Friday, April 26, 2024
Homeព័ត៌មានជាតិចេះស្រក់ទឹកភ្នែកស្តាយក្រោយដែរ... ប៉ុន្តែហួសពេលទៅហើយ

ចេះស្រក់ទឹកភ្នែកស្តាយក្រោយដែរ… ប៉ុន្តែហួសពេលទៅហើយ

ខេត្តកណ្តាល ៖ បុរសចិត្តក្តៅម្នាក់បានសុំលុយម្តាយចំនួន៣០០ដុល្លារទៅទិញម៉ូតូ តែម្តាយប្រាប់ថា អត់មានក៏ផ្ទុះកំហឹងស្ទុះទៅទាញដាវនិងដែក កាប់វាយបំផ្លាញរបស់របរក្នុងផ្ទះខ្ទេចអស់ លុះឃើញបែបនេះស្ត្រីជាម្តាយ រួមនឹងប្រពន្ធជនសង្ស័យបានចូលទៅឃាត់ ស្រាប់តែត្រូវជនកំណាចរូបនេះវ៉ៃបណ្តាលឱ្យរបួសទាំង២នាក់ថែមទៀត។

ករណីអំពើហិង្សាខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង០៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

មន្ត្រីនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ជនសង្ស័យដែលបង្កហិង្សាដាក់ម្តាយនិងប្រពន្ធរបស់ខ្លួន មានឈ្មោះលុយ ដារី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ។

ចំណែកស្ត្រីរងគ្រោះជាម្តាយ មានឈ្មោះលុយ ផល្លី អាយុ៥៨ ឆ្នាំ មុខរបរលក់ដូរ។ ជនសង្ស័យនិងស្ត្រីរងគ្រោះជាម្តាយស្នាក់នៅផ្ទះជាមួយគ្នា។

ប្រភពដដែលបន្តថា ជនសង្ស័យខាងលើនេះគឺជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន។ នៅមុនពេលកើតហេតុ ជនសង្ស័យមានសភាពបែកថ្នាំបានបែកគំនិតសុំលុយស្ត្រីរងគ្រោះជាម្តាយចំនួន៣០០ដុល្លារ ដើម្បីទិញម៉ូតូ តែម្តាយគ្មានលុយឱ្យជនសង្ស័យក៏ខឹងបានយកដាវនិងដែកមកវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ បណ្តាលឱ្យខូចខាតអស់មួយចំនួន ដូចជា ធុងទឹកកក២ កូនកង់១គ្រឿង ទូរទស្សន៍១គ្រឿង អំភ្លី១ ទូ ឈើ១ កញ្ចក់បង្អួច១ផ្ទាំង ចានឆ្នាំងមួយចំនួន បណ្តាលឱ្យបែកបាក់ខ្ទេចអស់។

ឃើញដូច្នេះ ស្ត្រីជាប្រពន្ធ រួមនឹងម្តាយក៏ចូលទៅឃាត់ ហើយក៏ត្រូវជនសង្ស័យវាយ បណ្តាលឱ្យមានរបួសស្រាល ដោយទ្រាំនឹងទង្វើរបស់ជនសង្ស័យមិនបាន ក៏ប្តឹងសមត្ថកិច្ចនគរបាលក្រុងតាខ្មៅ ឱ្យឃាត់ខ្លួនចាត់ការតាមច្បាប់។

បន្ទាប់ពីនគរបាលក្រុងតាខ្មៅ ទទួលបានព័ត៌មានខាងលើភ្លាមនោះ ក៏មកធ្វើការឃាត់ខ្លួនជនសង្ស័យ ដោយដកហូតបានវត្ថុតាង រួមមានដាវ១ដើម ប្រវែង៧៥សង់ទីម៉ែត្រ ដែកថ្នាំងអំពៅ១ដើម ប្រវែង៧០សង់ទីម៉ែត្រ និងកូនកន្ត្រៃដែកចំនួន១ផងដែរ ។

ជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុង ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES