ឈ្លោះគ្នាប្តីប្រពន្ធពូសោះ… ចៅហ្វាយខេត្តហួសចិត្ត

0
200

ខេត្តបាត់ដំបង ៖ បុរសម្នាក់គ្រាន់តែខឹងនឹងប្រពន្ធស្តីបន្ទោសតិចតួច បែរជាមួម៉ៅក្តៅចិត្តចាក់សាំងដុតម៉ូតូកញ្ចាស់របស់ខ្លួន១គ្រឿង បណ្តាលឱ្យឆេះហ្មត់គ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចមុខស្ពានថ្មចាស់ត្រើយខាងលិចទល់មុខ សាលាខេត្តបាត់ដំបង ស្ថិតក្នុងសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

បុរសដែលដុតបំផ្លាញម៉ូតូខ្លួនឯងខាងលើនេះ មានឈ្មោះសៅ សាន ហៅអាម៉ៅ មុខរបរដើររើសអេតចាយ និងសុំលុយគេនៅតាមសួននាគបាញ់ទឹកនៅពេលយប់ដែលមានភ្ញៀវចូលមកញ៉ាំចំណីអាហារម្តងៗ សព្វថ្ងៃរស់នៅក្រុមទី០៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុ បាត់ដំបង។

លោកឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា ករណីភ្ញាក់ផ្ញើលខាងលើនេះ​លោកបានទទួលព័ត៌មានពីកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ោ ភ្លាម លោកក៏បានបញ្ជាឱ្យចាប់ជនបង្កមកអធិការដ្ធាននគរបាលក្រុងភ្លាមៗ នៅចន្លោះម៉ោង១០និង១៥នាទី ដើម្បីយកមកសាកសួរតែម្តង។

ប្រភពពីមន្ត្រីនគរបាលជំនាញក្រុងបាត់ដំបង បានបញ្ជាក់ឱ្យដឹងបន្ថែមថា ជនបង្កខាងលើបានដុតបំផ្លាញម៉ូតូរបស់ខ្លួនឯងម៉ាកវីវ៉ាកញ្ចាស់ ពណ៌ខ្មៅ សេរីឆ្នាំ២០១០ គ្មានស្លាកលេខ មូលហេតុដែលនាំជនបង្កឈានដល់ការដុតម៉ូតូខ្លួនឯងនេះដែរ ដោយសារតែបុរសរូបនោះបានខឹងនឹងរឿងប្រពន្ធស្តីបន្ទោស ទើបទៅទិញស្រាយកមកផឹកអស់កន្លះលីត្រ រួចក៏ជិះទៅដល់មុខសាលាខេត្ត ជននេះក៏បានយកដែកកេះមកកេះដុតម៉ូតូបណ្តាលឱ្យឆេះតែម្តងទៅ។

សមត្ថកិច្ចមូលដ្ធានបានបញ្ជាក់ទៀតថា ជនបង្កខាងលើនេះជាមនុស្សដែលធ្លាប់ប្រើប្រាស់គ្រឿងញៀនប្រភេទម៉ាទឹកកក រយៈពេល៣ឆ្នាំមកហើយ។

បច្ចុប្បន្នជនបង្កខាងលើត្រូវបានកម្លាំងនៃអធិការដ្ធាននគរបាលក្រុងបាត់ដំបង កំពុង សាកសួរនិងចាត់ការបន្តទៅតាមនីតិវិធី។ រីឯម៉ូតូដែលជនបង្កដុតចោលនោះ ត្រូវកម្លាំងសមត្ថកិច្ចអូសយកទៅរក្សាទុកជាបណ្តោះអាសន្ន៕