Thursday, April 18, 2024
Homeតារាខ្មែរឱក សុគន្ធកញ្ញា ស្វាមីជួយការពារ

ឱក សុគន្ធកញ្ញា ស្វាមីជួយការពារ

ខុសពីតារាបរទេសដែលពួកគេមានប្តីប្រពន្ធនិងកូនក៏ដោយ នៅល្បីល្បាញ ហើយរក្សាបានតម្លៃខ្លួនខ្ពស់ដដែល។ ចំពោះតារាល្បីៗរបស់ខ្មែរវិញឱ្យតែរៀបការហើយ គឺបានដឹងខ្លួនរួចជាស្រេចថា ខ្លួនគេនឹងត្រៀមទទួលនូវការធ្លាក់ចុះទាំងទីផ្សារនិងកេរ្តិ៍ឈ្មោះ ព្រោះមានតារាជាច្រើនដួងមកហើយ ពេលមានប្តីប្រពន្ធឬកូន គឺគេលែងសូវចាប់អារម្មណ៍ដូចមុនទៀតហើយ។

ដោយឡែកឱក សុគន្ធកញ្ញា វិញ នៅមិនទាន់ដឹងថា នាងនៅតែល្បីឬប្រឈមការចុះខ្សោយដែរទេ ក្រោយក្លាយជាប្រពន្ធរបស់លោកអ៊ឹង សុខលី ខណៈដែលមជ្ឈដ្ឋានទូទៅយល់ថា កញ្ញា នឹងត្រូវប្តីជួយដើម្បីកុំឱ្យធ្លាក់កូដជាមិនខាន…។

ឱក សុគន្ធកញ្ញា បានដឹកដៃប្តីលោកអ៊ឹង សុខលី ទៅក្រេបចន្ទទឹកឃ្មុំ (HonyMoon) ដល់ទៅ7ប្រទេស ក្រោយពួកគេក្រាបផ្ទឹមកាលពីថ្ងៃទី16 ខែឧសភា នោះគឺ បារាំង , ប៊ែលហ្សិក , ហូឡង់ដ៍ , អូទ្រីស , អូស្ត្រាលី , អ៊ីតាលី និងអាឡឺម៉ង់ ដែលធ្វើឱ្យប្តីប្រពន្ធថ្មោងថ្មីនេះ សប្បាយនឹងសាងអនុស្សាវរីយ៍ជាមួយគ្នាមួយអស់ដៃ។

ប៉ុន្តែពេលនេះ សុគន្ធកញ្ញា បានវិលមកចាប់កាន់ក្បាលមីក្រូសាជាថ្មីវិញហើយ ខណៈដែលប្តីនាងជាអ្នកបញ្ជាការប្រគំតន្ត្រីទាំងមូលរបស់ទូរទស្សន៍ហង្សមាស ទើបធ្វើឱ្យគូស្នេហ៍នេះមានពេលនែបនិត្យគ្នាស្ទើរគ្រប់ពេលវេលា ព្រោះថា ការងាររបស់ពួកគេគឺទៅជាមួយគ្នា។

យ៉ាងណា សុគន្ធកញ្ញា នៅមិនទាន់មានបទចម្រៀងណាមួយគួរឱ្យចាប់អារម្មណ៍ជាថ្មីទៀតទេ ក្រោយពេលនាងមានប្តីនេះ ទើបធ្វើឱ្យមហាជនមួយចំនួនបានលើកឡើងថា ខ្លាចតែប្អូនថ្លៃលោកថៅកែហង្សមាសរូបនេះ អាចនឹងធ្លាក់កូដដូចតារាផ្សេងៗទៀតដែលកំពុងតែល្បី ពេលរៀបការប្តីហើយហៅលែងឮនោះ។

ប៉ុន្តែទន្ទឹមនឹងនេះ អ្នកគាំទ្រសុគន្ធកញ្ញា បានយល់ផ្ទុយពីនេះ ព្រោះតែពួកគេគិតថា បើសុគន្ធកញ្ញា ជាប្អូនថ្លៃថៅកែហង្សមាស ហើយមិនអាចការពារតំណែងបានមានតែហង្សមាស ជាក្រុមហ៊ុនប្លែកមួយ ព្រោះទៅលើកអ្នកណាផ្សេង បើមិនប្រឹងលើកសាច់ញាតិរបស់ខ្លួនទេ?

អ្នកដែលស្និទ្ធឱក សុគន្ធកញ្ញា បានបង្ហើបឱ្យដឹងថា ស្វាមីតារាចម្រៀងរូបនេះ គឺលោកអ៊ឹង សុខលី ក្រៅពីអ្នកគ្រប់គ្រងលើទូរទស្សន៍ហង្សមាស ទាំងមូល លើបុគ្គលិករាប់រាយនាក់នោះ លោកសុខលី ក៏ជាអ្នកមានឥទ្ធិពលលើផលិតកម្មហង្សមាស ដែលគ្រប់គ្រងដោយកូនថៅកែហង្សមាស គឺលោកអ៊ឹង សុខលាភ នោះដែរ ហេតុនេះហើយ ការធ្វើបទចម្រៀងភ្លេចឱ្យតារាណា ក៏ភ្លេចចុះ តែបើភ្លេចធ្វើបទចម្រៀងឱ្យប្រពន្ធលោកច្រៀង តើលោកសុខលី សុខចិត្តទេ?

