ខេមរៈ សិរីមន្ត ចុះខ្សោយ ព្រោះរឿងប្រពន្ធកូន?

0
569

ខេមរៈ សិរីមន្ត ត្រូវបានមហាជនជាច្រើនលើកឡើងថា ហាក់មានភាពចុះខ្សោយជាងមុន ព្រោះបទចម្រៀងរបស់លោកមិនសូវត្រូវបានគេយកទៅច្រៀងនៅតាមបណ្តាបៀរហ្គារដិនដូចមុនទេ។ ប៉ុន្តែសិរីមន្ត បានប្រឆាំងទៅនឹងការលើកឡើងបែបនេះ ដោយចាត់ទុកថា នោះគ្រាន់តែជាអារម្មណ៍របស់អ្នកគិតដែលមិនមែនជាអ្នកគាំទ្រលោកប៉ុណ្ណោះ។

ទោះជាយ៉ាងណា គេកត់សម្គាល់ឃើញថា ​សន្ទុះគាំទ្ររបស់ខេមរៈ​សិរីមន្ត ហាក់ត្រូវបានកាត់បន្ថយនៅពេលដែលសិរីមន្ត ធ្លាប់កុហកអ្នកកាសែត រួមទាំងមហាជនរយៈពេល៩ឆ្នាំមកហើយថា គ្មានប្រពន្ធកូន ប៉ុន្តែនៅពេលលាក់លែងជិត បែរជាសារភាពមានប្រពន្ធនិងកូនដល់ទៅ៣នាក់ទៅវិញ…។

ខេមរៈ សិរីមន្តដែលបានឆ្លងឆ្លើយតាមទូរស័ព្ទជាមួយអ្នកយកព័ត៌មានយើងកាលពីពេលថ្មីៗនេះបានច្រានចោលយ៉ាងដាច់ខាតនៅពេលដែលអ្នកយកព័ត៌មានយើងលើកឡើងថា ទស្សនិកជនភាគច្រើនបានចាត់ទុកថា តាំងពីសិរីមន្ត ចូលហង្សមាសមកពេលនេះនៅមិនទាន់មានការគាំទ្រយ៉ាងខ្លាំងក្លាដូចកាលនៅសាន់ដេនោះ ដោយលោកសិរីមន្តបានសួរថាតើអ្នកណាជាអ្នកនិយាយបែបនេះ ហើយលោកចាត់ទុកថាការលើកឡើងអ៊ីចឹង គឺនៅលើអារម្មណ៍របស់មនុស្សដែលមិនមែនជាអ្នកគាំទ្ររបស់លោកប៉ុណ្ណោះ។

សិរីមន្ត បានលើកហេតុផលថា មិនអាចប្រៀបធៀបបទចម្រៀងរបស់លោកនៅសាន់ដេ និងនៅជាមួយហង្សមាស បានជាដាច់ខាត ព្រោះការលើកឡើងបែបនេះគឺដូចយកកូនក្មេងទៅប្រៀបជាមួយមនុស្សចាស់អ៊ីចឹង ព្រោះបើបទចម្រៀងរបស់លោកនៅសាន់ដេ មាន១០០០បទ ពេលនេះបទចម្រៀងរបស់លោកនៅហង្សមាស មានតែ៥ទៅ៦បទប៉ុណ្ណោះ។

សិរីមន្ត បានបញ្ជាក់ថា លោកមានគោលការណ៍ច្បាស់លាស់ណាស់ដែលបានកំណត់ទុកមុនរួចជាស្រេចទៅហើយ គឺធ្វើតាមដំណាក់កាល និងពេលវេលា ហើយបើដើរខុសពីគោលការណ៍ដែលបានកំណត់នោះ គឺលោកមិនធ្វើជាដាច់ខាត។

តាមរយៈការអះអាងរបស់ខេមរៈ សិរីមន្ត បែបនេះបញ្ជាក់ថា លោកមានទីប្រឹក្សាពិសេសនៅក្រោយខ្នង ជាអ្នករៀបចំផ្លូវឱ្យតារាហង្សមាស រូបនេះ ត្រូវធ្វើយ៉ាងណា អំឡុងពេលដែលចូលហង្សមាស នេះ ដើម្បីឱ្យក្លាយជាកំពូលតារាចម្រៀងដែលគ្មានគេប្រជែងបាន។

យ៉ាងណា គេមិនដឹងថា ទីប្រឹក្សាររបស់ខេមរៈ សិរីមន្ត ជាអ្នកណាឡើយ ប៉ុន្តែនៅក្នុងចង្កោមអ្នកសិល្បៈ គេយល់ថា គ្មានអ្នកណាក្រៅពីបងប្រុសរបស់ខេមរៈ សិរីមន្ត គឺលោកខេមរៈ ភារុណ ឡើយ ដែលជាអ្នករៀបចំផ្លូវឱ្យសិរីមន្ត ដើរតាមរយៈការកំណត់លើទឹកដៃរបស់លោកក្នុងការសរសេរបទចម្រៀង ព្រោះមហាជនយល់ថា តារាចម្រៀងដែលអាចច្រៀងស្ទីលដូចសិរីមន្ត មានច្រើនណាស់ តែពួកគេគ្មានអ្នកនិពន្ធជួយឱ្យល្បីដូចសិរីមន្ត មានលោកភារុណ ឡើយ។

