Thursday, March 28, 2024
Homeព័ត៌មានជាតិឪវ៉ៃកូនស្រីចងដៃផ្អោបសសរផ្ទះ ប៉ូលិសបំភ្លឺរឿងដោះលែង

ឪវ៉ៃកូនស្រីចងដៃផ្អោបសសរផ្ទះ ប៉ូលិសបំភ្លឺរឿងដោះលែង

ខេត្តត្បូងឃ្មុំ ៖ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការបំភ្លឺជុំវិញករណីអំពើហិង្សាក្នុងគ្រួសារ ដែលបានកើតឡើងកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅភូមិពោធិព្រឹក្សកើត ឃុំដូនតី ស្រុកពញ្ញាក្រែក ដោយបុរសជាឪពុកបង្កើតម្នាក់បានចាប់ចងកូនស្រីផ្អោបទៅនឹងសសរផ្ទះ ហើយមានក្រម៉ាជាប់នឹងកកូន វាយធ្វើបាបកូនស្រីរបស់ខ្លួនយ៉ាងចាស់ដៃ តែក្រោយមក បែរជាត្រូវប៉ូលិសដោះលែងបុរស ជាឪពុក ឱ្យមានសេរីភាពវិញ។

សេចក្តីបំភ្លឺរបស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានណែនាំឱ្យផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដែលដឹកនាំដោយលោកស្រីវរសេនីយ៍ឯក ហៃ ឡាលីន ជាស្នងការរងសហការជាមួយលោកអ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការ IKARE ចុះនាំក្មេងស្រីរងគ្រោះ មកធ្វើការសាកសួរនៅអធិកាដ្ឋាននគរបាលស្រុកពញាក្រែក និងធ្វើការពិនិត្យស្លាកស្នាមដោយផ្ទាល់ឃើញថា ពុំមានស្នាមរបួសធ្ងន់ធ្ងរ ដូចការចោទប្រកាន់របស់បណ្តាញសង្គមមួយចំនួននោះទេ ករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្ត ជាមួយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចាត់ការតាមនីតិវិធីរួចរាល់ហើយ។

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមធ្វើការបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា នៅពេលថ្មីៗនេះ មានបណ្តាញសង្គមមួយចំនួនចុះផ្សាយថា ឪពុកវាយធ្វើបាបកូនត្រូវបានអ្នកជិតខាងជួយសង្គ្រោះ តែក្រោយមកត្រូវបានប៉ូលីស ធ្វើការដោះលែងឪពុកនោះឱ្យមានសេរីភាពវិញ បន្ទាប់ពីធ្វើកិច្ចសន្យាត្រឹមត្រូវ ជាមួយសមត្ថកិច្ចនគរបាលថា ឈប់ប្រព្រឹត្តវាយធ្វើបាបកូន និងក្រុមគ្រួសារ ហើយបើមានករណីលើកក្រោយទៀតនោះ នឹងត្រូវទទួលទោសចំពោះមុខច្បាប់។

តាមប្រភពព័ត៌មានបានឱ្យដឹងថា បុរសជាឪពុករូបនោះ មានឈ្មោះញឹក ពឿន អាយុ៥២ឆ្នាំ ចំណែកកូនស្រីឈ្មោះចន សុខណា អាយុ១០ឆ្នាំ។ ឪពុកម្នាក់នេះ មិនមែនទើបតែប្រើអំពើហិង្សាដាក់កូនៗរបស់ខ្លួនម្តងនេះទេ គឺច្រើនដងមកហើយ ប្រើអំពើហិង្សាដាក់កូនរបស់ខ្លួន រហូតដល់មានរបួសស្នាមថែមទៀត ហើយលើសពីនេះទៅទៀត គឺធ្លាប់ប្រើអំពើហិង្សាវាយប្រពន្ធ ។

ប្រភពដដែលបន្តថា ឪពុកម្តាយកុមារនេះបានធ្វើចំណាកស្រុកទៅនៅភូមិភាគឥសាន្ត ហើយបានទុកកូនទាំង២ ឱ្យនៅជាមួយម្តាយរបស់ខ្លួនសិន។ ពេលមានរឿងនេះ ឪពុកបានមកយកកូនគាត់ពីទីកំណើតនេះ ទៅនៅជាមួយវិញ ក្រោយពីសម្រាកបាន១យប់ មុនចេញដំណើរក្មេងនេះបានគេចទៅពួនផ្ទះគេ (មូលហេតុមិនចង់ទៅជាមួយឪពុកម្តាយ។

បន្ទាប់ពីរកឃើញមក គាត់បានវាយបន្តិចបន្តួច តែក្មេងនៅតែមានបំណងរត់គេចអីចឹង ពេលរៀបខោអាវបណ្តើរ គាត់ក៏ចងកូននេះ តែក្មេងនៅតែរើបម្រាស់មិនឈប់ ទើបឪពុកវាយបន្តិចបន្តួច មិនមានរបួសស្នាមធ្ងន់ធ្ងរឡើយ។ ឃើញសភាពបែបនេះ ជីដូនបង្កើតក៏បានទៅអន្តរាគមន៍ ឱ្យទុកនៅជាមួយគាត់វិញសិន ចាំគាត់លួងលោមពេលក្រោយចាំទៅ៕

RELATED ARTICLES