Thursday, April 18, 2024
Homeព័ត៌មានជាតិខ្សឹបឲ្យឮ!!! ល្បែងកន្ទុយលេខ កើបលុយ

ខ្សឹបឲ្យឮ!!! ល្បែងកន្ទុយលេខ កើបលុយ

ប្រជាពលរដ្ឋរស់នៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល បានខ្សឹបឱ្យឮតាម “នគរធំ” ថា ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេស កន្ទុយលេខ បាននិងកំពុងចាក់ប្ញសយ៉ាងជ្រៅរំលើងមិនរួច ហើយក៏គ្មានការបង្ក្រាបឬទប់ស្កាត់អ្វីពីសំណាក់សមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានសោះ ពោលគឺទុកឱ្យមេកន្ទុយលេខសប្បាយកើបលុយ ចំណែកពលរដ្ឋដែលវក់ល្បែងចាញ់បោសគូទខោ ខ្លះបែកគំនិតប្រព្រឹត្តអំពើចោរកម្ម លួចឆក់ប្លន់ បង្កអសន្តិសុខពេញភូមិស្រុក។

ប្រជាពលរដ្ឋឃុំស្វាយប្រទាល បានខ្សឹបឱ្យឮថា ពួកគាត់មិនអួតទេភូមិស្រុកគាត់សម្បូរណាស់ល្បែងស៊ីសង មានគ្រប់ប្រភេទតាំងពីកន្ទុយលេខ បៀអាប៉ោង ជល់មាន់ ហើយកន្លងមកធ្លាប់មានការបង្ក្រាបរបស់សមត្ថកិច្ចដែរ តែបង្ក្រាបតែវង់ល្បែងណាដែលមានលក្ខណៈតូចតាចប៉ុណ្ណោះតែបើកន្លែងដែលគេបើកលេងធំៗវិញសមត្ថកិច្ចអត់ហ៊ានបង្ក្រាបទេព្រោះខ្លាចខ្នងបង្អែកផងណាមួយជាឆ្នាំងបាយរបស់ខ្លួនផង។

ប្រជាពលរដ្ឋបានខ្សឹបថាបើនិយាយពីល្បែងកន្ទុយលេខនៅក្នុងឃុំស្វាយប្រទាលកំពុងមានដំណើរការយ៉ាងគគ្រឹកគគ្រេងនិងរលូនគ្រប់ភូមិដោយមានអ្នកកត់កន្ទុយលេខ ជិះកង់ជិះម៉ូតូ ទៅកត់ដល់ក្នុងផ្ទះប្រជាពលរដ្ឋតែម្តង មិនចាំបាច់ប្រជាពលរដ្ឋហត់នឿយ ជិះកង់ ម៉ូតូ ដើររកអ្នកកត់ឆ្នោតនោះទេ (បម្រើសេវាដល់ផ្ទះ)។ ចំណែកអ្នកកត់ឆ្នោតដែលដើរកត់ឆ្នោតតាមផ្ទះយកទៅឱ្យមេឆ្នោតនោះ មានរហូតដល់៣០ទៅ៤០នាក់ឯណោះ ហើយពីមុនអ្នកកត់ឆ្នោតពេលកត់បានហើយត្រូវយកទៅឱ្យដល់ផ្ទះមេធំប៉ុន្តែពេលនេះដើម្បីសម្រួលការងារឱ្យកាន់តែរលូនល្អមេឆ្នោតធំនោះបានបើកឡានដើរប្រមូលក្រដាសកន្ទុយលេខតាមផ្ទះអ្នកកត់ឆ្នោតតែម្តង។

ប្រជាពលរដ្ឋបានខ្សឹបបន្តថា មេកន្ទុយលេខម្នាក់មានផ្ទះនៅខាងលិចវត្តថ្មី ស្ថិតក្នុងឃុំ ស្វាយប្រទាល ស្រុកស្អាង ហើយមេកន្ទុយលេខម្នាក់នេះបើករបររកស៊ីនេះយូរឡើងដុះស្លែទៅហើយ រហូតដល់អាចកើបលុយចំណេញមានលទ្ធភាពសង់ផ្ទះវីឡាយ៉ាងស្កឹមស្កៃ ខណៈដែលប្រជាពលរដ្ឋអ្នកខំចាក់ឆ្នោតកំពុងធ្លាក់ខ្លួនលក់ដីផ្ទះសម្បែងស្រែចម្ការមាន់ទាគ្មានសល់ ព្រោះតែញៀននឹងល្បែងកន្ទុយលេខជួនគ្រាន់តែមាន់ហើរជាន់ឆ្នាំង ក៏អាចកាត់លេខចាក់ឆ្នោតបានដែរ។ រីឯមេកន្ទុយលេខ ដែលរកស៊ីឡើងដូចទឹកបាក់ទំនប់ សង់វីឡាប៉ុនប្រាសាទរស់នៅយ៉ាងហ៊ឺហានោះ នៅតែអាចដំណើរការរបររកស៊ីរបស់ខ្លួនបាន ព្រោះតែបានសែនគ្រប់ថ្នាក់អស់ទៅហើយ ហេតុនេះសមត្ថកិច្ចមូលដ្ឋានតូចតាចមិនហ៊ានបង្ក្រាបមានតែបិទភ្នែកទទួលសំណូក គ្រាន់បានបាយគុយទាវកាហ្វេ និងដោះស្រាយជីវភាពគ្រួសារខ្លះទៅ។

ប្រជាពលរដ្ឋបានខ្សឹបបន្តទៀតថា ឱ្ តែដល់រដូវបុណ្យទានក្រុមអ្នកកត់ឆ្នោតដែល ជិះកង់ម៉ូតូចូលកត់ឆ្នោតដល់ផ្ទះប្រជាពលរដ្ឋនោះ តែងបង់ប្រាក់ឱ្យសមត្ថកិច្ចក្នុងម្នាក់១០ម៉ឺនរៀលជាថ្នូរនឹងការបិទភ្នែកបើកផ្លូវឱ្យដើរកត់ឆ្នោតបានយ៉ាងរលូន។ ដោយសារតែកត្តាទាំងនេះហើយ ទើបបានជាមូលដ្ឋានភូមិ-ឃុំសព្វថ្ងៃហាក់មិនសូវមានសន្តិសុខសុវត្ថិភាពសោះតែងកើតមានអំពើចោរកម្មគ្រប់ប្រភេទមានតាំងពីចោរអំបុកចោរអំបែងដើរលួចមាន់ទាចានឆ្នាំងរហូតដល់មានអំពើលួចឆក់ប្លន់សម្លាប់ក៏មានធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាចជាប់ជានិច្ច។ ដូច្នេះប្រជាពលរដ្ឋសូមខ្សឹបឱ្យឮដល់ថ្នាក់ដឹកនាំនិងអាជ្ញាធរមានសមត្ថកិច្ចមេត្តាចាត់វិធានការទប់ស្កាត់បង្ក្រាបករណីល្បែងស៊ីសងនេះឱ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើនេះផង។

ជុំវិញការខ្សឹបខាងលើនេះ “នគរធំ” មិនដឹងថា មានការពិតកម្រិតណានោះទេ ព្រោះមិនអាចទាក់ទងសុំការបំភ្លឺពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានបានទេ កាលពីម្សិលមិញ។ យ៉ាងណា យើងរង់ចាំទទួលការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់”

RELATED ARTICLES