Saturday, April 20, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ១០ឆ្នាំ ជោគជ័យទាំងចម្រៀង និងស្នេហា

ឱក សុគន្ធកញ្ញា ១០ឆ្នាំ ជោគជ័យទាំងចម្រៀង និងស្នេហា

ការឈរជើងនៅផលិតកម្មរស្មីហង្សមាស រយៈពេលជិត10ឆ្នាំនេះ ទីបំផុត ឱក សុគន្ធកញ្ញា បានបំបែកឯតទគ្គកម្មក្លាយទៅជាតារាស្រីដំបូងគេ ដែលជោគជ័យទាំងអាជីពចម្រៀង និងស្នេហា ពិសេស គឺការក្លាយទៅជាប្អូនថ្លៃថៅកែហង្សមាស បន្ទាប់ពីនាងបានដឹកដៃលោកអ៊ឹង សុខលី រៀបការផ្អើលពេញផ្ទៃប្រទេស កាលពីថ្ងៃទី16 ខែឧសភា ឆ្នាំ2019។

មិនមានតារាស្រីណាម្នាក់ផ្សេងទៀត ក្រៅពីសុគន្ធកញ្ញា ដែលត្រូវបានភ្ជាប់សាច់ឈាមជាមួយក្រុមគ្រួសាររបស់ថៅកែក្រុមហ៊ុនហង្សមាស ដែលមានលោកឧកញ៉ាអ៊ឹង ឆៃងួន ជាម្ចាស់ឡើយ ហេតុនេះហើយបានជាតារាជាច្រើនបានចាត់ទុកថា សុគន្ធកញ្ញា ជាតារាដែលមាន “សំណាង”។

ការឱ្យតម្លៃអតីតតារាចម្រៀងរបស់ផលិតកម្មរស្មីស្ទឹងសង្កែ, U2, សាន់ដេ និង Rock សុគន្ធកញ្ញា បែបនេះ ដោយសារតែគ្រប់គ្នាយល់ថា ពេលដែលសុគន្ធកញ្ញា ក្លាយទៅជាប្អូនថ្លៃលោកថៅកែហង្សមាស ហើយនាងកាន់តែមានអំណាច និងឥទ្ធិពលខ្លាំងថែមទៀតនៅហង្សមាស ព្រោះមិនមានតារាស្រីណាម្នាក់ហ៊ានច្រណែន ឬប៉ះនាងឡើយ ទោះជាបទចម្រៀងល្បីៗទាំងអស់ ហង្សមាស ទម្លាក់ឱ្យសុគន្ធកញ្ញា ច្រៀងតែម្នាក់ឯង ក៏គ្មានតារានៅហង្សមាស ណាម្នាក់ហ៊ានក្អកឡើយ។

ចំណែកស្វាមីរបស់សុគន្ធកញ្ញា លោកអ៊ឹង សុខលី ដែលជាអ្នកគ្រប់គ្រងទូរទស្សន៍ហង្សមាស វិញ មុនថ្ងៃរៀបអាពាហ៍ពិពាហ៍បានផ្តល់តំណែងធំ ដល់ទៅ4ផ្សេងគ្នា ឱ្យសុគន្ធកញ្ញា កាន់កាប់ដែលនៅក្រោមការគ្រប់គ្រងរបស់លោកផ្ទាល់ ហើយតំណែងទាំងនោះ ក្រៅពីសុគន្ធកញ្ញា គ្មានតារាណាអាចត្រូវបានហង្សមាស ផ្តល់ទំនុកចិត្តខ្ពស់បែបនេះឡើយ។ តំណែងដែលស្វាមីសុគន្ធកញ្ញា ផ្តល់ឱ្យនាងហើយមិនងាយនឹងតារាណាអាចមកជំនួសបាននោះ គឺធ្វើជាគ្រូបង្វឹក និងគណៈកម្មការ The Voice Cambodia, The Voice Kids Cambodia, Cambodian idol និង X Factor Cambodia។

ការបង្ហាញខ្លួនទាំង4កម្មវិធីផ្សេងគ្នានេះ មានន័យថា សុគន្ធកញ្ញា ទោះជាមិនសូវមានបទផ្ទុះច្រៀងដូចមុន ក្រោយរៀបការនេះ ក៏នាងនៅតែល្បីល្បាញដដែល ខណៈដែលតារាផ្សេងទៀតជ្រកកោននៅហង្សមាស ដែរ ក្រៅពីនាងទោះជាមានសមត្ថភាពប្រហាក់ប្រហែលសុគន្ធកញ្ញា ក៏ដោយ ប៉ុន្តែការកាន់តំណែងបានតែមួយ ត្រូវប្រឈមការបាត់បង់តំណែងទៀតផង ជាក់ស្តែង ដូចជា សុគន្ធ និសា និង ពេជ្រ សោភា  ជាឧទាហរណ៍ស្រាប់។

កាលពីថ្មីៗនេះ សុគន្ធកញ្ញា នាងទើបបណ្តើរប្តីមេកពីក្រេបចន្ទទឹកឃ្មុំ (Honey Moon) ដល់ទៅ7ប្រទេស គឺបារាំង, ប៊ែលហ្សិក, ហូឡង់, អូទ្រីស, អូស្ត្រាលី, អ៊ីតាលី និងអាល្លឺម៉ង់ ដែលបញ្ជាក់ថា តារាល្បីរូបនេះនឹងស្វាមីស្រលាញ់គ្នាស្ទើរលេប៕

RELATED ARTICLES