Wednesday, April 24, 2024
Homeព័ត៌មានជាតិស្ត្រីមេម៉ាយកូន២ ចងកសម្លាប់ខ្លួន បន្សល់បណ្តាំជូនពរប្តី ជួបមនុស្សស្រលាញ់ច្រើន

ស្ត្រីមេម៉ាយកូន២ ចងកសម្លាប់ខ្លួន បន្សល់បណ្តាំជូនពរប្តី ជួបមនុស្សស្រលាញ់ច្រើន

ភ្នំពេញ ៖ ស្ត្រីមេម៉ាយកូន២ ជាអ្នកប្រកបរបរលក់ស្រាថ្នាំម្នាក់ បានទាក់ទងស្នេហាជាមួយនឹងបុរសម្នាក់ ប៉ុន្តែត្រូវសាច់ញាតិបងប្អូនព្យាយាមជំទាស់ រារាំងមិនឱ្យយកបុរសម្នាក់នោះ ជាប្តីក្រោយឡើយ តែដោយសារចិត្តស្រលាញ់ប្តូរផ្តាច់ខ្លាំងពេក និងមិនត្រូវដោះស្រាយយ៉ាងណា ម្ខាងជាគ្រួសារម្ខាងជាបុរសជាទីស្រលាញ់ ទីបំផុតស្ត្រីមេម៉ាយរូបនេះ ដាច់ចិត្តគិតខ្លីចងកសម្លាប់ខ្លួន ដើម្បីដោះស្រាយបញ្ហាមួយនេះ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង៥និង១០នាទីល្ងាច ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ផ្ទះជួលជាន់ទី២ បន្ទប់លេខ៦ ស្ថិតក្នុងភូមិតាងួន សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។

សាកសពស្ត្រីរងគ្រោះខាងលើ មានឈ្មោះ កែវ វាសនា ហៅគ្រឹះស្នា អាយុ៣៣ឆ្នាំ មុខរបរលក់ស្រាថ្នាំ ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើ និងមានស្រុកកំណើតនៅខេត្តតាកែវ។ ចំណែកបុរសជាប្តីក្រោយ មានឈ្មោះមឿន រ៉ាវី អាយុ៣៣ឆ្នាំ មុខរបរមេជាងសំណង់ ស្នាក់នៅផ្ទះជួលជាមួយគ្នា និងមានស្រុកកំណើតនៅស្រុកកំចាយមារ ខេត្តព្រៃវែង។

តាមសម្តីបុរសជាប្តីក្រោយ របស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា រូបគាត់និងជនរងគ្រោះបានស្គាល់គ្នាជាង៥ខែមកហើយ ដោយជនរងគ្រោះគឺជាស្ត្រីមេម៉ាយ មានកូនប្រុសស្រី២នាក់ និងបានរស់នៅជាមួយគ្នាទាំងមិនទាន់រៀបការ តែពួកគាត់ពិតជាស្រឡាញ់គ្នាខ្លាំងណាស់ ប៉ុន្តែយ៉ាងណាក្តី សាច់ញាតិ បងប្អូនខាងជនរងគ្រោះ បានរារាំងមិនឱ្យពួកគាត់រៀបការជាមួយគ្នាទេ ទើបប្រពន្ធរបស់គាត់នេះ គិតខ្លីតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅជំនាញខាងកោសល្យវិច័យ ឱ្យមកពិនិត្យសពជនរងគ្រោះ រួចបញ្ជាក់ថា ស្ត្រីរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាត ចងកសម្លាប់ខ្លួនឯងប្រាកដមែន។

ដោយឡែក នៅកន្លែងកើតហេតុ សមត្ថកិច្ចបានរកឃើញលិខិត១ច្បាប់ ដែលស្ត្រីរងគ្រោះបានបន្សល់ទុក មុនពេលចងកសម្លាប់ខ្លួន ដែលសំបុត្រនោះមានខ្លឹមសារថា “បងវី ឱ្យខ្ញុំសុំទោសផង ដែលធ្វើខុសចំពោះបងរហូតមក សូមជូនពរដល់បងជួបមនុស្សស្រីដែលល្អជាងខ្ញុំ កុំខុសដូចខ្ញុំទៀត ជូនពរដល់បងជួបមនុស្សស្រលាញ់ច្រើន នៅក្នុងសង្គម ទទួលស្គាល់ពីគ្រឹះស្នា លក់ស្រាថ្នាំ…”។

បច្ចុប្បន្ន សពជនរងគ្រោះខាងលើត្រូវបានរថយន្តសាមុយដឹកយកទៅតម្កល់ទុកនៅវត្តតាំងក្រសាំងខាងត្បូង រង់ចាំបងប្អូនមក និងប្រគល់ឱ្យយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES