នៅ សុនិតា មានកូន១ភ្លាម ឈ្នះនារី២នាក់ផ្សេងទៀត

0
672

ការសម្រាលកូនប្រុសកាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ នៅមន្ទីពេទ្យអរឃីត កោះពេជ្រ ធ្វើឱ្យនៅ សុនិតា ក្លាយទៅជាម្តាយរបស់គេទាំងវ័យក្មេងទាំងដែលនាងមិនទាន់រៀបការឡើយ ទើបធ្វើឱ្យមហាជនមួយចំនួនបានរិះគន់សុនិតា ថា នាងសុខចិត្តសាងស្នេហ៍ឥតខាន់ស្លាដើម្បីបានងារជំទាវរបស់លោកទិត ថាវរិទ្ធ ហើយតារាកូន១រូបនេះ នឹងមានទ្រព្យជាច្រើនលានដុល្លារក្នុងកណ្តាប់ដៃ ដែលលោកថាវរិទ្ធ នឹងផ្គាប់ចិត្តនាងតបស្នងការបង្កើតកូន។

អ្នកសិល្បៈមួយចំនួនទៀត និយាយថា សុនិតា បានយកឈ្នះអតីតប្រពន្ធទាំង២របស់គូស្នេហ៍ទៀតផង ព្រោះពេលនេះនាងមានកូនដោយមិនបាច់រៀបការ…។

នៅ សុនិតា ដែលពពោះ៩ខែ១០ថ្ងៃ ជាតំណក់ឈាមរបស់លោកទិត ថាវរិទ្ធ នោះ ទីបំផុតនាងសម្រាលបានកូនប្រុសម្នាក់ដោយជោគជ័យ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ធ្វើឱ្យលោកថាវរិទ្ធ សប្បាយចិត្តក្រៃលែង ព្រោះថា ភរិយាក្មេងរបស់លោកមិនធ្វើឱ្យលោកខកចិត្តដូចអតីតប្រពន្ធនិងស្រីស្នេហ៍មុនៗឡើយ។

ស្វាមីរបស់នៅ សុនិតា គឺលោកទិត ថាវរិទ្ធ ធ្លាប់បានរៀបការជាមួយអ្នកនាងលី ម៉ារីណា តែបានលែងលះគ្នាវិញដោយចម្រូងចម្រាស ហើយអតីតអគ្គនាយករងទូរទស្សន៍បាយ័នរូបនេះ ក៏បានទៅភ្ជាប់ស្នេហ៍ថ្មីជាមួយអ្នកមេម៉ាយស៊ឹម សូលិកា រយៈពេលជាង៥ឆ្នាំ ប៉ុន្តែក្នុងចំណោមតារាទាំង២ គ្មានអ្នកណាម្នាក់ពពោះឱ្យលោកថាវរិទ្ធ ឡើយ។

ប៉ុន្តែការសាងស្នេហ៍ថ្មីជាមួយស្រីក្មេង នៅ សុនិតា គឺធ្វើឱ្យលោកថាវរិទ្ធ បានបីកូនង៉ែតលេងបានភ្លាមៗតែម្តង ខុសពីអ្នកនាងម៉ារីណា និងសូលិកា ដែលមិនបានបំពេញបំណងរបស់លោក ក្នុងការចង់បានកូនង៉ាប្រលែងលេងនេះ។

ទោះជាយ៉ាងណា មជ្ឈដ្ឋានមហាជននិងអ្នកសិល្បៈមួយចំនួនបានលើកឡើងប្រហាក់ប្រហែលគ្នាថា ការដែលនៅ សុនិតា ព្រមកាត់កេរ្តិ៍កាត់ខ្មាសពពោះទាំងមិនបានរៀបការឱ្យលោកទិត ថាវរិទ្ធ នៅពេលនេះ គឺដោយសារតែតារារូបនេះចង់ចងជើងប្តីឥតខាន់ស្លាដើម្បីកុំឱ្យងាករេទៅរកស្រីផ្សេងទៀត។ ម៉្យាងទៀត សុនិតា បានឃើញអតីតតារាមួយចំនួនដែលក្លាយទៅជាជំទាវដូចនាងដែរ គឺបានបង្កើតកូនក្រមុំកំលោះអស់ទៅហើយ ប៉ុន្តែអ្នកខ្លះមិនទាន់រៀបការឡើយ។

ដោយឡែក ការដែលអ្នកខ្លះបានលើកឡើងថា សុនិតា ចងជើងលោកថាវរិទ្ធ នោះ ព្រោះគេដឹងថា ពោះម៉ាយរូបនេះមានទ្រព្យស្តុកស្តម្ភ ហើយត្រូវប៉ាន់ដីធ្លីរាប់ហិកតារតម្លៃរាប់លានដុល្លារទៀតផង នៅតំបន់កែវផុស ក្រុងព្រះសីហនុ។

គេថា សុនិតា ក្រោយបង្កើតកូនបានមួយឱ្យគូស្នេហ៍ហើយ នាងនឹងក្លាយជាម្ចាស់កម្មសិទ្ធិទាំងនោះក្នុងពេលឆាប់ៗជាមិនខាន បើទោះជាពេលនេះ នាងមិនទាន់មានគម្រោងដឹកដៃប្តីចូលរោងការដើម្បីគេចចេញពីការរិះគន់ថា ពួកគេលេងស្នេហាអត់ខាន់ស្លាក្តី។

នៅ សុនិតា បានជាប់អន្ទាក់ស្នេហ៍លោកទិត ថាវរិទ្ធ នៅពេលដែលនាងទទួលបានតំណែងតួឯកក្នុងរឿង “អច្ឆរិយអង្គរ” ជំនួសអ្នកនាងស៊ឹម សូលិកា ហើយមិនត្រឹមតែជំនួសក្នុងរឿងទេ ប៉ុន្តែសុនិតា បានទៅជំនួសទាំងបេះដូងទៀតផង អំឡុងពេលដែលលោកថាវរិទ្ធ កំពុងឈឺចិត្តស្អិតទ្រូងដោយសារតែត្រូវអតីតកូនចៅ គឺលោកអេង រិទ្ធី ឆក់អ្នកមេម៉ាយស៊ឹម សូលិកា ទៅបាត់នោះ។

ទោះជាយ៉ាងណា ពេលនេះនៅ សុនិតា និងស៊ឹម សូលិកា ហាក់កាច់កុងគ្នាកាន់តែខ្លាំងឡើង ដូចជាពួកគេទៅទិញផ្ទះវីឡានៅបុរីប៉េង ហួត ស្ថិតក្នុងគម្រោងទី៨ (បឹងស្នោ) ក្បែរគ្នា ហើយជាញឹកញាប់គេឃើញពួកគេលេងម៉ូដឡានបង្អួតគ្នាទៀតផង។

ទោះជាយ៉ាងណា គេឃើញពេលនេះ នៅ សុនិតា បានយកឈ្នះទាំងអតីតប្រពន្ធនិងសង្សារលោក ថាវរិទ្ធ ទៅហើយ តាមរយៈការបង្កើតកូនប្រុសឱ្យអតីតនាយករងទូរទស្សន៍បាយ័ន រូបនេះ ហើយគេជឿថា ដើម្បីជាការតបស្នងទៅសុនិតា នោះ លោកថាវរិទ្ធ ច្បាស់ជាមិនត្រឹមតែប្រគល់ទ្រព្យឱ្យនាងទេ ប៉ុន្តែលោកក៏មិនខ្លាចការបំពេញខាន់ស្លា តាមរយៈការរៀបការជាមួយប្រពន្ធកូនមួយនេះឡើយ ព្រោះសកម្មភាពទាំងនេះក៏អាចបញ្ឈឺធ្វើឱ្យអតីតគូស្នេហ៍ស៊ឹម សូលិកា ភ្ញាក់ផ្អើលថែមទៀតដែរ។

ចំណងស្នេហ៍ខុសវ័យនេះ ធ្វើឱ្យនៅ សុនិតា ដើរតាមគន្លងអតីតតារាមួយចំនួនដែលរស់នៅលើគំនរទ្រព្យ ហើយឈានទៅបោះបង់អាជីពសិល្បៈចោលទាំងស្រុងតែម្តង ក្រោយពេលនាងកើតកូនប្រុសបានម្នាក់ហើយគ្រោងយកកូនថែមទៀត​ដើម្បីផ្គាប់ចិត្តប្តី៕