Saturday, April 20, 2024
Homeព័ត៌មានជាតិ១៥ឆ្នាំហើយ នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ...ប្រពន្ធខកចិត្ត

១៥ឆ្នាំហើយ នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះ…ប្រពន្ធខកចិត្ត

ខេត្តតាកែវ ៖ ទណ្ឌិតម្នាក់បានជាប់ទោសអស់រយៈពេល១៥ឆ្នាំរួចមកហើយ នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះនឹងត្រូវរួចទោស ត្រូវដោះលែងឱ្យមានសេរីភាពវិញទៅហើយ រីឯស្ត្រីជាប្រពន្ធក៏ត្រៀមចាំទទួលរួមរស់ជុំគ្នាវិញដែរ ស្រាប់តែអកុសលអាការជំងឺលើសឈាមរបស់ទណ្ឌិតរូបនោះធ្វើទុក្ខ បណ្តាលឱ្យស្លាប់ក្នុងមន្ទីរពេទ្យយ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ នៅចំណុចក្នុងមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ជាហេតុធ្វើឱ្យស្ត្រីជាប្រពន្ធបានត្រឹមទទួលយកសពប្តីត្រឡប់ទៅវិញប៉ុណ្ណោះ។

ទណ្ឌិតដែលស្លាប់ខាងលើ មានឈ្មោះ គុច ធី ភេទប្រុស អាយុ៤៤ឆ្នាំ មានលំនៅក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ មានទោសក្នុងបទល្មើសប្លន់ដែលត្រូវជាប់ពន្ធនាគារ១៦ឆ្នាំ។

តាមប្រភពពីមន្ត្រីពន្ធនាគារម្នាក់បានឱ្យដឹងថា អ្នកទោសម្នាក់នេះកាលមុនត្រូវបានបញ្ជូនមកមន្ទីរពេទ្យដើម្បីព្យាបាលម្តងរួចមកហើយ លុះនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ ជំងឺចាស់ក៏បានរើឡើងវិញតាំងពីព្រឹកមក។ ដោយសារស្ថានភាពជំងឺរបស់អ្នកទោសកាន់តែធ្ងន់ៗទៅនោះ ទើបនៅវេលាម៉ោង៣រសៀលក៏បញ្ជូនយកទៅព្យាបាល តែវាយឺតពេលទៅហើយ។

ក្រោយពីមានទណ្ឌិតស្លាប់មន្ត្រីពន្ធនាគារបានបង្កើតគណៈកម្មការចម្រុះពិនិត្យលើសពភ្លាមៗផងដែរ ដែលមានសមាសភាព លោកអនុប្រធានពន្ធនាគារ លោកអនុប្រធានការិយាល័យពន្ធនាគារ លោកនាយផ្នែកពន្ធនាគារ លោកគ្រូពេទ្យប្រចាំពន្ធនាគារ លោកវេជ្ជបណ្ឌិត និងលោកព្រះរាជអាជ្ញារងសាលាដំបូងខេត្តតាកែវផងដែរ។ ក្រោយដំណើរការពិនិត្យរបស់គណៈកម្មការចម្រុះបង្ហាញថា នៅលើសពទណ្ឌិតមិនបានរកឃើញស្លាកស្នាមអ្វីគួរឱ្យសង្ស័យ បណ្តាលមកពីធ្វើទារុណកម្មទៅលើជនរងគ្រោះនោះទេ។

ក្រោយមកគណៈកម្មការចម្រុះបានចេញសេចក្តីសន្និដ្ឋានថា គាត់ស្លាប់ដោយសុខភាពផ្ទាល់ខ្លួន គឺមានជំងឺលើសឈាមនិងគាំងបេះដូង ហើយបានប្រគល់សពឱ្យប្រពន្ធយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES