Friday, April 19, 2024
Homeព័ត៌មានជាតិប្រពន្ធស្រែក "កុំលោតអី ទឹកនេះជ្រៅណាស់ ប្រយ័ត្នគ្រោះថ្នាក់" ប្តីលោតប្រូង លិចបាត់

ប្រពន្ធស្រែក “កុំលោតអី ទឹកនេះជ្រៅណាស់ ប្រយ័ត្នគ្រោះថ្នាក់” ប្តីលោតប្រូង លិចបាត់

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ឱ្យតែបានស្រាចូលពោះលែងនឹកនាដល់បាយទឹកអ្វីទាំងអស់ លុះក្រោយពីផឹកស្រាដាច់បាយ៣ថ្ងៃ ក៏បែកគំនិតលោតទឹកលេងទាំងស្រវឹងធ្លាក់ភ្នែក បណ្តាលឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចស្រះទឹក១កន្លែង ខាងលិចភូមិចម្ងាយ១៧០មែត្រ ស្ថិតក្នុងភូមិវាលម្លូ ឃុំវាលម្លូ ស្រុកពញាក្រែក។

បុរសរងគ្រោះខាងលើ មានឈ្មោះគុល ឈឿន អាយុ៤៩ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះចែត្រ ផាង អាយុ៥៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប្តីរបស់គាត់ (ជនរងគ្រោះ) ជាមនុស្សប្រមឹក តែងផឹកស្រាស្រវឹង ជារៀងរាល់ថ្ងៃ ហើយឱ្យតែបានស្រាចូលពោះលែងខ្វល់រឿងបាយទឹកហើយ ជាក់ស្តែងនៅមុនពេលកើតហេតុ៣ថ្ងៃ ប្តីរបស់គាត់ គិតតែពីផឹកស្រា តែ១មុខគត់ មិនព្រមហូបបាយចូលក្រពះ១គ្រាប់ឡើយ។

ស្ត្រីជាប្រពន្ធជនរងគ្រោះ បន្តថា លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ប្តីរបស់គាត់បានទៅតាមគាត់ ដែលកំពុងនៅមើលគោ ឯវាលស្រែ ទាំងស្ថានភាពស្រវឹងជោកជាំ។ លុះមកដល់ ប្តីរបស់គាត់ក៏បានរៀបចំលោតទឹកស្រះលេង តែភ្លាមនោះ គាត់បានស្រែកឃាត់ប្តីថា “កុំលោតអី ទឹកនេះជ្រៅណាស់ ប្រយ័ត្នគ្រោះថ្នាក់” ប៉ុន្តែប្តីរបស់គាត់ ដែលកំពុងស្រវឹងធ្លាក់ភ្នែក មិនព្រមស្តាប់សម្តីគាត់សោះ និងថែមទាំងឆ្លើយមកវិញថា “អញធ្លាប់ចុះលេងរាល់ដង មិនដែលអី” លុះនិយាយមិនទាន់ផុតពីមាត់ផង ប្តីរបស់គាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកស្រះ រួចក៏ស្រាប់តែលិចបាត់តែម្តង មិនឃើញងើបឡើងវិញសោះ ទើបធ្វើឱ្យគាត់ស្រែកឆោឡោ រត់ទៅហៅបងប្អូនក្នុងភូមិឱ្យជួយរាវរកភ្លាមៗដែរ តែអកុសល ប្តីរបស់គាត់បានលង់ទឹកស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ សហកាជាមួយគ្រូពេទ្យមណ្ឌលសុខភាពវាលម្លូរ បានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។ មូលហេតុដោយសារតែជនរងគ្រោះផឹកស្រាស្រវឹង ដាច់បាយ៣ថ្ងៃទៅហើយ  បែរជាមកលោតចុះទឹកស្រះលេង ទើបបណ្តាលឱ្យលង់ស្លាប់បែបនេះតែម្តង។

សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES