មាស លក្ខិណា ចង់ដកឃ្លារកស៊ី ឆ្លៀតទៅច្រៀងនៅបរទេស

0
214

តារាចម្រៀងដែលល្បីបទជំនាន់ដើម អ្នកនាងមាស លក្ខិណា ដែលរកស៊ីលក់ត្រីងៀតនិងបើកស្ទូឌីយូនោះអះអាងថា នាងនឹងចេញទៅច្រៀងសម្តែងនៅបរទេសក្នុងពេលឆាប់ៗនេះហើយ ជាមួយដៃគូលោកអ៊ុង សុផល្លី។

យ៉ាងណា តារាដែលត្រូវប៉ាន់បទមរតកដើមរូបនេះនៅមិនទាន់ប្រាប់ថា នឹងចេញទៅច្រៀងនៅប្រទេសណានោះទេ គ្រាន់តែបង្ហើបថា មានសំណើមកហើយអ៊ីចឹងអ្នកនាងនឹងផ្អាកមុខជំនួញលក់ត្រីងៀត ហើយផ្តោតលើការច្រៀងសម្តែងនៅក្រៅស្រុកក្នុងពេលឆាប់ៗនេះសិន។

កន្លងមក គេធ្លាប់ឃើញអ្នកនាងមាស លក្ខិណា ហៅកៃ ស៊ីន ធ្លាប់ឡើងច្រៀងនៅតាមបណ្តាប៉ុស្តិ៍ជាច្រើន ហើយដៃគូរបស់នាង គឺតារាចម្រៀងអ៊ុង សុផល្លី ហើយទស្សនិកជនសរសើរថា តារាទាំងពីរច្រៀងសម្តែងស៊ីចង្វាក់គ្នាបានល្អ និងមានទឹកដមសំនៀងពិរោះជក់ចិត្តនៅពេលពួកគេច្រៀងបទជំនាន់ដើម។

អ្នកនាងលក្ខិណា បានឱ្យដឹងថា តាមគម្រោងអ្នកនាងត្រូវចេញទៅច្រៀងនៅក្រៅស្រុកតាំងពីខែមេសា ម៉្លេះ ប៉ុន្តែដោយសារជាប់រកស៊ីមុខជំនួញលក់ត្រីងៀតនិងបើកស្ទូឌីយូ ទើបពេលនោះចេញទៅមិនទាន់បាន។ ប៉ុន្តែសម្រាប់ការទាក់ទងពី Sponsor កាលពីថ្មីៗនេះ អ្នកនាងសម្រេចចិត្តថា ត្រូវតែផ្អាកមុខរបរក្នុងស្រុកមួយអន្លើសិន ដើម្បីឆ្លៀតទៅច្រៀងសម្តែងនៅក្រៅស្រុកក្នុងពេលដ៏ឆាប់ៗនេះ។

ដោយឡែក តារាចម្រៀងអ៊ុង សុផល្លី វិញ បានឱ្យដឹងដែរថា តាំងពីលោកចាប់ដៃគូជាមួយអ្នកនាងមាស លក្ខិណា មក ឃើញថា ទីផ្សារចម្រៀងមានការស្ទុះឡើង ទាំងការទាក់ទងច្រៀងបណ្តាកម្មវិធីទាំងឡាយក្នុងស្រុក តាមប៉ុស្តិ៍ទូរទស្សន៍ និងការទាក់ទងមកពីក្រៅស្រុក។

លោកផល្លី ថា ការចេញទៅច្រៀងសម្តែងនៅក្រៅស្រុកវិញ លុះត្រាតែមានការអញ្ជើញទៅជាមួយដៃគូរបស់លោក គឺអ្នកនាងមាស លក្ខិណ ទើបលោកព្រមទៅ ព្រោះថាការមានដៃគូយល់ចិត្តគ្នា ទើបងាយស្រួលក្នុងការច្រៀងសម្តែងរួមគ្នា៕