Saturday, April 20, 2024
Homeព័ត៌មានជាតិម៉ែឪស្តីបន្ទោស “ហ្អែងគ្មានសិទ្ធិផឹកស៊ី ស្រែកឡូឡាក្នុងផ្ទះនេះទេ..." កូនប្រុសសំពង៤ចប

ម៉ែឪស្តីបន្ទោស “ហ្អែងគ្មានសិទ្ធិផឹកស៊ី ស្រែកឡូឡាក្នុងផ្ទះនេះទេ…” កូនប្រុសសំពង៤ចប

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ត្រឡប់មកពីរត់ម៉ូតូឌុបវិញ ឃើញកូនប្រុសផឹកស្រវឹងអួទីនួ គ្មានជួយធ្វើការរកស៊ីអ្វី ក៏ស្តីបន្ទោសកូន ប្រុសរូបនោះ២-៣ម៉ាត់ ស្រាប់តែកូនប្រុសឈាមក្តៅ ផ្ទុះកំហឹង ស្ទុះទៅទាញដងចប មកវាយសំពងឪពុកបង្កើតខ្លួនឯងចំនួន៤ដងចប បណ្តាលឱ្យ រងរបួសយ៉ាងដំណំ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់វៃ់ខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាក្នុងគ្រួសារ កូនប្រុសវ៉ៃឪពុកបង្កើត៤ដងចបនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២១២ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

កូនប្រុសឈាមខ្មៅ ដែលដាច់ចិត្តលើកដៃវ៉ៃឪពុកបង្កើតខ្លួនឯងដោយគ្មានខ្លាចបុណ្យបាបចុះនរកនេះ មានឈ្មោះខឹម វាសនា អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្រពន្ធនិងកូន នៅឯខេត្តបាត់ដំបង តែសព្វថ្ងៃបានមកស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកបុរសរងគ្រោះជាឪពុក មានឈ្មោះអៀង ភន អាយុ៥៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩យប់ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យបានផឹកស្រាស្រវឹងជោកជាំនៅផ្ទះកើតហេតុខាងលើ។ លុះបន្តិចក្រោយមក បុរសរងគ្រោះជាឪពុកបង្កើតទើបនឹងត្រលប់មកពីរត់ម៉ូតូ ឌុបវិញ ឃើញកូនប្រុសផឹកស្រវឹងអួទីនួ មិនគិតជួយធ្វើការរកស៊ីអ្វីទាំងអស់ ណាមួយមានប្រពន្ធកូនរួចទៅហើយ មិនព្រមនៅធ្វើការរកស៊ី ចិញ្ចឹមប្រពន្ធកូន បែរជាទុកប្រពន្ធកូនចោល រួចរត់មកសម្ងំនៅផ្ទះឱ្យពួកគាត់ជាឪពុកម្តាយចិញ្ចឹមទៅវិញ ទើបទ្រាំមិនបាន ក៏ស្តីបន្ទោសឱ្យកូនប្រុស ២-៣ម៉ាត់ទៅថា “ហ្អែងគ្មានសិទ្ធិផឹកស៊ី ស្រែកឡូឡាក្នុងផ្ទះនេះទេ ព្រោះហ្អែងមានប្រពន្ធកូន នៅខេត្តបាត់ដំបងហើយ”។

ប្រភពដដែលបន្តថា គ្រាន់តែឪពុកនិយាយមិនទាន់ចប់ផង ស្រាប់តែកូនប្រុសឈាមក្តៅរូបនេះ ផ្ទុះកំហឹង ក៏ស្ទុះទៅទាញ ដងចប វាយសន្ធាប់ទៅលើឪពុកបង្កើតខ្លួនឯង ដោយគ្មានញញើតដៃចំនួន៤ដងចប បណ្តាលឱ្យត្រូវចំខ្នង៣ដំបង និងត្រូវប្រអប់ដៃឆ្វេង១ដង រងរបួស យ៉ាងដំណ។ បន្ទាប់ពីវីយាឪពុកខ្លួនឯងរួច កូនប្រុសឈាមខ្មៅរូបនោះ ក៏បានរត់គេចខ្លួនបាត់។

លុះព្រឹកឡើងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ជនរងគ្រោះជាឪពុក ក៏បានទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។ រហូតដល់ម៉ោង៩ និង៣០នាទីព្រឹកថ្ងៃដដែល សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ចូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។

សូមបញ្ជាក់ កន្លងមកជនសង្ស័យ ធ្លាប់ផឹកស៊ីស្រែកឡូឡា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនដង និងប្រើប្រាស់គ្រឿងញៀនទៀតផង៕

RELATED ARTICLES