Saturday, April 20, 2024
Homeព័ត៌មានជាតិម្នាក់ៗរន្ធត់ ពេលឃើញម៉ូតូកង់៣ Passapp ជួបគ្រោះថ្នាក់បែបនេះ

ម្នាក់ៗរន្ធត់ ពេលឃើញម៉ូតូកង់៣ Passapp ជួបគ្រោះថ្នាក់បែបនេះ

ភ្នំពេញ ៖ រថយន្តកុងតឺន័រ១គ្រឿង បើកក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកម៉ូតូកង់បី១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យម៉ូតូកង់បី ក្រឡាប់ធ្លាក់ផ្លូវសង្កត់បុរសជាអ្នកបើកបរស្លាប់នៅនឹងកន្លែង បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចក្បែរស្ថានីយ៍ប្រេងឥន្ធនៈយីហោ សំ ប្រាថ្នា ស្ថិតក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

បុរសជាអ្នកបើកម៉ូតូកង់បី ដែលត្រូវរថយន្តកុងតឺន័របើកបុក ធ្វើឱ្យម៉ូតូកង់បីក្រឡាប់សង្កត់ស្លាប់យ៉ាងអាណោចអាធ័មនោះ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា ជនរងគ្រោះជាអ្នកបើកម៉ូតូកង់បី១គ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1HQ-9175។  ចំណែករថយន្តបង្កជាប្រភេទរថយន្តកុងតឺន័រ ពណ៌ស ពាក់ស្លាកលេខ 3A-9143 សណ្តោងកន្ទុយ (គ្មានកុងតឺន័រ) ពាក់ស្លាកលេខ 4A-1562 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានចុះរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បានបើកម៉ូតូកង់បីរបស់ខ្លួនធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែត្រូវរថយន្តកុងតឺន័រ១គ្រឿងខាងលើ បើកបរក្នុងទិសដៅបញ្ច្រាសគ្នាពីជើងទៅត្បូង និងបានវ៉ាជែងគ្នា ធ្វើឱ្យជ្រុលទៅបុករ៉ឺម៉កកង់បីខាងលើ ចំពីមុខពេញទំហឹង បណ្តាលឱ្យម៉ូតូកង់បី ធ្លាក់ផ្លូវក្រឡាប់សង្កត់ពីលើម្ចាស់ស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ ចំណែកតៃកុងរថយន្តកុងតឺន័រ ក៏បានព្យាយាមបន្ថែមល្បឿនរត់បានប្រហែល១០០ម៉ែត្រ ក៏ឈប់រថយន្តចុះគេចខ្លួនបាត់ស្រមោល ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ ហើយទាក់ទងទៅជំនាញចរាចរណ៍ឱ្យធ្វើការវាស់វែងយករថយន្តកុងតឺន័រ និងម៉ូតូកង់បី ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់។

ចំណែកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុឱ្យរថយន្តដឹកសពយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES