Wednesday, April 17, 2024
Homeព័ត៌មានជាតិវាមិនទាន់អស់នៅឡើយទេ... ឃាតករលាក់មុខ

វាមិនទាន់អស់នៅឡើយទេ… ឃាតករលាក់មុខ

ខេត្តប៉ៃលិន ៖ យុវជនម្នាក់បានទៅជម្រះស្មៅនៅក្នុងចម្ការដំឡូង ស្រាប់តែអកុសល កាប់ប៉ះចំគ្រាប់មិនទាន់ផ្ទុះ (គ្រាប់បេ) បណ្តាលឱ្យផ្ទុះកក្រើក និងបង្កឱ្យយុវជនរងគ្រោះត្រូវអំបែងគ្រាប់ជះសាចចំពេញខ្លួន ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអធ័ម។

ហេតុការណ៍ជ្រមះស្មៅដំឡូងប៉ះគ្រាប់បេ បណ្តាលឱ្យផ្ទុះស្លាប់យុវជនម្នាក់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៣និង២៥នាទីរសៀល ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចចម្ការដំឡូង១កន្លែង ក្បែរមាត់ស្ទឹង ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ។

យុវជនរងគ្រោះដែលកាប់ប៉ះចំគ្រាប់បេផ្ទុះស្លាប់ មានឈ្មោះវិន អាយុ២១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានធ្វើដំណើរចេញពីផ្ទះ ទៅជម្រះស្មៅនៅក្នុងចម្ការដំឡូង ចំណុចកើតហេតុខាងលើ ដូចសព្វដង។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលជនរងគ្រោះកំពុងកាប់ដីជម្រះស្មៅ ក៏ស្រាប់តែអកុសល បានប៉ះចំគ្រាប់មិនទាន់ផ្ទុះ១គ្រាប់ ដែលសល់តាំងពីសម័យសង្គ្រាម ធ្វើឱ្យគ្រាប់បេនោះបានផ្ទុះឡើងជះសាចអំបែងគ្រាប់ចំជនរងគ្រោះ បណ្តាលឱ្យរងរបួសសុសពេញខ្លួន និងបង្កឱ្យជនរងគ្រោះដាច់ខ្យល់ស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង។

ក្រោយកើតហេតុ បន្ទាប់ពីឮសំឡេងផ្ទុះដ៏កក្រើក ទើបធ្វើឱ្យក្រុមគ្រួសារ រួមនឹងអ្នកភូមិបាននាំគ្នាផ្អើលឆោឡោ តាមទៅមើលដល់ កន្លែងលាន់ស្នូរផ្ទុះ ក៏ប្រទះឃើញជនរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាមបាត់ទៅហើយ ទើបរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកពិនិត្យតែម្តង។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារផ្ទុះគ្រាប់បេ ខណៈដែលកំពុងជម្រះស្មៅក្នុងចម្ការដំឡូងប្រាកដមែន។

សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

ជុំវិញករណីផ្ទុះគ្រាប់បេ បណ្តាលឱ្យយុវជនម្នាក់ស្លាប់ខាងលើនេះ លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ហៅកាត់ CMAC បានសរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្ទល្ទា់ខ្លួនរបស់លោកថា “ឃាតករលាក់មុខ សំណល់ពីសង្គ្រាម ជាប្រភេទគ្រាប់បេ សម្លាប់យុវជននៅខេត្តប៉ៃលិន សូមសំដែងនូវការសោកស្តាយ និងមរណៈទុក្ខចំពោះយុវជន ដែលបាត់បង់ជីវិតដោយសារសំណល់ជំលោះរវាងខ្មែរ-ខ្មែរពីអតីតកាលនេះ។

កាលពីវេលាម៉ោង១៥និង២៥នាទី ថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៩ មានករណីផ្ទុះគ្រាប់មិនទាន់ផ្ទុះ មួយកើតឡើង នៅចំណុចមាត់ស្ទឹង ស្ថិតក្នុងភូមិថ្នល់បត់ ឃុំអូរអណ្តូង ស្រុកសាលាក្រៅ។ ជនរងគ្រោះ ឈ្មោះវិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្ទឹងត្រង់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ មូលហេតុទៅធ្វើស្មៅដំឡូងកាប់ត្រូវ គ្រាប់មិនទាន់ផ្ទុះ (សល់ពីសង្គ្រាម) ប្រភេទគ្រាប់បេ បណ្តាលឱ្យផ្ទុះ ស្លាប់នៅនឹងកន្លែង កើតហេតុ។

ក្រុមជំនាញយើងខ្ញុំតែងតែជំរុញឱយការរៀបចំគោលនយោបាយថ្នាក់ជាតិ ឱ្យបានគ្រប់ជ្រុងជ្រោយ ដោយចៀសវាងដាច់ខាត ចំពោះការយល់ថា តំបន់សមភូមិ តំបន់មានគ្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ចាត់កំរិតគំរាមកំហែងសុវត្ថិភាពទាប ដោយកំណត់ថា រង់ចាំឃើញគ្រាប់មិនទាន់ផ្ទុះ ទើបហៅជំនាញទៅបោសសំអាត ទង្វើនិងការគិតបែបនេះ ជាកំហុសឆ្គងធ្ងន់ធ្ងរណាស់ ជាគោលនយោបាយសុវត្ថិភាពគ្រាប់មីននិង UXOs ត្រូវតែមានទស្សនវិស័យចាត់វិធានបង្ការ មិនមែនចាត់វិធានការកែតម្រូវនោះទេ…៕

RELATED ARTICLES