Tuesday, April 23, 2024
Homeព័ត៌មានជាតិបើថាចេះស្ទើរ ធ្វើល្ងើល្អជាង... ចុងក្រោយនាំទុក្ខដាក់ខ្លួន

បើថាចេះស្ទើរ ធ្វើល្ងើល្អជាង… ចុងក្រោយនាំទុក្ខដាក់ខ្លួន

ខេត្តឧត្តរមានជ័យ ៖ ស្ត្រីសរសៃខ្ចីម្នាក់បានកើតមានអាការទាស់សរសៃ ទើបឪពុកម្តាយបានហៅគ្រូពេទ្យប្រចាំភូមិ (គ្រូពេទ្យត្បាញអាយ)ម្នាក់ឱ្យមកព្យាបាល លុះមកដល់គ្រូពេទ្យរូបនោះក៏បានចាក់ថ្នាំបន្តោកសេរ៉ូមឱ្យអ្នកជំងឺរហូតដល់អស់១ប្លោក ក៏ឱ្យលេបថ្នាំបន្ថែមទៀត ស្រាប់តែមិនបានប៉ុន្មាន ស្ត្រីជាអ្នកជំងឺក៏កើតអាការប្រកាច់ស្លាប់ភ្លាមៗមួយរំពេច បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចាប់ខ្លួនគ្រូពេទ្យត្បាញអាយយកទៅចាត់ការតាមច្បាប់។

ករណីបុរសតាំងខ្លួនជាគ្រូពេទ្យទាំងគ្មានជំនាញវិជ្ជាជីវៈត្រឹមត្រូវគ្រប់គ្រាន់ និងបានព្យាបាលបណ្តាលឱ្យអ្នកជំងឺម្នាក់ស្លាប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧និង៤៥នាទីយប់ ថ្ងៃទី១០ ខែសីហា  ឆ្នាំ២០១៩ នៅចំណុចភូមិជ្រឹងខាងលិច សង្កាត់កូនគ្រៀល ក្រុងសំរោង។

ស្ត្រីជាអ្នកជំងឺដែលត្រូវគ្រូពេទ្យត្បាញអាយព្យាបាលបណ្តាលឱ្យប្រកាច់ស្លាប់ មានឈ្មោះឈូក ម៉ៅ អាយុ២៤ឆ្នាំ។ ចំណែកគ្រូពេទ្យដែលព្យាបាលអ្នកជំងឺបណ្តាលឱ្យស្លាប់និងត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះស្រឿង ប៊ុនរិទ្ធ អាយុ៦១ឆ្នាំ មុខរបរគ្រូពេទ្យប្រចាំភូមិ។ អ្នកទាំង២ខាងលើមានលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើជាមួយគ្នា។

តាមប្រភពពីឪពុកម្តាយស្ត្រីរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ កូនស្រីរបស់ពួកគាត់ដែលទើបនឹងសម្រាលកូនថ្មីៗបានកើតមានអាការទាស់សរសៃ ទើបពួកគាត់បានទៅហៅគ្រូពេទ្យឈ្មោះស្រឿង ប៊ុនរិទ្ធ ដែលជាគ្រូពេទ្យប្រចាំភូមិឱ្យមកពិនិត្យព្យាបាល។ លុះគ្រូពេទ្យរូបនោះមកដល់ពិនិត្យ រួចក៏បានចាក់ថ្នាំនិងបន្តោកសេរ៉ូមឱ្យកូនស្រីរបស់ពួកគាត់ ចំនួន១កំប្លោក រហូតដល់ម៉ោងប្រមាណ៤រសៀលថ្ងៃដដែល ទើបអស់សេរ៉ូម។

ប្រភពដដែលបន្តថា បន្ទាប់មកនៅវេលាម៉ោង៦ព្រលប់ថ្ងៃដដែល គ្រូពេទ្យរូបនោះក៏បានមកពិនិត្យកូនស្រីរបស់គាត់ម្តងទៀត និងថែមទាំងបានឱ្យថ្នាំគ្រាប់ទៅកូនស្រីរបស់គាត់លេបបន្តទៀត ដោយក្នុងនោះមានថ្នាំចំនួន២ប្រភេទ គឺថ្នាំ Glugose និងថ្នាំ  Vitamin Becomplex លុះក្រោយពីកូនស្រីរបស់ពួកគាត់បានលេបរួចហើយ មកដល់វេលាម៉ោង៧និង៤៥នាទីយប់ថ្ងៃដដែលនោះ កូនស្រីរបស់គាត់ក៏ស្រាប់តែកើតមានអាការប្រកាច់ត្រដរខ្យល់ស្លាប់យ៉ាងអាណោចអាធ័មតែម្តង។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ប្រាប់ថា ក្រោយពីបានទទួលនូវព័ត៌មានថា មានគ្រូពេទ្យព្យាបាលអ្នកជំងឺបណ្តាលឱ្យស្លាប់បែបនេះ លោកបានបញ្ជូនក្រុមគ្រូពេទ្យជំនាញនិងបានសហការជាមួយសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុ តាមដានពិនិត្យស្ថានភាពរបស់សពជនរងគ្រោះ រួចក៏រកឃើញថាមូលហេតុបណ្តាលមកពីការប្រើប្រាស់ថ្នាំ ខុសបច្ចេកទេសរបស់គ្រូពេទ្យ ទើបបណ្តាលឱ្យអ្នកជំងឺស្លាប់ ខណៈមិនអាចប្រើប្រាស់ថ្នាំ Glugose និង  Vitamin Becomplex ដែលមានសារធាតុបេអងលើសចំណុះទេ ដែលជាហេតុធ្វើឱ្យមានប្រតិកម្មនិងធ្វើឱ្យជាតិស្ករឡើងខ្លាំងខ្ពស់។

លោកប្រធានមន្ទីរសុខាភិបាលរូបនេះ បានបញ្ជាក់ថា ក្រោយពីស៊ើបអង្កេតយ៉ាងម៉ត់ចត់រួចមកឃើញថា គ្រូពេទ្យត្បាញអាយដែលតាំងខ្លួនជាគ្រូពេទ្យដើរចាក់ថ្នាំព្យាបាលអ្នកជំងឺតាមភូមិរូបនេះពុំមានសញ្ញាបត្រ័បញ្ជាក់ថា  មានវិជ្ជាជីវៈជាគ្រូពេទ្យនោះទេ ហើយក៏ពុំមានអាជ្ញាប័ណ្ណពីក្រសួង ឬពីមន្ទីរសុខាភិបាលនោះផងដែរ។

យ៉ាងណាក្តី ក្រោយពីព្យាបាលបណ្តាលឱ្យអ្នកជំងម្នាក់ស្លាប់រួចមក គ្រូពេទ្យត្បាញអាយខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំទៅធ្វើការសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES