មិត្តភក្តិនឹងគ្នាក៏ដោយ តែរឿងនិយាយដើមនេះ មិនមានអ្នកណាទ្រាំបានទេ

0
72

ភ្នំពេញ ៖ បុរសម្នាក់ជាបុគ្គលិកសណ្ឋាគារម្នាក់ខឹងនឹងបុរសជាអ្នករត់ម៉ូតូកង់បីម្នាក់ និយាយដើមគ្រួសាររបស់ខ្លួនថា រកស៊ីគ្មានសល់លុយគិតតែលេងល្បែង ក៏ធ្វើឱ្យកើតជាទំនាស់ពាក្យសម្តីរហូតឈានដល់អំពើហិង្សាទាញកៅអីវាយគូទំនាស់បណ្តាលឱ្យសន្លប់ស្តូក បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នៅចំណុចទល់មុខផ្ទះលេខ៨២ ក្រុម១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។

បុរសដៃដល់មានឈ្មោះហុង សាន អាយុ២៦ឆ្នាំ ជាបុគ្គលិកសណ្ឋាគារ ស្នាក់នៅផ្ទះជួល ផ្លូវ៤៨០ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ចំណែកជនរងគ្រោះឈ្មោះគង់ កៃ អាយុ៣០ ឆ្នាំ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ៨២ ក្រុម១ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន។

តាមសម្តីបុរសជនដៃដល់បានឱ្យដឹងថា មុននឹងឈានទៅដល់ការប្រើហិង្សា គឺគាត់ខឹងជនរងគ្រោះរឿងនិយាយដើមគ្រួសារគាត់ថា រកស៊ីអត់សល់ ដោយសារតែលេងល្បែង លុះពេលឮបែបនេះ គាត់ក៏បានទៅប្រាប់ជនរងគ្រោះថា “កុំចេះដឹងរឿងគ្រួសាររបស់ខ្ញុំ” ស្រាប់តែជនរងគ្រោះស្រវឹងបានវាយទៅលើគាត់ មិនតែប៉ុណ្ណោះមានទាំងប្រុសមានទាំងស្រីមកព្រួតវាយគាត់បន្ថែមទៀត ទើបគាត់ការពារខ្លួនក៏បានទាញកៅអីវាយទៅវិញ បណ្តាលឱ្យជនរងគ្រោះរងរបួសបែកមាត់សន្លប់ស្តូកស្តឹងតែម្តង។

តាមសម្តីក្រុមគ្រួសាររបស់ជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះនិងជនបង្កសុទ្ធតែជាអ្នកស្គាល់គ្នាហើយធ្លាប់រស់នៅជាមួយគ្នាទៀតផងតែដោយសារតែខាងក្រុមគ្រួសាររបស់ពួកគាត់ប្រើពាក្យសម្តីមិនសមរម្យទើបធ្វើឱ្យជនបង្កខឹងរហូតបង្កជាទំនាស់ពាក្យសម្តីគ្នា ទើបឈានទៅដល់ការប្រើហិង្សាបណ្តាលឱ្យជនរងគ្រោះរងរបួសសន្លប់បែបនេះហើយភ្លាមនោះផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកឃាត់ខ្លួនជនបង្កយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលទួលទំពូង១តែម្តង ។

ក្រោយកើតហេតុ បន្ទាប់ពីសាកសួររួច ជនរងគ្រោះបានដាក់ពាក្យបណ្តឹង ចំណែកជនបង្កត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌចំការមន ដើម្បីចាត់ការតាមច្បាប់៕