មួយក្បាច់នេះគ្រប់ទឹកតែម្តង… ប៉ុន្តែសមត្ថកិច្ចក៏មិនបន្ធូរដៃដែរ

0
148

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថ អនុវត្តអនុវត្តន៍តាមដីការបស់តុលាការ ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគាស់ទូដែកយកលុយអស់ជាច្រើនមុឺនដុល្លារ រួចបានរត់គេចខ្លួនទៅកាន់ប្រទេសថៃ ទើបសមត្ថកិច្ចខេត្តបន្ទាយមានជ័យ សហការជាមួយសមត្ថកិច្ចប្រទេសថៃ ចាប់ខ្លួនមកផ្តន្ទាទោស។

ហេតុការណ៍គាស់ទូដែកយកលុយនេះបានកើតឡើងកាលពីថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិគីឡូត៍ម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះតែម វាសនា ហៅទិត ភេទ ប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅស្ថិតនៅភូមិថ្មី ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ (បច្ចុប្បន្នស្នាក់នៅក្នុងប្រទេសថៃ)។ លុយដែលជនសង្ស័យលួចយកទៅរួមមាន ប្រាក់ដុល្លារប្រហែល២០០.០០០ដុល្លារ និងប្រាក់បាតចំនួន៥០០.០០០បាត ។

បើតាមលោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការយុត្តិធម៌បានឲ្យដឹងថា ក្រោយពីទទួលបានដីកាបញ្ជាឲ្យចូលខ្លួន ទើបនិងទទួលបានបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទើបលោកបញ្ជាឲ្យកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធក្រុងប៉ោយប៉ែត ធ្វើការស្រាវជ្រាវរហូតទទួលបានតម្រុយថា ជនសង្ស័យដែលត្រូវនាំខ្លួន បានគេចទៅរស់នៅប្រទេសថៃ ទើបកម្លាំងជំនាញបានធ្វើការទំនាក់ទំនងទៅអាជ្ញាធរសមត្ថកិច្ចនៃប្រទេសថៃ ដើម្បីសុំកិច្ចសហការ រហូតដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ ទើបសមត្ថកិច្ចថៃ បានចាប់បញ្ជូនជនសង្ស័យយកមកប្រគល់ជូនកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត នៅចំណុចការិយាល័យអាជ្ញាធរមានសមត្ថកិច្ចថៃ នៃច្រកទ្វារអន្តរជាតិប៉ោយប៉ែត ។ 

ចំណែកលោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានឲ្យដឹងថា ក្រោយពីទទួលបានជនសង្ស័យរួចមក លោកបានឲ្យកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីតែម្ដង៕