ្លើយថា យល់ព្រមឱ្យ១២០០ដុល្លារ តែឥឡូវមានតែ៥០០ដុល្លារទេ ក្នុងហោប៉ៅឱ្យប៉ុណ្ណឹងសិន សុំជំពាក់៧០០ដុល្លារ ចាំឱ្យពេលក្រោយ ពួកគេក៏យល់ព្រម។ នៅពេលលោកហុចលុយឱ្យ ក៏ត្រូវកម្លាំនគរបាលចាប់ខ្លួនអ្នកទាំង២នាក់តែម្តង។

គួរបញ្ជាក់ថាលោក ហ៊ាង លីហាក់ ទើបតែចេញពីពន្ធនាគារបានជាង១ខែប៉ុណ្ណោះ ក្រោយត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅពន្ធនាគារ កាលពីចុងខែមិថុនា ឆ្នាំ២០១៨ ក្រោមការចោទប្រកាន់ពីបទឆបោក ដែលពេលនោះ លោកបម្រើការងារនៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥៕

RELATED ARTICLES