Friday, March 29, 2024
Homeព័ត៌មានជាតិវ៉ៃបង្ខំក្មេងស្រី៥នាក់ លក់ខ្លួន រួចយកលុយម្នាក់១ទៅ២មុឺនរៀល ជាប់ខ្នោះ

វ៉ៃបង្ខំក្មេងស្រី៥នាក់ លក់ខ្លួន រួចយកលុយម្នាក់១ទៅ២មុឺនរៀល ជាប់ខ្នោះ

ខេត្តសៀមរាប ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពគំរាមនិងវ៉ៃបង្ខំក្មេងស្រី ចំនួន៥នាក់ ឱ្យដើរសុំទាន ជក់ថ្នាំញៀន ពិសេសបង្ខំឱ្យទៅរួមរ័កជាមួយនឹងភ្ញៀវទេសចរណ៍ជាជនបរទេស រួចដកយកភាគរយពីលុយដែលទទួលបាន ទីបំផុត សមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យខាងលើបាន នាំយកទៅចាត់ការតាមច្បាប់។

ការចាប់ខ្លួនជនសង្ស័យខាងលើនេះ បានធ្វើឡើង កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីអំពើអូសទាញពេស្យាចារកុមារ និងករណីជ្រើសរើសដោយមិនស្របច្បាប់ សម្រាប់កេងប្រវ័ញ្ចោនៅក្នុងអំឡុងខែឧសភា ឆ្នាំ២០១៩។

ជនសង្ស័យដែលបង្ខំក្មេងស្រីឱ្យលក់ខ្លួនឱ្យជនបរទេស ដើម្បីដកយកភាគរយ រហូតត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះពេត ម៉ៅ ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ចំណែកក្មេងស្រីរងគ្រោះទាំង៥នាក់ រួមមាន ទី១-ឈ្មោះរិទ្ធ ស្រីភ័ណ្ឌ អាយុ១៥ឆ្នាំ ទី២-ឈ្មោះរិទ្ធ ស្រីពេជ្រ អាយុ១៣ឆ្នាំ (ក្មេងស្រីទាំង២ ជាបងប្អូនបង្កើតនឹងគ្នា) ទី៣-ឈ្មោះវណ្ណៈ ស្រីភ័ស្ស អាយុ១៤ឆ្នាំ ទី៤-ឈ្មោះវណ្ណៈ ស្រីភាង អាយុ១០ឆ្នាំ (ក្មេងស្រីទាំង២ ជាបងប្អូនបង្កើតនឹងគ្នា) និងទី៥-ឈ្មោះ ទូច ស្រីនិង អាយុ១៤ឆ្នាំ។

លោកជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា ជនសង្ស័យឈ្មោះពេត ម៉ៅ បានធ្វើសកម្មភាពប្រមូលក្មេងស្រីរងគ្រោះទាំង៥នាក់ខាងលើ ឱ្យដើរសុំទាននៅផ្សារចាស់ តំបន់ផាប់ស្ទ្រីត ចាប់ពីពេលល្ងាចម៉ោងប្រហែល៧យប់ រហូតដល់ម៉ោង៣ទៀបភ្លឺ ទើបហៅក្មេងស្រីទាំងអស់ទៅជួបជុំគ្នា នៅស្ពានឈើមុខសណ្ឋាគារតាព្រហ្ម ហើយតម្រូវឱ្យក្មេងទាំងអស់បង់ប្រាក់ម្នាក់១ទៅ២ម៉ឺនរៀល ក្នុង១យប់។ ក្នុងករណីដែលក្មេងទាំងអស់នោះ មិនស្តាប់បង្គាប់ ជនសង្ស័យតែងគំរាម និងវាយធ្វើបាប ព្រមទាំងបង្ខំឱ្យក្មេងជក់គ្រឿងញៀនទៀតផង។

លោកនាយការិយាល័យរូបនេះ បន្តថា ជាងនេះទៅទៀត ជនសង្ស័យខាងលើនៅបានបង្ខំឱ្យក្មេងស្រីទាំង៥នាក់ ដេក (រួមរ័ក) ជាមួយនឹងភ្ញៀវបរទេសទៀតផង ពោលគឺបើមានភ្ញៀវបរទេសណាត្រូវការ យកក្មេងស្រីទៅដេកជាមួយ ឈ្មោះពេត ម៉ៅ ជាអ្នកជំរុញឱ្យទៅជាមួយជនបរទេស ហើយបកប្រែភាសាឱ្យក្មេងៗ រួចដកយកភាគរយ ដែលជនបរទេសឱ្យលុយទៅក្មេងៗថែមទៀត។

លោកបន្តទៀតថា ក្នុងករណីនេះ ជនសង្ស័យដែលមានឈ្មោះខាងលើនេះ ត្រូវបានឃាត់ខ្លួនតាមបញ្ជាលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧និង២០នាទី ហើយបន្តរៀបចំនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES