Thursday, April 25, 2024
Homeតារាខ្មែរពិតប្រាកដហើយ!!! អ្នកនាងសុឹម សូលិកា ចូលរោងការជាមួយលោកអេង រិទ្ធី ថ្ងៃទី០៩ ខែកញ្ញានេះ

ពិតប្រាកដហើយ!!! អ្នកនាងសុឹម សូលិកា ចូលរោងការជាមួយលោកអេង រិទ្ធី ថ្ងៃទី០៩ ខែកញ្ញានេះ

ស្ទើរតែមិនគួរឲ្យជឿឡើយថា នៅទីបំផុត ចំណងស្នេហារបស់អ្នកមេម៉ាយស៊ឹម សូលិកា និងពោះម៉ាយលោកអេង រិទ្ធី បានឈានដល់ជីវិតអាពាហ៍ពិពាហ៍ទៅហើយ គឺកំណត់យកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ ដែលរៀបចំជប់លៀងធំនៅមជ្ឈមណ្ឌលកោះពេជ្រ អាគារ D។

មហាជនជាច្រើនបានសម្ដែងការភ្ញាក់ផ្អើលចំពោះអ្នកនាងស៊ឹម សូលិកា ដែលនាងបានទៅកុម្មង់ឈុតកូនក្រមុំនៅរសៀលថ្ងៃទី២០ ខែសីហា ដោយនាងភ្ជាប់សារអមជាមួយឈុតកូនក្រមុំនោះថា ”កូនក្រមុំ” (Bride ០៩ ០៩ ២០១៩)។

អ្នកគាំទ្រនាងស៊ឹម សូលិកា បានសម្ដែងការភ្ញាក់ផ្អើល ហើយពួកគេចាប់ផ្ដើមបញ្ចេញសារអបអរសាទរនាងដែលសម្រេចចិត្តរៀបការជាមួយលោកអេង រិទ្ធី នៅមុនរដូវបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។

អ្នកយកព័ត៌មានយើងបានព្យាយាមទាក់ទងទៅអ្នកនាងស៊ឹម សូលិកា តាមទូរស័ព្ទជាច្រើនលើក កាលពីថ្ងៃទី២០ ខែសីហា នេះ ប៉ុន្តែទូរស័ព្ទនាងត្រូវបានបិទទើបមិនអាចទាក់ទងបានទេ។

ប៉ុន្ដែអ្នកដឹកនាំសម្ដែងភាពយន្ដម្នាក់នៅទូរទស្សន៍បាយ័ន ដែលស្និទ្ធអ្នកនាងស៊ឹម សូលិកា ដែលស្នើសុំមិនឲ្យដាក់ឈ្មោះនោះ​បានទទួលស្គាល់ថា​ដំណឹងនេះគឺជាការពិត។

អ្នកដឹកនាំល្បីឈ្មោះរូបនេះ និយាយខ្លីថា ”សូលិកា រៀបការជាមួយលោករិទ្ធី នៅថ្ងៃទី៩​ខែកញ្ញា​​ ហ្នឹងមែន។ ប៉ុន្ដែខ្ញុំអត់ទាន់ទទួលបានធៀបការគាត់ទេ។ ដឹងតែថា ការថ្ងៃហ្នុងទៅបានហើយ…”។

ស៊ឹម សូលិកា បានរៀបការជាមួយលោកភីរៈ មានកូនស្រីម្នាក់ឈ្មោះសុកាន ភីរៈណុច អាយុ១៩ឆ្នាំ​ ទើបចំណងស្នេហ៍ឈានដល់ការចែកផ្លូវគ្នា ស្របពេលដែលសូលិកា កំពុងល្បីល្បាញឈ្មោះ។

អ្នកមេម៉ាយសូលីកា បានភ្ជាប់ស្នេហ៍ថ្មីជាមួយអតីតនាយករងទូរទស្សន៍បាយ័ន លោកទិត ថាវរិទ្ធ ដោយរួមរស់ក្រោមដំបូលតែមួយ រយៈពេលជាង៥ឆ្នាំ ទើបចែកផ្លូវគ្នាកាលពីឆ្នាំ២០១៦ដោយចម្រូងសម្រាស។

