Friday, March 29, 2024
Homeព័ត៌មានជាតិប្រុសក្មេងឆាតសុំស្នេហ៍ ស្រីមិនព្រម ចុងក្រោយបានត្រឹមឱបរូបថតយំស្តាយ

ប្រុសក្មេងឆាតសុំស្នេហ៍ ស្រីមិនព្រម ចុងក្រោយបានត្រឹមឱបរូបថតយំស្តាយ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់បានថ្លាថ្លែងនូវអារម្មណ៍សោកសង្រេងរបស់ខ្លួនដែលបានបាត់បង់មនុស្សប្រុសក្មេងម្នាក់ ដែលបានព្យាយាមឆាតតាមហ្វេសប៊ុកសុំស្នេហ៍នាងកន្លងមក ប៉ុន្តែនាងមិនព្រមទទួលដោយយោងលើហេតុផលអាយុខុសឆ្ងាយពីគ្នាពេក (ប្រុសអាយុតិចជាងស្រី) លុះចុងក្រោយនាងបានត្រឹមឱបរូបថតទួញយំស្តាយប្រុសក្មេងនោះ ដែលបានបាត់បង់ជីវិតចោលនាងគ្មានថ្ងៃវិលត្រឡប់។

រឿងរ៉ាវស្នេហាខុសវ័យខាងលើនេះបានបែកធ្លាយ និងធ្វើឱ្យកើតមានការភ្ញាក់ផ្អើលពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីភាគីប្រុសបានបាត់បង់ជីវិតទៅ ចំណែកភាគីស្រីបានមកទួញយំឱបរូបថតនៅថ្ងៃបូជាសពរំលេចរឿងរ៉ាវក្នុងចិត្តរបស់ខ្លួនសោកស្តាយពេលវេលាកន្លងមក ដែលភាគីប្រុសព្យាយាមសុំស្នេហ៍តែនាងមិនព្រមទទួល លុះពេលបាត់បង់ទើបដឹងថា តម្លៃស្នេហាមួយនេះធំធេងប៉ុនណា។

នារីជាតួអង្គស្រីដែលសារភាពរឿងប្រុសក្មេងតាមសុំស្នេហ៍ តែនាងមិនព្រមរហូតប្រុសក្មេងនោះស្លាប់ទើបនាងស្តាយក្រោយនោះ មានឈ្មោះពេជ្រ ច័ន្ទបូណ៌មី អាយុ២៤ឆ្នាំ រស់នៅរាជធានីភ្នំពេញ មានគណនីហ្វេសប៊ុកឈ្មោះ “Pichchan Bormey”។ ចំណែកតួអង្គប្រុសមានឈ្មោះលី ហ៊ូវ អាយុ១៧ឆ្នាំ មានគណនីហ្វេសប៊ុកឈ្មោះ “Fai Chi Ming” រស់នៅខេត្តសៀមរាប បានបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគ្នា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទីព្រឹក នៅចំណុចផ្លូវទៅស្រះស្រង់ ស្ថិតក្នុងភូមិក្រវាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

ដំណឹងស្តីពីការស្លាប់របស់យុវជនវ័យក្មេងខាងលើបានធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើលដោយសារតែហេតុការណ៍បានកើតឡើងភ្លាមៗ ក្រោយពីយុជនរងគ្រោះបានប្តូររូបក្នុងប្រូហ្វាល (Profile) ហ្វេសប៊ុករបស់ខ្លួនជាមួយសំណេរថា “RIP Since 8.8.2019” (ស្លាប់តាំងពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩) គឺមុនពេលដែលយុវជននេះបានស្លាប់មួយថ្ងៃ។

បន្ទាប់ពីបានទទួលដំណឹងស្តីពីមរណភាពរបស់ប្រុសក្មេងដែលតាមសុំស្នេហ៍នាងនោះមក នារីឈ្មោះពេជ្រ ច័ន្ទបូណ៌មី បានសរសេរក្នុងគណនីហ្វេសប៊ុករបស់នាងនៅវេលាម៉ោង៣និង៥២នារីរសៀល ថ្ងៃទី០៩ ខែសីហា ឆ្នាំ ២០១៩ ថា “Sis សុំទោសៗដែលធ្លាប់ធ្វើបាបទុកឱកាសឱ្យខ្ញុំបានសុំទោសផង ក្រែងចង់ជួបមុខ sis eh នេះចែមិនទាន់បានជួបមុខទេ ម៉េចអូនទៅចោលចែចឹង អាក្មេងឆ្គួតថាស្រលាញ់ចែណាស់ចង់បានចែធ្វើសង្សារ ឥឡូវចែព្រមហើយណាងើបមក ចែមិនប្រកែកទៀតទេចែមិនធុញនឹងអូនទៀតទេចែឈប់ជេរអូនទៀត ហើយងើបមកបាញ់ game មួយគ្នាទៀតមកចែសុំអង្វរមកលួងចែ ពេលចែ sad ទៀត មកអូន Fai Chi Ming ខ្ញុំសុំទោសអត់ទោសឱ្យខ្ញុំផង”។

នៅវេលាម៉ោង៧និង៥៧នាទីយប់ថ្ងៃដដែល នាងបានសរសេរបន្ថែមថា “បាយមិននឹកទឹកមិនស្រេក ទឹកភ្នែកកហូរខ្សោះខ្លួនអស់ហើយ អាក្មេងចង្រៃអើយឈប់ស្រលាញ់ចែ ហើយហ៎ ឯងថាឯងបង្ខំចិត្តហៅខ្ញុំថាចែ ព្រោះឯងមិនពេញចិត្តទេ ចង់ហៅខ្ញុំថាអូនឥឡូវហៅម៉េចក៏បាន ឱ្យតែឯងក្រោកមកនិយាយជាមួយចែម្តងទៀត ក្រោកមកច្រៀងឱ្យចែស្តាប់តិចមកនឹកណាស់ ចែមានរឿងចង់សុំទោសឯងក៏ឯងមិនទុកឱកាសឱ្យចែបានសុំទោស ស្អប់ចែខ្លាំងហើយមើលទៅ តែចែនឹងចងចាំឯងទុករហូតតទៅ លីហ៊ូវ”។

នៅវេលាម៉ោង៩និង៥២នាទីយប់ថ្ងៃដដែល នារីជាម្ចាស់ណនីហ្វេសប៊ុកដដែលបានសរសេរបន្ថែមទៀតថា “លីហ៊ូវ មកវិញមកណា ខ្ញុំសុំទោស ខ្ញុំបើក Block វិញហើយលេខក៏ខ្ញុំ unblock វិញ ដែលខ្ញុំចាំ you call​ មក”។

បន្ទាប់មក នៅវេលាម៉ោង១០និង៥៥នាទីយប់ថ្ងៃដដែល នាងបានសរសេរបន្ថែមទៀតថា “ចែដឹងថាអូនមិនបានធ្វើលេងទេ តែអូនតាំងចិត្តឱ្យវាទៅជាបែបហ្នឹង អូនធ្វើឱ្យចែមានវិប្បដិសារៈគ្មានថ្ងៃលើកលែងទោសឱ្យខ្លួនឯង។

ដោយឡែកនៅវេលាម៉ោង៣និង១៣នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នារីដដែលបានសរសេរបន្ថែមក្នុងគណនីហ្វេសប៊ុករបស់នាងថា “ស្អែកជួបគ្នាណាក្មេងល្អ នឹងឱបឱ្យបាត់នឹកនិងទៅជូនដំណើរផង”។ លុះមកដល់វេលាម៉ោង១១និង៤៧នាទីព្រឹកថ្ងៃដដែល នាងបានសរសេរបន្ថែមទៀតថា “តិចទៀតជួបគ្នាណា លីហ៊ូវ សុំឱបឱ្យបាត់នឹកម្តង សងពេលដែលចង់ជួបខ្ញុំ ខ្ញុំមិនបានជួបដឹងថាអ្វីៗហួសពេល តែខ្ញុំក៏ឈឺមិនស្ទើរដែរ”។

នារីដដែលបានសរសេរបន្ថែមក្នុងគណនីហ្វេសប៊ុករបស់នាងនៅវេលាម៉ោង១២និង ៣៨នាទីរសៀលថ្ងៃដដែលថា “បងមាននឹកអូនអត់ “លីហ៊ូវ” បងធ្វើឱ្យខ្ញុំច្របូកច្របល់ក្នុងជីវិតណាស់”។ នៅវេលាម៉ោង៩និង៥៨នាទីយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩ នារីដដែលបានសរសេររៀបរាប់បន្ថែមថា “ចុងក្រោយបានត្រឹមយំឱបរូបថតបង វិប្បដិសារីក្នុងជីវិតខ្ញុំទុកបងចោលយូរពេកហើយ ឥឡូវខ្ញុំមករកហើយពីភ្នំពេញ-សៀមរាប ដឹងថាឆ្ងាយណាស់ ខ្ញុំខំមកពីឆ្ងាយតែបងបែរជាគេងលក់ ធ្វើមិនដឹងមិនខ្វល់ពីខ្ញុំ មិនក្រោកមកសួរថា មកពីឆ្ងាយហត់ឬអត់ ចេះចិត្តដាច់ទៅកើត។ មិនដូចម៉ាក់ប៉ាបងទេ គាត់ល្អនឹងអូនណាស់ គាត់មិនដែលស្គាល់អូនទេ តែគាត់ហៅអូនថា កូនស្រីពេញៗមាត់។ អូនខុសខ្លាំងណាស់ដែលយកការស្រលាញ់របស់បងមកលេងសើច បែរជាទៅស្រលាញ់មនុស្សដែលគេមិនខ្វល់ពីអូន ដល់ពេលបាត់បងទើបដឹងថាស្រលាញ់ តែអ្វីៗហួសអស់ហើយ “លីហ៊ូវ” បងទៅឱ្យបានសុខណាជាតិក្រោយមានពិត សុំជួបបងម្តងទៀតអូនសុំទោសៗគ្រប់រឿងកន្លងមក”។

ជាចុងក្រោយ នៅវេលាម៉ោង១និង០៧នាទីរសៀល ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ នារីឈ្មោះពេជ្រ ច័ន្ទបូណ៌មី បានបង្ហោះរូបភាពនាងអង្គុយឱបរូបថតនិងធាតុរបស់សពប្រុសក្មេងឈ្មោះលីហ៊ូវ ដែលតាមស្រឡាញ់នាងនោះថា “ទីបំផុតខ្ញុំឈ្នះបងហើយឈ្នះដោយបងគ្មានពាក្យតវ៉ា តែខ្ញុំសុំដូរវិញបានអត់? ខ្ញុំលែងចង់ឈ្នះទៀតហើយ សុំដូរជាការឱបបាននៅក្បែរវិញបង ព្រមអត់? គ្រប់យ៉ាងរួចរាល់អស់ហើយអូនជូនដំណើរបងលើកចុងក្រោយ សុំឱ្យបងឆាប់ចាប់ជាតិជាថ្មី ជួបតែមនុស្សល្អនិងសំណាងល្អរហូតទៅ “លីហ៊ូវ”។

ក្រោយការបង្ហោះរឿងរ៉ាវដ៏សោកសៅខាងលើនេះរួចមក មានការចែករំលែក (Share) តៗគ្នា ពេញក្នុងបណ្តាញសង្គមហ្វេសប៊ុក។ ជាមួយនេះក៏មានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនបានសម្តែងនូវអារម្មណ៍អាណិតអាសូរចំពោះយុវជនខាងលើ ដែលមិនគួរបាត់បង់ជីវិតទាំងវ័យក្មេងដោយមិនបានស្តាប់ឮសម្តីរៀបរាប់ពីអារម្មណ៍ស្តាយស្រណោះរបស់មនុស្សស្រីដែលខ្លួនតាមស្រលាញ់ ដែលទើបនឹងមកទន់ចិត្តក្រោយសារភាពចុះចាញ់ស្នេហ៍ ក្រោយពេលប្រុសម្នាក់នោះ បានចាកចេញដោយគ្មានថ្ងៃវិលត្រឡប់ទៅហើយ៕

RELATED ARTICLES