អ្វីដែលជារឿងគួរឱ្យអាណិត និងសោកសង្រេងបំផុតនោះ នារីជាប្រពន្ធនៅតែថ្ងៃសម្រាលកូនប៉ុណ្ណោះ

0
588

ភ្នំពេញ ៖ បុរសម្នាក់មិនដឹងជាមានវិបត្តិផ្លូវចិត្តអ្វីធំធេងដោះស្រាយមិនចេញ ក៏សម្រេចជ្រើសយកវិធីគិតខ្លីចងកសម្លាប់ខ្លួនមកបញ្ចប់បញ្ហា ទាំងដែលក្នុងបន្ទុកគ្រួសារមានកូនអាយុ១១ឆ្នាំម្នាក់ ព្រមទាំងប្រពន្ធកំពុងមានផ្ទៃពោះគ្រប់ខែ ជិតដល់ថ្ងៃសម្រាលទៀតផង ធ្វើឱ្យប្រពន្ធកូនយំសោកបោកខ្លួនគួរឱ្យសង្វេគ។

ករណីចងកសម្លាប់ខ្លួនខាងលើនេះ បានកើតឡើងកាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៩ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

បុរសគិតខ្លី ដែលចងកសម្លាប់ខ្លួនចោលប្រពន្ធកំពុងមានផ្ទៃពោះគ្រប់ខែនេះ មានឈ្មោះ ស៊ុន តុងសេង អាយុ៣៤ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូកង់បី មានកូនប្រុសអាយុ១១ឆ្នាំក្នុងបន្ទុក ចំណែកប្រពន្ធកំពុងមានផ្ទៃពោះកូនទី២ គ្រប់ខែជិតដល់ថ្ងៃសម្រាលទៅហើយ។ ក្រុមគ្រួសារជនរងគ្រោះសព្វថ្ងៃស្នាក់នៅភូមិសង្កាត់កើតហេតុខាងលើ។

តាមប្រភពពីប្រពន្ធរបស់ជនរងគ្រោះបានឱ្យដឹងថា គាត់ក៏មិនដឹងថាមូលហេតុអ្វីបានជាប្តីគិតខ្លីដល់ម៉្លឹងយ៉ាងនេះ ព្រោះប្តីមិនបានប្រាប់ ឬឱ្យតម្រុយអ្វីមុននឹងសម្រេចចិត្តបែបនេះទេ។ ប៉ុន្តែប៉ុន្មានថ្ងៃនេះ គាត់សង្កេតឃើញប្តីហាក់មានទឹកមុខស្រពាប់ស្រពោនខុសប្លែកពីធម្មតាដែរ តែពេលគាត់សួរនាំ ប្តីក៏ឆ្លើយថា អត់អីទេ គ្រាន់តែមិនសូវស្រួលខ្លួនតិចតួចប៉ុណ្ណោះ ចំណែកគាត់ក៏មិនបានចាប់អារម្មណ៍អ្វីដែរ។ លុះមកដល់យប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ពួកគាត់បាននាំគ្នាចូលដេកដូចសព្វដង ស្រាប់តែកណ្តាលយប់ ភ្ញាក់ដឹងខ្លួនឡើង មិនឃើញប្តីដេកក្បែរ ទើបគាត់ក៏ក្រោកដើរចេញមកតាមរកមើលប្តី ហៅស្រាប់តែប្រទះឃើញប្តីចងកសម្លាប់ខ្លួន ជាប់នឹងបង្កាន់ដៃជណ្តើរក្នុងផ្ទះស្លាប់បាត់ទៅហើយ ទើបស្រែកឆោឡោផ្អើលដល់អ្នកជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី។

អ្វីដែលជារឿងគួរឱ្យអាណិតអាសូរ និងសោកសង្រេងបំផុតនោះ គឺបុរសរងគ្រោះមានកូនប្រុសម្នាក់ទើបនឹងអាយុ១១ឆ្នាំប៉ុណ្ណោះ ចំណែកប្រពន្ធក៏កំពុងមានផ្ទៃពោះកូនទី២ ជិតដល់ថ្ងៃសម្រាលទៅហើយដែរ តែបែរជាប្តីចងកសម្លាប់ខ្លួនបែបនេះទៅវិញ៕