អំឡុងពេលដែលសូលិកា នៅរងាបេះដូងនេះដៃគូឆ្លងឆ្លើយរបស់នាងលោកអេង រិទ្ធី ក៏លែងប្រពន្ធដែលជាកូនមន្រ្ដីធំដែរ ទើបធ្វើឲ្យពួកគេទៅណាក៏បណ្ដើរគ្នាត្រសងដូចលលកញីឈ្មោលអីចឹង។

ចំណងស្នេហ៍អ្នកមេម៉ាយកូន១ ស៊ឹម សូលិកា និងពោះម៉ាយអេង រិទ្ធី ក៏បានផ្ទុះឡើង ហើយសូលិកា បានបណ្ដើរលោករិទ្ធី ទៅរៀបការអតីតប្ដីដល់ដល់ខេត្តបន្ទាយមានជ័យ ទៀតផង កាលពីចុងឆ្នាំ២០១៨។

ដោយឡែក អតីតគូស្នេហ៍របស់សូលិកា លោកទិត ថាវរិទ្ធ វិញបានងាកទៅភ្ជាប់ស្នេហ៍ជាមួយអ្នកនាងនៅ សុនិតា ហើយថ្មីៗនេះទើបទទួលបានសំណងដៃកូនប្រុសម្នាក់ទៀតផង ទើបធ្វើឲ្យសូលិកា តបទៅអតីតគូស្នេហ៍វិញតាមរយៈការដឹកដៃសង្សារថ្មី អេង រិទ្ធី ចូលរោងការនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។

ការរៀបមង្គលការរបស់ស៊ឹម សូលិ​កា នៅពេលនេះ ធ្វើឲ្យចំណងស្នេហារបស់នាងជាមួយលោកអេង រិទ្ធី ដែលគេសង្ស័យថា ជាស្នេហា ”ក្លែងក្លាយ” នោះ ត្រូវបានជម្រះមន្ទិលទាំងឡាយឲ្យជ្រះស្រឡះវិញ ព្រោះពេលនេះ សូលិកា ពិតជាព្រមធ្វើប្រពន្ធលោករិទ្ធី ស្របច្បាប់មែន តាមរយៈជីវិតអាពាហ៍ពិពាហ៍ជាចំហ ដែលនឹងហៅតារាល្បីៗរាប់រយនាក់ឲ្យចូលរួមកម្មវិធីជប់លៀងរបស់នាង។

គួរកត់សម្គាល់ថា ស៊ឹម សូលិកា ក្រោយផ្ដាច់ស្នេហ៍លោកទិត ថាវ​រិទ្ធ នោះ ស្ថានភាពជីវភាពរបស់នាងខុសគ្នាដូចមេឃនិងដី ដោយពេលនេះនាងក្លាយទៅជា ”ជំទាវ” ក្រោយពេលលោកអេង រិទ្ធី ឡើងជាឯកឧត្តម និងមានឋានៈជាទីប្រឹក្សាសម្ដេចបណ្ឌិតសង្ឃ ទេព វង្ស ទៀតផង។

សូលិកា បានទិញផ្ទះវីឡាតម្លៃជាង៣០ម៉ឺនដុល្លារ នៅបុរីប៉េង ហួត (បឹងស្នោរ) ស្ថិតក្នុងគម្រោងទី៨ ដែលនៅក្បែរផ្ទះលោកទិត ថាវរិទ្ធ និងសុនិតា ដែរ ហើយសូលិកា បានសម្ញែងទ្រព្យហ៊ឺហាដាក់អតីតគូស្នេហ៍ ដូចជានាងបានដាក់រថយន្ដទំនើបដល់ទៅ៤គ្រឿង នៅមុខផ្ទះ គឺ Lexus LX570 ២គ្រឿង, Mazda និង Jaguar ដើម្បីបញ្ឈឺសង្សារចាស់៕

RELATED ARTICLES