Wednesday, April 24, 2024
Homeតារាខ្មែរបេប៊ី ថៅកែខ្លាចធ្លាក់ទឹក ទើបចេញយូរជាងគេ

បេប៊ី ថៅកែខ្លាចធ្លាក់ទឹក ទើបចេញយូរជាងគេ

តារាចម្រៀងជុំ រចនាពេជ្រ ហៅបេប៊ី បានចូលផលិតកម្មថោន តាំងពីមុនចូលឆ្នាំខ្មែរ ប៉ុន្តែរហូតមកដល់ពេលនេះ ស្រីស្អាតមិនទាន់មានឱកាសបានបញ្ចោញសមត្ថភាព ឬចេញបទចម្រៀងដូចតារាផ្សេងទៀតរបស់ថោន ឡើយ សូម្បីតែបទចម្រៀងសម្រាប់ចូលឆ្នាំខ្មែរកន្លងមក ក៏បេប៊ី មិនបានច្រៀងសូម្បីតែមួយបទដែរ។

ការពន្យារពេលចេញបទចម្រៀងរបស់បេប៊ី នៅពេលនេះ ធ្វើឱ្យអ្នកដែលរងចាំស្តាប់បទចម្រៀងរបស់បេប៊ី ខកចិត្ត និងខ្លះទៀតបានលើកឡើងថា មើលទៅថៅកែផលិតកម្មថោន ប្រហែលជាមិនយកចិត្តទុកដាក់លើបេប៊ី ឡើយ។

យ៉ាងណាក្នុងជំនួបតាមទូរស័ព្ទ កាលពីថ្ងៃទី11 ខែមិថុនា នេះ បេប៊ី វាចាថា នាងគ្មានការព្រួយបារម្ភខ្លាចបាត់បង់ទីផ្សារចម្រៀង ដោយសារតែការចេញបទចម្រៀងរបស់នាង មានការយឺតយ៉ាវនោះឡើយ ព្រោះថាពេលនេះ តាមដឹង ថោន កំពុងតែសម្រិតសម្រាំងបទចម្រៀងសម្រាប់នាង គឺទាល់តែបទល្អបានឱ្យចេញ ព្រោះថៅកែថោន ខ្លាចនាងចេញទៅ បរាជ័យធ្លាក់ទឹក ទើបត្រូវតែប្រុងប្រយ័ត្នក្នុង ការដាក់បទចម្រៀងឱ្យនាងច្រៀង។

បេប៊ី អះអាងថា “ថៅកែថោន គាត់ខ្លាចបទចម្រៀងខ្ញុំចេញទៅធ្លាក់ទឹក ខ្លាចបរាជ័យ អ៊ីចឹងគាត់សុខចិត្តឱ្យខ្ញុំចេញយឺតបន្តិចចុះ ឱ្យតែបទចម្រៀងនោះបានល្អ។ ពេលនេះ ខ្ញុំដឹងថា បទចម្រៀងខ្ញុំត្រូវបានផលិតកម្មកំពុងរៀបចំឱ្យហើយ ដែលបទចេញលើទីផ្សារដំបូងនេះ អាចមានពី4ទៅ 5បទហើយ ភាគច្រើនជាបទស្លូវ ហើយបទចម្រៀងទាំងនេះនឹងចេញនៅពាក់កណ្តាលខែកក្កដា ខាងមុខនេះហើយ ព្រោះក្រោយចេញ ជា Audio ហើយខ្ញុំក៏ថតជា MV ផងដែរ”។

បេប៊ី បានឱ្យដឹងដែរថា ផលិតកម្មថោន បានផ្តល់សិទ្ធិឱ្យនាងក្នុងការធ្វើបទចម្រៀងដោយខ្លួនឯង ឱ្យតែបទល្អ ហើយនាងក៏បានត្រៀមបទចម្រៀងមួយចំនួនដែរហើយ ពិសេស គឺបទញាក់ច្រើនជាងបទស្លូវ ព្រោះថា នាងចូលចិត្តច្រៀង និងសម្តែងបទញាក់ជាងបទស្លូវ។

តារាចម្រៀងថោន រូបនេះ បន្ថែមថា “នៅពេលដែលបទចម្រៀងរបស់ខ្ញុំចេញហើយ ខ្ញុំនឹងយកបទទាំងនោះទៅច្រៀងគ្រប់ស្ថានីយទូរទស្សន៍ ប៉ុន្តែការរំពឹងយ៉ាងណានោះ ខ្ញុំមិនហ៊ានថាទេ គឺទុកឱ្យមហាជនជាអ្នកវាយតម្លៃទៅចុះ។ ខ្ញុំដឹងថា ការយឺតយ៉ាវចេញបទ ចម្រៀងកន្លងមក បងប្អូនប្រាកដជាឆ្ងល់ហើយ តែមិនអីទេ ប្រាកដជាមានបទចម្រៀងចេញក្នុងពេលឆាប់ៗនេះហើយ ខ្ញុំក៏ត្រៀមថោន ក៏ត្រៀម អ៊ីចឹងបទចម្រៀងច្រើនដែលត្រូវចេញ”។

ការលោតចូលផលិតកម្មថោន របស់ស្រីស្អាតបេប៊ី នៅពេលនេះហាក់មានភាពខុសគ្នា ទៅនឹងនាងរ៉ាប៊ី ព្រោះម្ចាស់បទ “មាន់ស្រែ” នោះ ត្រូវថៅកែថោន ផ្តល់បទចម្រៀងឱ្យវាយលុកទីផ្សារភ្លាមៗ រហូតដល់នាងមានឈ្មោះល្បីយ៉ាងឆាប់រហ័ស។ ប៉ុន្តែ បេប៊ី វិញ បែរជាស្ទះចេញបទចម្រៀងមិនរួចរាប់ខែទៅវិញ ទើបអ្នកខ្លះថា ថោន លើកតែរ៉ាប៊ី ទេ ចំណែកបេប៊ី ប្រាកដជាពិបាកប្រជែងយកភាពលេចធ្លោជាមិនខានឡើយ។

បេប៊ី បញ្ជាក់ថា “ខ្ញុំមិនគិតអីចឹងទេ គឺថោន លើកតារាស្មើៗគ្នាហ្នឹង។ ដោយសារតែថោន មានតារាច្រើន អ៊ីចឹងបទច្រៀងត្រូវតែមានការបែងចែកអ៊ីចឹងហើយ។ ចំពោះរ៉ាប៊ី វិញ គាត់និងខ្ញុំរាប់អានគ្នាធម្មតាទេ ហើយពេលនេះគាត់កំពុងឡើង អ៊ីចឹងផលិតកម្មក៏រុញគាត់ថែមទៀត។ ខ្ញុំគិតថា ការច្រៀង សម្តែងរបស់ខ្ញុំ និងរ៉ាប៊ី មិនជាន់គ្នាទេ ព្រោះស្ទីលផ្សេងគ្នា ហើយយើងនឹងរួមគ្នាដើម្បីឱ្យថោន កាន់តែរឹងមាំ”។

ការងាកមកចាប់អាជីពចម្រៀងរបស់បេប៊ី នៅពេលនេះ ធ្វើឱ្យស្រីស្រស់បង្ខំចិត្តផ្អាកការថតសម្តែងខារ៉ាអូខេ និងភាពយន្តឱ្យផលិតកម្មផ្សេងៗទៀត ព្រោះពេលនេះនាងផ្តោតតែលើអាជីពចម្រៀង និងការងារជាពិធីការិនីនៅ CTN ប៉ុណ្ណោះ។

ដោយឡែក ទាក់ទងរឿងគូស្នេហ៍វិញ បេប៊ី នៅតែព្យាយាមលាក់លៀម ដោយអះអាងថា មិនទាន់ចង់យកប្តីក្នុងពេលឆាប់ៗឡើយ បើទោះជាគេដឹងថា ពេលនេះ មានប្រុសទាំងក្នុងនិងក្រៅស្រុកប្រជែងគ្នា ដណ្តើមបេះដូងស្រីស្អាតរូបនេះក៏ដោយ៕

RELATED ARTICLES