លោកសង្ឃបិណ្ឌបាត Lexus LX 570 2019 តម្លៃ២៥មុឺនដុល្លារ បានសម្រេចហើយ

0
496

ភ្នំពេញ ៖ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត ដែលត្រូវបានមហាជនស្គាល់ថា ជាព្រះគ្រូទស្សន៍ទាយមើលជោគជតារាសីល្បីនៅវត្តនាគវ័ន កុដិលេខ២៤ ថ្មីៗនេះ ត្រូវបានញាតិញោមពុទ្ធបរិស័ទម្នាក់ប្រគេនរថយន្ត Lexus LX 570 ឆ្នាំ២០១៩ ជូនព្រះអង្គ ជាកិច្ចតបស្នងដែលព្រះអង្គបានធ្វើពិធីកិច្ចបួងសួងលក់ដី ក៏ដូចជាជំនួញរកស៊ីបានសម្រេច។

ប្រភពព័ត៌មានបញ្ជាក់ថា រថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Lexus LX 570 ឆ្នាំ២០១៩ ប្រភេទ Black Edition មានតម្លៃនៅលើទីផ្សារកម្ពុជា ជិត២៥ម៉ឺនដុល្លារឯណោះ។ ប៉ុន្តែការប្រគេននេះមិនមែនដោយសារតែព្រះអង្គបិណ្ឌបាតដូចការផុសលើបណ្តាញសង្គមឡើយ គឺជាសទ្ធាជ្រះថ្លារបស់ញាតិញោមម្នាក់ដែលសុំមិនបញ្ចោញឈ្មោះ ដែលមានសទ្ធាជឿជាក់លើព្រះអង្គ។

ប្រភពបានឱ្យដឹងទៀតថា ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត កន្លងមកក៏ធ្លាប់ត្រូវបានញាតិញោមផ្សេងទៀត ប្រគេនរថយន្តទំនើបៗជាច្រើនលើកមកហើយ ប៉ុន្តែរថយន្តទាំងនោះត្រូវបានព្រះអង្គលក់ចេញយកប្រាក់ទៅធ្វើបុណ្យបន្ត ដូចបច្ចុប្បន្ន ព្រះអង្គកំពុងតែធ្វើអាស្រមជាច្រើនខ្នងនៅម្តុំភ្នំឧដុង្គ សម្រាប់យាយតាទៅប្រតិបត្តិធម៌។

ទោះជាយ៉ាងណា ជុំរិញព័ត៌មានទទួលរថយន្តស៊េរីទំនើប ១គ្រឿង ម៉ាក Lexus LX 570 ឆ្នាំ២០១៩ ដែលញាតិញោមទើបនឹងប្រគេននេះ មិនដឹងថា ជាការពិតឬយ៉ាងណា ដោយសារព្រះតេជគុណ នី សុវណ្ណមុនីរ៉េត មិនឆ្លើយអ្វីទាំងអស់ ពេលជួបជាមួយ “នគរធំ” តាមទូរស័ព្ទ កាលពីម្សិលមិញ។

ព្រះតេជគុណនី សុវណ្ណមុនីរ៉េត បានមានថេរដីកាខ្លីយ៉ាងដូច្នេះថា “សុំទោសញោម ឥឡូវអាត្មាកំពុងតែនៅជាមួយផ្ទះញាតិញោមបន្តិច អត់ឆ្លើយបានទេ”។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ កន្លងទៅ ព្រះព្រហ្មវិជ្ជា នី សុវណ្ណមុនីរ៉េត បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គ សុំបិណ្ឌបាតរថយន្តថ្មីមួយគ្រឿង ម៉ាក Lexus LX 570 ស៊េរីឆ្នាំ ២០១៩ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងរិះគន់ផងដែរ។

ព្រះអង្គបានសរសេរថា “៤១ ៤១ ៤១ ខ្ជិលបិណ្ឌបាតញាតិញោមកសាងអីទេ? ខ្លាចចិត្តញាតិញោមណាស់ ឥឡូវនេះសុំបិណ្ឌ ៥៧០ (២០១៩) តែម្តងទៅ មានញាតិញោមណាមានសទ្ធា? បើមានញាតិញោមចង់ជួយ ឥឡូវនេះ ទម្លាក់លេខៗៗៗ…”។

ប៉ុន្តែក្រោយពីរងនូវការរិះគន់ពីសំណាក់បណ្តាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើន អំពីការបិណ្ឌបាតរថយន្តនោះ ព្រះអង្គក៏បានចេញមកធ្វើការបកស្រាយជូនពុទ្ធបរិស័ទតាមបណ្តាសង្គមហ្វេសប៊ុកថា ការបង្ហោះសារនោះ គ្រាន់តែចង់ឱ្យពុទ្ធបរិស័ទបានសើចសប្បាយប៉ុណ្ណោះ ដោយព្រះអង្គមិនមានបំណងចង់បិណ្ឌបាតឡានអីនោះទេ…៕