Friday, March 29, 2024
Homeតារាខ្មែរលោកសង្ឃតាក់ស៊ី មន្ទីរធម្មការព្រមាន

លោកសង្ឃតាក់ស៊ី មន្ទីរធម្មការព្រមាន

ភ្នំពេញ ៖ បន្ទាប់ពីមានការរិះគន់ពីញាតិញោមពុទ្ធបរិស័ទថា រៀនធម៌បានតិចតួច (ធម៌នៅខ្ចី) កុំទាន់អាលចេញសម្តែងធម៌ទេសនាលាយឡំការកំប្លែងនោះ ពេលនេះ ព្រះតេជគុណតាក់ស៊ី អតីតតារាកំប្លែងក្នុងក្រុមនាយពែកមី ត្រូវបានមន្ត្រីសង្ឃនិងមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ស្ពឺ កោះហៅមកប្រជុំព្រមាន និងឱ្យធ្វើកិច្ចសន្យាឈប់សម្តែងធម៌មួយរយៈ។

នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ អនុប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ លោកអ៊ូ សាម៉ន និងមន្ត្រីសង្ឃស្រុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ បានបើកកិច្ចប្រជុំសម្របសម្រួលឱ្យលោកសង្ឃ ប៉ុល សារឿង (ហៅតាក់ស៊ី) ធ្វើកិច្ចសន្យាចំនួន៣ខ ឈប់សម្តែងធម៌បែបកំប្លែង។

កិច្ចសន្យាចុះថ្ងៃព្រហស្បតិ៍ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ នោះ មានខ្លឹមសារថា “ខ្ញុំព្រះករុណា អាត្មាភាព ភិក្ខុ ប៉ុល សារឿង (តាកស៊ី) អាយុ៤១ឆ្នាំ បច្ចុប្បន្នគង់នៅវត្តថ្មីដងទង់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ខ្ញុំព្រះករុណា អាត្មាភាព សូមធ្វើកិច្ចសន្យាចំពោះព្រះមុនីសត្ថាចារ្យកោសល កែវ ចន្ថា ព្រះមេគណខេត្តកំពង់ស្ពឺ និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រមទាំងលោកប្រធានមន្ទីរធម្មការនិងសាសនាខេត្តកំពង់ស្ពឺ ដោយមានដូចខាងក្រោម ៖

១-ឈប់ទេសនាមួយរយៈពេល។

២-ឈប់សម្តែងធម៌ទេសនាដែលមាន កាយវិការមិនសមជាសមណៈ ឬសំឡេងដូចអ្នកកំប្លែង។

៣-រហូតដល់ខ្ញុំព្រះករុណា បួសបានយូរ គួរសម និងរៀនព្រះធម៌វិន័យរបស់ព្រះពុទ្ធ-សាសនាបានច្រើន។

ប្រសិនបើខ្ញុំព្រះករុណា អាត្មាភាពប្រព្រឹត្តធ្វើផ្ទុយ និងធ្វើអំពើប្រាសចាកពីវិន័យសមណៈសង្ឃ ឬមិនធ្វើតាមកិច្ចសន្យាខាងលើនេះ ខ្ញុំព្រះករុណា អាត្មាភាព ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានហើយ និងព្រមឱ្យព្រះមេគណខេត្ត និងព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ព្រមទាំងលោកប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ស្ពឺ មានវិធានការតាមព្រះធម៌វិន័យព្រះពុទ្ធសាសនាចុះ។

ដើម្បីជាសក្ខីភាព ខ្ញុំព្រះករុណា អាត្មាភាព សូមធ្វើការផ្តិតមេដៃ និងមានសាក្សីជួយដឹងឮផង ផ្តិតមេដៃស្តាំ ទុកជាភ័ស្តុតាង”។

ការធ្វើកិច្ចសន្យាឈប់សម្តែងធម៌បែបកំប្លែងមួយរយៈ របស់លោកសង្ឃតាក់ស៊ី បានធ្វើឡើងបន្ទាប់ពីវីដេអូសម្តែងធម៌ទេសនាលើកដំបូងរបស់ព្រះអង្គ ហាក់បីដូចជាមិនឃ្លាតឆ្ងាយពីសិល្បៈសោះ គឺមានលក្ខណៈបែបកំប្លែងធ្វើឱ្យពុទ្ធបរិស័ទផ្ទុះសំណើចពេញរោងបុណ្យ រហូតមានពុទ្ធបរិស័ទមួយចំនួនរិះគន់ ក្នុងនោះ មានពុទ្ធបរិស័ទមួយរូបបានសរសេរលិខិតចំហស្នើព្រះតេជគុណតាក់ស៊ី កុំទាន់អាលចេញសម្តែងធម៌ ខណៈរៀនធម៌បានតិចតួច ឬនៅខ្ចី។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០១៩ តារាកំប្លែងល្បីប្រចាំស្ថានីយទូរទស្សន៍ CTN នាយតាក់ស៊ី បានបំបួសជាសង្ឃពេញលេញតាមគន្លងសាសនាព្រះពុទ្ធ ក្រោយពីបានចំណាយពេលរៀនសូត្រ ស្វែងយល់ពីព្រះធម៌អស់មួយរយៈធំនៅក្នុងវត្តថ្មី ដងទង់ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយលះបង់ប្រពន្ធវ័យក្មេងសាច់សខ្ចី និងកូនប្រុសម្នាក់៕

RELATED ARTICLES