Friday, April 19, 2024
Homeព័ត៌មានជាតិ១សូន្យ ករណីលក់ស៊ីមអត់យកអត្តសញ្ញាណប័ណ្ណ

១សូន្យ ករណីលក់ស៊ីមអត់យកអត្តសញ្ញាណប័ណ្ណ

ភ្នំពេញ ៖ បុរសជាម្ចាស់ហាងលក់ទូរស័ព្ទម្នាក់ត្រូវបានសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌ៧មករា ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណពីអ្នកទិញ ដោយអនុវត្តផ្ទុយពីលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចដែលទើបបង្ហាញនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ បានបញ្ជាក់ថា សមត្ថកិច្ចបានធ្វើការនាំខ្លួនបុរសម្នាក់ឈ្មោះស៊ឹង វណ្ណធី អាយុ៤១ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទនិងបញ្ចាំដែលមានយីហោ ហេង សុខលាភ មានទីតាំងផ្ទះលេខ១២BE0 ផ្លូវលេខ១៨២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ដើម្បីសាកសួរ ពាក់ព័ន្ធនឹងការលក់ស៊ីលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណ ដោយធ្វើអក្សរ LED រត់ពីមុខហាង “ទិញស៊ីមកាតមិនចាំបាច់ប្រើអត្តសញ្ញាណប័ណ្ណ” ដែលផ្ទុយពីលិខិតរបស់និយ័តករទូរគមនាគមន៍កម្ពុជា លេខ១១០៦ ន.ទ.ក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ស្តីពីឱសានវាទចុងក្រោយត្រឹមថ្ងៃ០១ ខែកក្កដា ឆ្នាំ២០១៨ ក្នុងការបញ្ឈប់ការលក់ស៊ីមកាតទូរស័ព្ទដោយមិនយកអត្តសញ្ញាណប័ណ្ណ និងច្បាប់ស្តីពីទូរគមនាគមន៍។

នៅចំពោះមុខមន្ត្រីជំនាញ ឈ្មោះ ស៊ឹង វណ្ណធី បានឆ្លើយសារភាពថា ខ្លួនពិតជាបានលក់ស៊ីមកាតដោយមិនយកអត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួន និងលក់ស៊ីមកាតដែលមានអត្តសញ្ញាណប័ណ្ណអ្នកដទៃជំនួស ព្រមទាំងបានធ្វើ LED ដើម្បីផ្សាយពាណិជ្ជកម្មនៅខាងមុខហាងប្រាកដមែន។ បច្ចុប្បន្ននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការនគរបាលជាតិ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

សូមបញ្ជាក់ថា កន្លងមកមានបទល្មើសជាច្រើន ដូចជាការប្រើទូរស័ព្ទមកបោកបញ្ឆោតជនរងគ្រោះដើម្បីឈ្នះរង្វាន់ផ្សេងៗ ការឆបោកតាមរយៈការក្លែងធ្វើជាសាច់ញាតិជួបគ្រោះថ្នាក់ចរាចរណ៍ និងតម្រូវឱ្យផ្ញើប្រាក់មកសង្គ្រោះ ការឆបោកតាមរយៈបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាបទល្មើសដែលបង្កអសន្តិសុខដល់សង្គមផ្សេងៗទៀត។

សមត្ថកិច្ចមានការលំបាកក្នុងការស្រាវជ្រាវរកជនល្មើសដើម្បីយកមកផ្តន្ទាទោសដោយសារជនល្មើសទាំងនេះបានទិញស៊ីមកាតទូរស័ព្ទ ដែលមិនមានអត្តសញ្ញាណច្បាស់លាស់យកមកបោកប្រាស់។

ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការ ជាមួយសមត្ថកិច្ចនគរបាលដោយមិនទិញ ឬលក់ស៊ីមកាតទូរស័ព្ទ ដែលគ្មានអត្តសញ្ញាណច្បាស់លាស់ ជាពិសេសឱ្យបណ្តាហាងលក់ស៊ីមកាតទាំងអស់ឱ្យបញ្ឈប់ជាបន្ទាន់ រាល់ការលក់ស៊ីមកាតដែលមិនមានបពាក្ជា់អត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ ព្រោះពួកគេអាចប្រឈមមុខនឹងច្បាប់និងបិទអាជីវកម្មរបស់ខ្លួន៕

RELATED ARTICLES