Friday, April 26, 2024
Homeតារាខ្មែរពុទ្ធបរិស័ទរំលឹកលោកសង្ឃតាក់ស៊ី ធម៌នៅខ្ចី កុំទាន់ឱ្យគេខ្ចីដៃចេញសម្តែង

ពុទ្ធបរិស័ទរំលឹកលោកសង្ឃតាក់ស៊ី ធម៌នៅខ្ចី កុំទាន់ឱ្យគេខ្ចីដៃចេញសម្តែង

ភ្នំពេញ ៖ ពុទ្ធបរិស័ទម្នាក់បានចេញលិខិតចំហជូនចំពោះព្រះតេជគុណតាក់ស៊ី អតីតតារាកំប្លែងក្រុមនាយពែកមី ដោយរំលឹកព្រះអង្គថា ធម៌នៅខ្ចី កុំទាន់ឱ្យគេខ្ចីដៃចេញសម្តែង បន្ទាប់ពីបានឃើញព្រះអង្គសម្តែងធម៌ទេសនា ខណៈបួសបានទើបតែ៩ថ្ងៃ។

លិខិតបើកចំហរបស់ពុទ្ធបរិស័ទម្នាក់នោះ បានបង្ហោះក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ ដែលមាន ខ្លឹមសារថា “ព្រះតេជគុណតាក់ស៊ី ជាទីគោរព និងសទ្ធាចេតនារម្មណ៍របស់ព្រះតេជគុណបួស ដើម្បីសិក្សាត្រៃសិក្ខា ដើម្បីកាត់បន្ថយទឹកនោមផ្អែម និងជំងឺផ្សេងទៀត ដែលកំពុងបៀតបៀន។ បុគ្គលណាបានសិក្សា និងបដិបត្តិធម៌, ធម៌រមែងថែរក្សាបុគ្គលនោះ។ ជំងឺទាំងឡាយណាមានកិលេសដែលត្រាំក្នុងខន្ធសន្តានជាដើម នឹងខ្សោះទៅម្តងបន្តិចៗ ហើយជំងឺផ្លូវកាយក៏នឹងបានជាប្រសើរផងដែរ។ ធម៌របស់ព្រះពុទ្ធជាម្ចាស់ ហៅថាធម្មោសថ។

ព្រះតេជគុណសូមព្រះមេត្តាចំណាយ ពេលយកចិត្តទុកដាក់សិក្សា និងបដិបត្តិត្រៃសិក្ខាឱ្យបានទៀងទាត់ យ៉ាងមានសទ្ធាជឿជាក់ និងទុកចិត្ត, សូមព្រះមេត្តាកុំទាន់មកប្រោស ញាតិញោមដោយការសំដែងធម៌ ក្នុងខណៈពេលដែលការបដិបត្តិ និងការសិក្សានៅទន់ជ្រាយនៅឡើយ។ ព្រះតេជគុណដឹងទេ បុគ្គលមួយចំនួនកំពុងដណ្តើមប្រជាប្រិយ និងខ្ចីដៃព្រះអង្គ ដើម្បីលាភក្នុងអាមិសទាន។ សូមព្រះតេជគុណចាំថា ព្រះអង្គលះបង់ការងារ មិត្តភក្តិ និងប្រពន្ធកូន ដើម្បីស្វែងរកព្រះសទ្ធម្មសូមសេពគប់កល្យាណមិត្តជាបណ្ឌិត។

សូមព្រះតេជគុណចំណាយពេលដើម្បីព្យាបាលជំងឺទាំងផ្លូវកាយ និងផ្លូវចិត្តតាមរយៈ ធម្មោសថដោយមានត្រៃសិក្ខាជាគោល បដិបត្តិ ,ព្រះតេជគុណនឹងបានជាសះស្បើយជាមិនខាន…”។

ទោះបីយ៉ាងណា ពាក់ព័ន្ធនឹងបញ្ហានេះមិនអាចសុំការបញ្ជាក់ឆ្លើយតបពីព្រះតេជគុណ តាក់ស៊ី បានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទរបស់ព្រះអង្គមិនអាចទាក់ទងបាន។

គួរបញ្ជាក់ថា នាយតាក់ស៊ី អតីតតារាកំប្លែងដ៏ល្បីប្រចាំស្ថានីយទូរទស្សន៍ CTN ដែលធ្វើឱ្យមហាជនសើចចុកពោះ រំសាយទុក្ខក្នុងខ្លួនអស់ពេលជាច្រើនឆ្នាំមកនោះ បានសម្រេចចិត្តទៅសាងផ្នូសជាសង្ឃក្នុងផ្លូវព្រះពុទ្ធសាសនា ដោយសុខចិត្តបោះចោលនាងភីម ជាប្រពន្ធដ៏ស្រស់ស្អាត សាច់សខ្ចី និងកូនប្រុសម្នាក់។ ក្រោយពីនាយតាក់ស៊ី បានបួសជាសង្ឃបានរយៈពេល៩ថ្ងៃ ស្រាប់តែឃើញលោកសង្ឃតាក់ស៊ី បនាឡើងធ្វើធម្មវិសេសទេសនាជាលើកដំបូងជាមួយព្រះតេជគុណហ៊ី ភារម្យ។ ប៉ុន្តែអ្វីជាការកត់សម្គាល់នោះ គ្រាន់តែលោកសង្ឃតាក់ស៊ី កាន់ក្បាលមីក្រូទេសនាភ្លាម ក៏ភ្លាត់ធម៌ចេញកំប្លែង ធ្វើឱ្យលោកយាយ លោកតា ពុទ្ធបរិស័ទសើចសប្បាយ ផ្អើលពេញរោងបុណ្យតែម្តង៕

RELATED ARTICLES