Friday, March 29, 2024
Homeព័ត៌មានជាតិលោកខុសអីទៅ គ្រាន់តែនិមន្តទៅរៀនសោះហ្នឹង

លោកខុសអីទៅ គ្រាន់តែនិមន្តទៅរៀនសោះហ្នឹង

ភ្នំពេញ ៖ ព្រះសង្ឃ៤អង្គ កំពុងនិមន្តតាមម៉ូតូកង់បី សំដៅទៅសាលារៀន ក៏ស្រាប់តែធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ក៏ត្រូវជនមិនស្គាល់មុខចំនួន២នាក់ ជិះម៉ូតូ១គ្រឿង បង្អង់ល្បឿនមកអែបក្បែរ រួចជះទឹកអាស៊ីដមកលើព្រះសង្ឃទាំង៤អង្គ បណ្តាលឱ្យរងរបួសធ្ងន់ចំនួន២អង្គ បន្ទាប់មកក្រុមជនសង្ស័យក៏ជិះម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

ហេតុការណ៍ទមិឡឥតសាសនាជះទឹកអាស៊ីដដាក់ព្រះសង្ឃនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី០២  ខែកក្កដា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវព្រះនរោត្តម ចំណុចទល់មុខវត្តប្រយូវង្ស ស្ថិតក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង។

ព្រះសង្ឃរងគ្រោះទាំង៤អង្គ ដែលទទួលរងការជះទឹកអាស៊ីដពីជនមិនស្គាល់មុខ រួមមាន ទី១-ព្រះនាម សើច សល់ ទី២-ព្រះនាម ខុន ឃន (រងរបួសធ្ងន់ត្រង់ព្រះកេស)។ ចំណែកព្រះសង្ឃ២អង្គទៀត ដែលរងរបួសស្រាល មិនស្គាល់អត្តសញ្ញាណនៅឡើយ។ ព្រះសង្ឃទាំង៤អង្ក គឺជាសមណសិស្ស នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បច្ចុប្បន្នកំពុងសិងព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ។

ចំណែកជនសង្ស័យដៃដល់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង មិនចំណាំម៉ាក និងស្លាកលេខនោះឡើយ។

យោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត កាលពីយប់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ បានបង្ហោះសារមួយថា “នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ ម៉ោងប្រហែល១៣ៈ៤០នាទី មានជនមិនស្គាល់មុខបានជះទឹកអាស៊ីដមកលើព្រះសង្ឃ៤អង្គ ដែលព្រះអង្គកំពុងធ្វើដំណើរតាម PassApp ឆ្ពោះមកកាន់សាលារៀន (ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត)។ ក្នុងចំណោមព្រះសង្ឃ៤អង្គ មានតែ២ព្រះអង្គប៉ុណ្ណោះ ១-ព្រះតេជគុណ សើច កុសល ២-ព្រះតេជគុណ ខុន ឃន ដែលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយព្រះអង្គ គឺជាសមណសិស្ស នៃពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត។ កន្លែងកើតហេតុ ទល់មុខវត្តប្រយូវង្ស ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ បច្ចុប្បន្ន ព្រះអង្គកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ។ ប្រសិនបើព្រះតេជគុណ ឬញោមញាតិ សប្បុរសជនចង់ទៅសួរសុខទុក្ខ ឬជួយឧបត្ថម្ភព្រះអង្គ អាចនិមន្ត និងអញ្ជើញទំនាក់ទំនងតាមទូរស័ព្ទរបស់ព្រះអង្គផ្ទាល់ ០៩៦ ៨៦៨ ៩៩៦៨ ឬ ០១០ ៧២៦ ២០៦…”។

យោងតាមគណនីហ្វេសប៊ុករបស់ព្រះសង្ឃរងគ្រោះ ព្រះនាម សើច កុសល បានបង្ហោះសារមួយថា “ពេលជិះ PassApp ទៅរៀន ស្រាប់តែមានជនមិនដែលស្គាល់មកជះទឹកអាស៊ីដដាក់រូបអាត្មា ខ្ញុំមិនដែលមានទំនាស់ជាមួយនរណា ហេតុអ្វីបានជាអ្នកមកជះទឹកអាស៊ីតដាក់រូបខ្ញុំចឹង…”។

ចំណែក គណនីហ្វេសប៊ុកឈ្មោះ ភិក្ខុ ឧត្តរប្បញ្ញោ វី បឿន បានបញ្ចោញជាមតិយោបល់ជុំវិញករណីខាងលើនេះថា “ទៅគំនុំ ខឹងអីនឹងលោកសង្ឃ គ្មានបានអីមកទេ! លោកដែលទៅប្រកួតប្រជែងអីនឹងនរណា លោកនិមន្តមករៀនសូត្រព្រឹកល្ងាច រកតែអាហារ២ពេលហ្នឹង ពិបាកផង! មិនគួរទេ…”។

ដោយឡែក ភិក្ខុសទ្ទសារិកោ វន វិន ក៏បានចូលរួមយោបល់ថា “អាត្មាឃើញរឿងនេះ នឹកឃើញកាលរៀននៅសាលាពុទ្ធិកអនុវិទ្យាល័យត្រពាំងឈូក ពេលដែលនិមន្តទៅរៀនភាសាចិន នៅផ្សារជម្ពូវ័ន ក៏មានក្មេងស្ទាវ២ម៉ូតូឆាប ហើយស្តោះទឹកមាត់ដាក់ក្បាលលោកលេង ហើយជិះទៅបាត់…”។

ជុំវិញករណីជះទឹកអាស៊ីដដាក់ព្រះសង្ឃទាំង៤អង្គខាងលើនេះ គេនៅមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ ថាតើបណ្តាលមកពីគំនុំ ឬក៏ផ្តើមចេញពីដើមចមរឿងអ្វីផ្សេង”

RELATED ARTICLES