Friday, March 29, 2024
Homeតារាខ្មែរបាន មុន្នីល័ក្ខ ថា​ ក្រោយផ្តាច់ស្នេហ៍ជាមួយ DJ Cake ពិបាករកសង្សារថ្មី

បាន មុន្នីល័ក្ខ ថា​ ក្រោយផ្តាច់ស្នេហ៍ជាមួយ DJ Cake ពិបាករកសង្សារថ្មី

អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាស កញ្ញាបាន មុន្នីល័ក្ខ បានអះអាងថា តាំងពីផ្តាច់ពាក្យជាមួយ Dj Cake មក ពេលនេះនាងមិនទាន់រកបានសង្សារថ្មីទេ ប៉ុន្តែក៏មិនអន្ទះសាប្រញាប់រកម្ចាស់បេះដូងថ្មីភ្លាមៗដែរ ព្រោះពេលនេះចង់ផ្តោតលើការធ្វើបទចម្រៀង និងត្រៀមចេញទៅច្រៀងសម្តែងនៅក្រៅប្រទេស ឱ្យបានតាមគម្រោងការសិន។ យ៉ាងណា មុន្នីល័ក្ខ ទទួលស្គាល់ថា បេះដូងរបស់នាងពិតជាឈឺគ្រាំគ្រាមែន ក្រោយស្នេហ៍ទី១ ជួបរឿងមិនដូចបំណងនេះ។

បាន មុន្នីល័ក្ខ ថ្លែងថា “ខ្ញុំមិនទាន់មានអ្នកត្រូវចិត្តទេពេលនេះ។ ដូចដឹងហើយថា តាំងពីជួបរឿងចាស់មក ខ្ញុំពិបាកដែរហ្នឹង។ ឥឡូវមិនទាន់ចង់បានអ្នកថ្មីទៀតទេ។ ធ្វើម៉េចយើងរកអ្នកថ្មីមិនទាន់ឃើញអត់ទាន់បាន ជួបអ្នកត្រូវចិត្តផង។ ឥឡូវហ្នឹងខ្ញុំផ្តោតលើការធ្វើបទចម្រៀងនិងត្រៀមចេញទៅច្រៀងសម្តែងនៅក្រៅប្រទេស ច្រើនជាងគិតរឿងស្នេហា”។

បាន មុន្នីល័ក្ខ ថា នៅរដូវធ្លាក់ភ្លៀងនេះ នាងមានខាង Sponsor ដល់ទៅ៥ប្រទេស ទាក់ទងមកឱ្យនាងចេញទៅច្រៀងសម្តែង ក្នុងនោះមានដូចជា សហរដ្ឋអាមេរិក, បារាំង, កាណាដា, អូស្ត្រាលី និងថៃ ប៉ុន្តែក្នុងចំណោមប្រទេសខាងលើនេះ នាងចង់ចេញទៅច្រៀងនៅអាមេរិក ជាងប្រទេសផ្សេងទៀត។

ដោយឡែក ទាក់ទងការចូលច្រៀងនៅផលិតកម្មថ្មីវិញ មុន្នីល័ក្ខ ថា តាំងពីនាងចេញពីហង្សមាស មក មិនទាន់ចង់ចូលច្រៀងនៅផលិតកម្មថ្មីទេ ព្រោះងាកមកធ្វើបទចម្រៀងដោយខ្លួនឯងសិន។

អតីតគូដណ្តឹង Dj Cake រូបនេះបន្ថែមថា “ខ្ញុំត្រៀមឯកសារចូលទូតអាមេរិក ក្នុងពេលឆាប់ៗនេះហើយ បើសម្ភាសន៍ជាប់ ខ្ញុំត្រូវចេញទៅច្រៀងសម្តែងនៅអំឡុងខែសីហា នេះ រយៈពេល២ខែ។ បើមិនបានចេញទៅអាមេរិកទេ ខ្ញុំនឹងងាកទៅសម្តែងនៅប្រទេសផ្សេងវិញ ព្រោះមានគេទាក់ទងច្រើនហើយនៅរដូវធ្លាក់ភ្លៀងនេះ ខ្ញុំត្រូវតែចេញទៅប្រទេសណាមួយឱ្យខាងតែបាន។ ចំពោះរឿងចូលផលិតកម្មថ្មីវិញ ខ្ញុំអត់ទាន់ចង់ទេ មានគេហៅដែរ តែយើងចង់ធ្វើបទចម្រៀងខ្លួនឯងសិន ហើយពេលនេះខ្ញុំធ្វើបានជាង១០បទហើយ ដែលភាគច្រើនជាបទមនោសញ្ចោតនា តែអ្នកនៅក្រៅស្រុកសំណូមពរឱ្យខ្ញុំ Cover បទពីដើមៗឡើងវិញដែរ ហើយពេលនេះក្រុមការងាររបស់ខ្ញុំកំពុងរៀបចំហើយ”៕

RELATED ARTICLES