ប្រុសស្រី២នាក់ ជួបរឿងនេះក្នុងថ្ងៃតែមួយ… ហាក់ដូចណាត់គ្នាអ៊ីចឹង

0
222

ខេត្តសៀមរាប ៖ បុរសស្ត្រី២នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តរឿងអ្វី ក៏ស្រាប់តែសម្រេចចិត្តគិតខ្លីបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ក្នុងថ្ងៃតែមួយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅក្នុងក្រុងសៀមរាបជាមួយគ្នា។

ករណីទី១-បានកើតឡើងកាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយស្ត្រីរងគ្រោះឈ្មោះហឿន សាវន អាយុ៥០ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងសេះ ឃុំនគរធំ ក្រុងសៀមរាប សព្វថ្ងៃស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ បានសម្រេចចិត្តចងកសម្លាប់ខ្លួននៅក្នុងបន្ទប់ទឹកផ្ទះរបស់ខ្លួន ដោយយកអាវពណ៌ខ្មៅមកចងក ជាប់នឹងប្រហោងឥដ្ឋខ្យល់កម្ពស់ប្រហែល១,៣០ម៉ែត្រ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ ពុំមានស្នាកស្នាមអ្វីពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។ ហើយបើតាមការបញ្ជាក់ពីក្រុមគ្រួសារស្ត្រីរងគ្រោះ មូលហេតុដែលនាំឱ្យស្ត្រីរងគ្រោះគិតខ្លីបែបនេះ គឺបណ្តាលមកពីជម្ងឺប្រចាំកាយ។

ចំណែកករណីទី២-បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្រុមទី២ ភូមិវិហាចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយបុរសម្នាក់ឈ្មោះកាយ គឿយ អាយុ៣៤ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិសង្កាត់កើតហេតុខាងលើ បានសម្រេចចិត្តចងកបញ្ចប់ជីវិតដោយចងកជាប់នឹងពិតានផ្ទះរបស់ខ្លួន បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចបានឱ្យដឹងថា តាមការពិនិត្យរបស់ជំនាញលើខ្លួនសពផ្នែកក្បាល ពុំមានស្លាកស្នាមឡើយ ផ្នែកក មានស្នាមរឹតក ប្រវែង២៥សង់ទីម៉ែត្រ ផ្នែកដងខ្លួនពុំមានស្លាកស្នាមអ្វីឡើយ ផ្នែកអវៈយវៈពុំមានស្នាកស្នាមអ្វីដែរ។

យោងតាមការសាកសួរពីប្រពន្ធជនរងគ្រោះ រួមនិងអ្នកនៅជិតខាង បានឱ្យដឹងថា ជនរងគ្រោះមានជម្ងឺសរសៃប្រាសាទ ដើរតែផឹក ហើយកាលពីពេលកន្លងទៅជនរងគ្រោះក៏ធ្លាប់បានប៉ុនប៉ងសម្លាប់ខ្លួន២ដងរួចមកហើយ តែមិនបានសម្រេច។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច និងគ្រូពេទ្យជំនាញឃើញថា សពស្លាប់ដោយសារចងកធ្វើអតឃាតប្រាកដមែន។

សាកសពជនរងគ្រោះទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