ប្រភពនោះអះអាងថា តំណែងឱក សុគន្ធកញ្ញា ត្រូវបានប្តីនាង លោកសុខលី តាមការពារជាប់ទាំងតួនាទីធំៗនៅទូរទស្សន៍ហង្សមាស រួមទាំងនៅផលិតកម្មផងដែរ។

ការទប់មិនឱ្យសុគន្ធកញ្ញា ធ្លាក់ចុះនោះមានដូចជាស្វាមីរបស់នាងបានប្រគល់តំណែងធំៗ ដល់ទៅ4ផ្សេងគ្នា ក្រោមការគ្រប់គ្រងរបស់លោក ដូចជា ប្រគល់ឱ្យសុគន្ធកញ្ញា ជាគ្រូបង្វឹកនិងគណៈកម្មការ The Voice Cambodia ,The Voice Kids Cambodia ,Cambodian Idol និង X Factor Cambodia ខណៈដែលតារាស្រីផ្សេងទៀត ក្រៅពីសុគន្ធកញ្ញា អាចបានតំណែងនេះតែមួយ ឬប្រឈមការដកចេញទៀតផង ជាក់ស្តែងដូចជា សុគន្ធ និសា និងពេជ្រ សោភា ជាឧទាហរណ៍ស្រាប់។

ប្រភពនោះបានឱ្យដឹងថា បើហង្សមាស ទិញកម្មវិធីប្រលងចម្រៀងថ្មីៗពីបរទេសបានទៀតនោះ សុគន្ធកញ្ញា ប្រាកដជាត្រូវស្វាមីរបស់នាងរុញឱ្យទៅកាន់កម្មវិធីនោះ ថែមទៀតជាមិនខាន ហេតុនេះហើយ តារាផ្សេងទៀតដែលមាន សមត្ថភាពប្រហាក់ប្រហែលសុគន្ធកញ្ញា នោះ ច្បាស់ជាឱកាសមានកាន់តែខើចទៅៗ ព្រោះថា នៅក្រុមហ៊ុនហង្សមាស ឱក សុគន្ធកញ្ញា គឺជា “តួឯក”។

ទោះជាឱក សុគន្ធកញ្ញា ត្រូវបានស្វាមីដាក់ជើងព្រួលការពារតំណែងមិនឱ្យរបូតចុះក្រោមយ៉ាងណា ប៉ុន្តែតារាចម្រៀងមួយចំនួននៅហង្សមាស បែរជានិយាយថា ការល្បីរបស់សុគន្ធកញ្ញា មិនអាស្រ័យនៅលើដៃរបស់ប្តីនាងឡើយ។ តារាដែលស្និទ្ធសុគន្ធកញ្ញា នោះថា នៅលើសមត្ថភាពរបស់សុគន្ធកញ្ញា ផ្ទាល់ ហើយមហាជនជាអ្នកកំណត់ទេ។

ការអះអាងបែបនេះ ត្រូវបានអ្នកស្រីអ៊ិន ថាច ម្តាយរបស់សុគន្ធកញ្ញា យល់ស្រប ដោយលោកស្រីថា កូនស្រីគាត់មិនបារម្ភច្រើនរឿងខ្លាចធ្លាក់កូដនោះទេ ព្រោះតែយល់ថា ទស្សនិកជនគាំទ្រតារាទៅលើសមត្ថភាព មិនមែនមកពីរឿងរៀបការមានប្តី គេលែងស្រលាញ់គាំទ្រនោះទេ។

ចំណែកលោកម៉ិញ សុធីវណ្ណ តន្ត្រីករជើងចាស់បាននិយាយយ៉ាងខ្លីថា សុគន្ធកញ្ញា នៅតែល្បីទៀតឬក៏អាចធ្លាក់ចុះ គឺនៅលើតែហង្សមាស ម្នាក់គត់ ជាអ្នកកំណត់បើគេចង់ឱ្យនៅតែល្បី គឺល្បីដដែល បើគេចង់ឱ្យធ្លាក់ គឺធ្លាក់ហើយ ព្រោះផលិតកម្មមួយនេះធ្លាប់ធ្វើព្យុះភ្លៀងជាច្រើនលើកច្រើនសាមកហើយ។

ក្រៅពីឱក សុគន្ធកញ្ញា ដែលនៅមិនទាន់ដឹងថា នាងនៅតែខ្លាំងឬប្រឈមការចុះខ្សោយនោះ គេឃើញតារាចម្រៀងនិងសម្តែងមួយចំនួនដែលរៀបការប្តីហើយ លែងល្បីដូចកាលនៅក្រមុំ មានដូចជា យក់ ថិតរដ្ឋា , សារ៉ាយ សក្ខណា , លី ម៉ារីណា , គង់ ច័ន្ទស្រីមុំ ជាដើម ខណៈដែលពេលនេះ សុគន្ធ និសា ក៏ស្ងប់ស្ងាត់ដែរ៕

RELATED ARTICLES