Saturday, April 20, 2024
Homeតារាខ្មែរអ្នកដឹកនាំសង្ឃឹមរឿង ”កំហឹងខ្មោច Cute” ត្រូវចិត្តយុវវ័យ

អ្នកដឹកនាំសង្ឃឹមរឿង ”កំហឹងខ្មោច Cute” ត្រូវចិត្តយុវវ័យ

លោកតាន់ វុទ្ធី ដែលជាអ្នកផលិតរឿង ”កំហឹងខ្មោច Cute” បានឲ្យដឹងថា យុវវ័យនឹងមានការពេញចិត្តជាមិនខាន ព្រោះរឿងនេះសាច់រឿង គឺផ្ដោតទៅលើយុវវ័យ ហើយលោកក៏បានជ្រើសរើសតួសម្ដែង ក៏សុទ្ធតែជាតារាក្មេងៗដែលមានទេពកោសល្យ និងរូបសម្រស់ស្អាតផងដែរ ដូចជា គីញ វិច្ឆិកា, ឌីន សិដ្ឋ, អុន វិសុត្យ, រុន រីយ៉ា, រាជ ថានៈ, សុវណ្ណឆៃ, យូរី, និងឌីជេ ពាង ជាដើម។

លោកបន្តថា មុននឹងលោកបញ្ចេញស្នាដៃផ្ទាល់ខ្លួននេះ លោកក៏ធ្លាប់ធ្វើជាជំនួយការដឹកនាំការសម្ដែងរឿងជាច្រើនដែរមកហើយ ដូចជារឿង ”ខ្មោចអាសង្ហា”, ”កម្លាំងនិងវាសនា”, ”បញ្ញើក្អែក”, “ពាក្យសម្បថ” និងរឿង ”បេះដូងអ្នកប្រដាល់” ទើបលោកយកបទពិសោធន៍ដែលមានមកបង្ហាញស្នាដៃផ្ទាល់ខ្លួននៅពេលនេះ។

រឿង ”កំហឹងខ្មោចCute” នឹងដាក់បញ្ចាំងនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះតទៅ នៅគ្រប់រោងកុនទាំងអស់ទូទាំងប្រទេស ហើយសាច់រឿងទាំងមូលត្រូវបានអ្នកដឹកនាំបង្ហើបថា មានគ្រប់រសជាតិ ស្នេហាបែបស្ទាវ កម្សត់ កំប្លែង និងរន្ធត់ គួរឲ្យភ័យខ្លាច។

យ៉ាងណា លោកវុទ្ធី ដែលធ្លាប់ធ្វើជាជំនួយការឲ្យគេ ហើយពេលនេះងាកមកផលិតដោយខ្លួនឯង តាមរយៈផលិតកម្មអូហ្វីម (OFILM) នោះ បានទទួលស្គាល់ថា នេះជាការប្រថុយប្រថានមួយ ដែលលោកជ្រើសរើសយកតួថ្មី​ដែលពួកគាត់មិនសូវមានបទពិសោធន៍ដូចតួចាស់ៗ ប៉ុន្តែលោកនៅតែជម្នះផលិតឡើង ព្រោះចង់ផ្ដល់ឱកាសឲ្យប្អូនៗ តារាវ័យក្មេងបានបញ្ចេញសមត្ថភាព។

ផលិតកររូបនេះក៏បានស្នើឲ្យបងប្អូនជួយគាំទ្រភាពយន្ដខ្មែរ ដើម្បីឲ្យផលិតកម្មទាំងឡាយ បានដំណើរការផលិតរឿងថ្មីៗតទៅទៀងផងដែរ៕

RELATED ARTICLES