Friday, April 26, 2024
Homeតារាខ្មែរបេប៊ី បង្ហាញភាពភ្ញាក់ផ្អើលនៅប្រាសាទសម្បូរព្រៃគុក

បេប៊ី បង្ហាញភាពភ្ញាក់ផ្អើលនៅប្រាសាទសម្បូរព្រៃគុក

តារាចម្រៀងរបស់ផលិតកម្មថោន ស្រីស្អាតជុំ រចនាពេជ្រ ហៅបេប៊ី បានធ្វើដំណើរទៅដល់ប្រាសាទព្រះសម្បូរព្រៃគុក ខេត្តកំពង់ធំ កាលពីថ្ងៃទី8 ខែកក្កដា ដើម្បីចូលរួមអបអរសាទរខួប2ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទនេះជាបេតិកភណ្ឌពិភពលោក និងខួប3ឆ្នាំ របស់គ្រួសារតារាកម្ពុជា ដែលមានតារាល្បីៗចូលរួមជាង70ដួង។

អតីតម្ចាស់ពានគ្រងឈុតបុរាណលេចធ្លោ កាលពីឆ្នាំ2018 កញ្ញាបេប៊ី លើកនេះគ្រងឈុតកិន្នរី ដែលច្នៃដោយលោកអ៊ី សុខជា ធ្វើឱ្យសម្រស់របស់នាងកាន់តែមានភាពទាក់ទាញថែមទៀត ហើយនាងអង្គុយដាក់ពិន្ទុ និងកាត់សេចក្តីឱ្យម្ចាស់ពានថ្មី គ្រងតំណែងបន្ត។

ក្រៅពីបេប៊ី ក៏មានគណៈកម្មការជាតារាល្បីផ្សេងៗទៀត ដូចជា អ្នកនាង ម៉ៅ ស៊ីណាត គ្រងឈុតស្រីទេពអប្សរលើជញ្ជាំងប្រាសាទបាយ័ន, រុន ណាកូ គ្រងឈុតព្រះបាទជ័យវរ្ម័នទី7, ម៉ែន អម្រុងរ័ត្ន គ្រងឈុតរាជបុត្រភុជង្គនាគ, ភី សម័យ គ្រងឈុតអប្សរា និងស៊ិន សុធារិទ្ធ គ្រងឈុតព្រះបាទអង្គឌួង។

តាមអ្នករៀបចំកម្មវិធី បានឱ្យដឹងថា ក្រោយមានការដាក់ពិន្ទុពីគណៈកម្មការដែលជាអតីតម្ចាស់ពានខាងលើនោះ ជាលទ្ធផល គេរកឃើញម្ចាស់ពាន 6ដួង នៅឆ្នាំ2019 នេះ គឺលេខ1(ប្រុស) លោកឌួង តារាផាឌីន តារាចម្រៀងសំឡេង2 ដែលគ្រងឈុតព្រះគ្រូព្រាហ្មណ៍បុរោហិត ដែលជាគ្រូព្រះមហាក្សត្រគ្រប់ព្រះអង្គ ហើយរក្សាទម្រង់ដើមផ្នែកបុរាណ។ លេខ1 (ស្រី) កញ្ញាភីយ៉ា តារាសម្តែងគ្រងឈុតស្រីទេពអប្សរ ដោយឈុតដែលនាងគ្រង គឺជាការច្នៃចេញពីប្រាសាទអង្គរ ហើយរក្សាទម្រង់ដើមផ្នែកបុរាណ។ លេខ2 (ប្រុស) លោកបញ្ញា សិទ្ធិ តារាចម្រៀងគ្រងឈុតទេពតា។ លេខ2 (ស្រី) កញ្ញាវណ្ណា វត្តី គ្រងឈុតព្រះនាងទេពអប្សរាមកុដកំពូល3 រចនាដើមជញ្ជាំងប្រាសាទ។ លេខ3 (ប្រុស) លោកលឿង វិសាល បុរសឯកលេខ1 វាយនភណ្ឌឆ្នាំ2019 គ្រងឈុតព្រះលក្ខណ៍ក្នុងរឿងរាមកេរ្តិ៍។ លេខ3 (ស្រី) កញ្ញាពេជ្រ ចរណៃ តារាសម្តែងគ្រងឈុតល្ខោនខោល៕

RELATED ARTICLES