ដោយឡែក ការសង្ស័យថាខេមរៈ សិរីមន្ត មានទីប្រឹក្សាពិសេសនៅពេលនេះ ស្របពេលដែលកន្លងមកធ្លាប់លេចឮថា កំពូលតារាចម្រៀងព្រាប សុវត្ថិ ក៏ធ្លាប់មានទីប្រឹក្សាផ្ទាល់ខ្លួនដែរ ដូចជាលោកទៅចូលរួមកម្មវិធីណាមួយ ការស្លៀកពាក់ , លេងម៉ូដសក់ , ក្រវិល , ស្បែកជើង , នាឡិកា , ក្រវាត់ក ជាដើម គឺមានគេប្រាប់ទាំងអស់ ដើម្បីឱ្យលោកតែងខ្លួនទៅ ស៊ីនឹងបណ្តាកម្មវិធីទាំងនោះ។

ខេមរៈ សិរីមន្ត ដែលច្រានចោលចំពោះមតិមួយចំនួនថា លោកចុះខ្សោយជាងមុននេះ គឺត្រូវបានអ្នកសារព័ត៌មានជាច្រើនបានលើកឡើងថា ដោយសារសិរីមន្ត ធ្លាប់កុហកអ្នកកាសែតនិងទស្សនិកជនជិត១០ឆ្នាំមកហើយ គឺទើបតែទទួលស្គាល់នៅឆ្នាំ២០១៨ ដោយសារភាពថា រូបគេមានប្រពន្ធនិងកូនដល់ទៅ៣នាក់ អ៊ីចឹងរឿងនេះ ក៏ធ្វើឱ្យមហាជន មួយចំនួន ពិបាកទទួលយកដែរ។

ប៉ុន្តែយ៉ាងណា សិរីមន្ត បានបញ្ជាក់រួចហើយថា រូបគេដើរលើសិល្បៈគឺមានជំហាននិងដំណាក់កាលត្រូវធ្វើ ហេតុនេះហើយការសារភាពរឿងមានប្រពន្ធកូនកាលពីឆ្នាំមុននេះ គេជឿថា នោះក៏ជាដំណាក់កាលដែលសិរីមន្ត លាក់លែងបានតទៅទៀតដែរ។

អ្នកធ្វើភ្លេងល្បីឈ្មោះម្នាក់នៅហង្សមាស សុំមិនបញ្ចោញឈ្មោះ ដែលអ្នកយកព័ត៌មានបានទូរស័ព្ទទៅកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានឱ្យដឹងថា មូលហេតុដែលសិរីមន្ត មិនទាន់ធ្វើឱ្យទីផ្សារចម្រៀងកក្រើនៅពេលនេះដោយសារតែរូបគេអាក់ខានចេញច្រៀងសម្តែងនៅថ្ងៃចូលឆ្នាំខ្មែរ កន្លងមក មិនមែនដោយសាររឿងប្រពន្ធកូនទេ។

គ្រូភ្លេងរូបនោះ បញ្ជាក់ថា “បទចម្រៀង និងការសម្តែងចូលឆ្នាំខ្មែរ កាលពីខែមេសា ហ្នុង សំខាន់ណាស់ ព្រោះបើគេមានបទល្បីៗ គឺអាចជះចំហាយមកដល់ពេលនេះបាន ប៉ុន្តែគាត់ជាប់កាន់ទុក្ខរឿងប្អូនស្រីគាត់ទទួលមរណភាព មិនអាចច្រៀងបានអ៊ីចឹងរឿងហ្នឹងក៏ប៉ះពាល់ដល់ការស្ងប់ស្ងាត់របស់គាត់នៅពេលនេះដែរ។ ចំពោះរឿងមានប្រពន្ធកូនវិញ ខ្ញុំគិតថា មិនអីទេ សម័យនេះទៅហើយ មើលតែបងព្រាប សុវត្ថិ ទៅដឹងហើយ គាត់ច្រៀងរាំជាមួយកូនៗនៅតែល្បីតើ! កុំឱ្យតែយើងទៅយកប្រពន្ធគេ សង្សារគេអី អាហ្នុងបានវាប៉ះពាល់”។

ថ្វីត្បិតតែសិរីមន្ត ថា លោករកមើលមិនឃើញថា អ្នកណាជាអ្នកនិយាយថា លោកចុះខ្សោយជាងមុនមែន ប៉ុន្តែអតីតតារាចម្រៀងផលិតកម្មហង្សមាស លោកនូ ស៊ិប និយាយថា ពេលនេះ សិរីមន្ត មិនទាន់ល្បីដូចកាលនៅសាន់ដេ ទេ ហើយលោកចាត់ទុកថា សិរីមន្ត ចូលហង្សមាស គឺជារឿង “នយោបាយ” ទៅវិញ។

ចំណែកលោកម៉ិញ សុធីវណ្ណ តន្ត្រីករជើងចាស់ បញ្ជាក់ថា ហង្សមាស មិនដែលឱ្យតម្លៃតារាមកពីខាងក្រៅជាងតារាគេទេ ព្រោះគេចង់បង្ហាញថា ផលិតកម្មគេបើគ្មានតារាចូលមកពីខាងក្រៅ ក៏គេនៅតែដំណើរការបានដែរ។ ចំពោះខេមរៈ សិរីមន្ត និងព្រាប សុវត្ថិ វិញ ២នាក់ហ្នឹង មួយណាចេញបទចម្រៀងបានច្រើនជាង គឺជាអ្នក “ឈ្នះ”ហើយ៕