ប្រាប់នាងតែមួយម៉ាត់ទៅ… ឃើញទេនាងម៉េចនឹងសុខចិត្តនឹងទង្វើពូ

0
124

ភ្នំពេញ ៖ បុរសជាកម្មករសំណង់២នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ក៏បបួលគ្នាចូលទៅរកសេវាម៉ាស្សាសម្រួលសរសៃតូចធំ ក្រែងបានស្វាង ស្អែកឡើងមានកម្លាំងធ្វើការងារសំណង់ទៀត ដឹងអី! ពេលចូលទៅម៉ាស្សា ព្រោះតែខឹងនឹងនាងៗម៉ាស្សាមិនចំសរសៃ ក៏រករឿងឈ្លោះប្រកែកផ្ទុះជាជម្លោះទាញដុំថ្មគប់ ស្លាកម៉ាស្សា រួចលើកស្លាកគប់ចូលក្នុង បណ្តាលឱ្យត្រូវនារីបម្រើការក្នុងហាងម៉ាស្សាម្នាក់ជាំចង្កេះ ទើបកើតជាការប្តឹងផ្តល់ឱ្យសមត្ថកិច្ចចុះមកអន្តរាគមន៍។

ហេតុការណ៍ស្រីម៉ាស្សាមិនចំសរសៃ ធ្វើឱ្យប្រុសផ្ទុះកំហឹងរករឿងបង្កហិង្សាផ្អើលហាងម៉ាស្សានេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងហាងកោសជប់ យីហោ ៤៤៤៤ តាមផ្លូវ២៧១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

បុរសទាំង២នាក់ ដែលអុកឡុកហាងម៉ាស្សា រហូតសមត្ថកិច្ចចុះឃាត់ខ្លួន រួមមាន ទី១- ឈ្មោះហៀន ភារម្យ អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការក្នុងភូមិធំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងទី២-ឈ្មោះសឿង សារឿន អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅកន្លែងធ្វើការក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និងមានស្រុកកំណើតនៅភូមិត្រាំសសរ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសទាំង២នាក់ខាងលើចប់ម៉ោងធ្វើការសំណង់ ក៏នាំគ្នាទៅផឹកស៊ីរហូតដល់ស្រវឹង ក៏បបួលគ្នាចូលរកសេវាម៉ាស្សានៅក្នុងហាងកោសជប់ម៉ាស្សាខាងលើ ដើម្បីសម្រួលសរសៃ។ បន្ទាប់ពីម៉ាស្សាកោសជប់ចប់សព្វគ្រប់ គិតលុយរួចហើយ ក៏ស្រាប់តែបុរសម្នាក់ក្នុងចំណោមនោះ រអ៊ូរទាំរឿងនាងៗម៉ាស្សា ម៉ាស្សាអត់ចំសរសៃ ទើបធ្វើឱ្យកើតជាទំនាស់ពាក្យសម្តីគ្នាជាមួយនឹងនារីៗបម្រើការនៅក្នុងហាងកោសជប់ខាងលើនោះ រហូតធ្វើឱ្យបុរសទាំង២នាក់ដែលកំពុងស្រវឹងធ្លាក់ភ្នែកផង កើតចិត្តខឹងសម្បាយ៉ាងខ្លាំង ក៏ស្ទុះទៅរើសដុំថ្មវាយបំផ្លាញស្លាកយីហោ រួចបានលើកស្លាកយីហោគប់ចូលក្នុងផ្ទះកោសជប់ បណ្តាលឱ្យត្រូវចំនារីបម្រើការម្នាក់រងរបួសត្រង់ចង្កេះខាងស្តាំតិចតួចផងដែរ។

នៅអំឡុងពេលកើតហេតុ គាប់ជួនមានកម្លាំងល្បាតរបស់សមត្ថកិច្ចខណ្ឌមានជ័យ បានធ្វើការល្បាតឆ្លងកាត់នោះប្រទះឃើញហេតុការណ៍ ក៏ធ្វើការឃាត់សួរនាំ តែបុរសម្នាក់ក្នុងចំណោមគ្នីគ្នា២នាក់ មិនព្រមស្តាប់សមត្ថកិច្ចថែមទៀតផង ទើបសមត្ថកិច្ចចាត់វិធានការក្តៅ ឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ តែម្តង ។

ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ចធ្វើការសាកសួររួចមក បុរសទាំង២នាក់ខាងលើបានដឹងកំហុស ចំណែកម្ចាស់ហាងមិនបានរករឿងអ្វីនោះទេ ទើបសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំ រួចហើយក៏បានឱ្យបុរសទាំង២នាក់ត្រឡប់ទៅផ្ទះវិញ៕