Friday, March 29, 2024
Homeតារាខ្មែររ៉ាប៊ី ប្រុសកាណាដាខកចិត្ត ដោយសារនាងកើតជំងឺនឹកផ្ទះ

រ៉ាប៊ី ប្រុសកាណាដាខកចិត្ត ដោយសារនាងកើតជំងឺនឹកផ្ទះ

តារាចម្រៀងថោន ផាន វីរ៉ាទី ហៅ រ៉ាប៊ី បានអះអាងថា តាមគម្រោងនាងត្រូវចេញទៅច្រៀងសម្តែងនៅប្រទេសកាណាដា នៅរដូវធ្លាក់ភ្លៀងនេះ ព្រោះមានខាង Sponsor ទាក់ទងមកជាច្រើនយូរខែមកហើយ តែគម្រោងនេះត្រូវអាក់ខានទៅវិញ ព្រោះតែនាងមិនអាចចេញទៅបាន ដោយសារតែទៅដល់ស្រុកគេនឹកផ្ទះពេក។

ការថ្លែងរបស់រ៉ាប៊ី បែបនេះ បានធ្វើឱ្យប្រុសៗនៅកាណាដាមិនតិចនាក់ឡើយ ដែលខកចិត្ត ព្រោះតែមិនបានគយគន់មើលរូបឆោម ស្រីស្អាតដោយផ្ទាល់និងរាំលេងជាមួយនាង បទ “មាន់ស្រែ” ដោយសារនាងកើតជំងឺនឹកផ្ទះ។

រ៉ាប៊ី វាចាថា “ខ្ញុំត្រូវចេញទៅច្រៀងនៅកាណាដា ខែធ្លាក់ភ្លៀងហ្នឹង ព្រោះអីមានគេទាក់ទងមកយូរហើយ។ ប៉ុន្តែខ្ញុំសម្រេចចិត្តអត់ទៅវិញ ដោយសារតែពេលទៅដល់ស្រុកគេតែ១អាទិត្យ ដឹងតែខ្ញុំនឹកផ្ទះ ហើយពិបាកទ្រាំនៅណាស់។ ខ្ញុំធ្លាប់ទៅអាមេរិក កាលពីឆ្នាំមុន អីចឹងខ្ញុំជួបរឿងអីចឹងដែរ។ ម្យាងទៀត ខ្ញុំគិតថា នៅក្នុងស្រុកក៏ខ្ញុំនៅ តែមានការងារធ្វើដែរ ទោះជាខែនេះធ្លាក់ភ្លៀងក្តី តែយើងមានកម្មវិធីមួយៗដែរ អ៊ីចឹងមិនបានទៅក្រៅ ក៏មិនអីដែរ”។

រ៉ាប៊ី ថា ក្រៅពីប្រទេសកាណាដា ក៏មានប្រទេសផ្សេងៗទៀតហៅនាងទៅច្រៀងដែរ តែដោយសារនាងកើតជំងឺនឹកផ្ទះ ទើបពន្យារ ពេលចេញទៅរកលុយនៅក្រៅស្រុក មួយរយៈសិន។

ដោយឡែកនៅពេលដែលអ្នកយកព័ត៌មានយើងសួរថា តើ រ៉ាប៊ី មានគម្រោងចូលផលិតកម្មហង្សមាស វិញអត់ ?

អតីតពិធីការិនីហង្សមាស រូបនេះ បញ្ជាក់ថា នាងរស់នៅថោន បានសុខសប្បាយហើយ អីចឹងគ្មានបំណងរើបង្វេចទេ ព្រោះថោន បានធ្វើឱ្យនាងផ្លាស់ប្តូរជីវភាពនិងកេរ្តិ៍ឈ្មោះដូចពេលនេះ។ ចំណែកទាក់ទងគូស្នេហ៍វិញ រ៉ាប៊ី ថា មិនទាន់រើសបានប្រុសត្រូវចិត្តនៅឡើយ៕

RELATED ARTICLES