Wednesday, April 24, 2024
Homeតារាខ្មែរម្តាយក្មេកលោកព្រាប សុវត្ថិ ថា ស្នេហាឆៃដា ពិសិដ្ឋ និងសាត រស្មី មិនទាន់កំណត់ច្បាស់

ម្តាយក្មេកលោកព្រាប សុវត្ថិ ថា ស្នេហាឆៃដា ពិសិដ្ឋ និងសាត រស្មី មិនទាន់កំណត់ច្បាស់

សាត រស្មី ត្រូវបានមិត្តភក្តិសរសើរថា នាងមានសំណាងបានប្តីក្មេង ព្រោះតែឆៃដា ពិសិដ្ឋ មានអាយុប្អូននាងដល់ទៅជិត១០ឆ្នាំ។

យ៉ាងណា មង្គលការគូស្នេហ៍ខុសវ័យនេះមិនទាន់ដល់ពេលវេលាក្រាបផ្ទឹមឡើយ ព្រោះម្តាយក្មេកព្រាប សុវត្ថិ ដែលត្រូវជាយាយពិសិដ្ឋ បានអះអាងថា ចាស់ទុំទាំងសងខាងបានដឹងឮអស់ទៅហើយ ប៉ុន្តែរឿងរៀបការមិនទាន់កំណត់ច្បាស់លាស់ទេ…។

អ្នកស្រីឡុង ចន្ធូ និងឆៃដា ពិសិដ្ឋ

ចំណងស្នេហាសាត រស្មី និងប្រុសក្មេងឆៃដា ពិសិដ្ឋ កាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ធ្វើឱ្យតារារួមអាជីពខ្លះជំរុញឱ្យពួកគេរៀបការឱ្យបានឆាប់²ទៀតផង។ ប៉ុន្តែតាមការអះអាងរបស់អ្នកស្រីឡុង ចន្ធូ ដែលជាម្តាយក្មេករបស់លោកព្រាប សុវត្ថិ និងជាជីដូនរបស់ឆៃដា ពិសិដ្ឋ បានឱ្យដឹងថា ការរៀបអាពាហ៍ពិពាហ៍របស់ចៅគាត់ទាំងពីរ មិនទាន់អាចប្រព្រឹត្តបានទេ ហើយក៏មិនទាន់កំណត់ពេលវេលាជាក់លាក់ដែរ ប៉ុន្តែអ្នកស្រីមិនបារម្ភថា ចំណងស្នេហ៍របស់ពួកគេមានការប្រែប្រួលនោះទេ។

ឆៃដា ពិសិដ្ឋ និងសាត រស្មី

អ្នកស្រីឡុង ចន្ទូ អះអាងថា “នៅទេក្មួយ! ពួកគេមិនទាន់កំណត់ពេលវេលារៀបការផង។ សម្រាប់ឆ្នាំនេះការមិនទាន់កើតទេ ព្រោះអីពិសិដ្ឋ គេងាកមកសម្រុកការងារសិល្បៈឡើងវិញ បន្ទាប់ពីប្រលងបាក់ឌុបហើយឥឡូវគេចូលរៀនច្បាប់ ឆ្នាំទី1។ ការកំណត់ពេលរៀបការអត់ទាន់ធ្វើបានទេ ប៉ុន្តែចាស់ទុំទាំងសងខាងបាននិយាយត្រូវរ៉ូវគ្នាអស់ទៅហើយ។ មិនអីទេ! ខ្ញុំអត់ខ្លាចមានការប្រែប្រួលអីទេ ព្រោះពួកគេយល់ចិត្តគ្នាបានច្រើនហើយ។ សម្រាប់ខ្ញុំមិនជំទាស់ពួកគេទេ គឺចង់ឱ្យតែចៅៗបានសុខហ្នឹង”។

សាត រស្មី (គឹម រស្មី) ធ្លាប់បានភ្ជាប់ពាក្យជាមួយកីឡាករប្រដាល់ជើងខ្លាំងជៀស ស្រួច កាលពីថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2006 និងបានរៀបការកាលពីថ្ងៃទី10 ខែមីនា ឆ្នាំ2007 ប៉ុន្តែបានលែងលះគ្នាវិញដោយចម្រូងចម្រាស។

គ្រាន់តែធ្លាក់ខ្លួនមេម៉ាយភ្លាម រស្មី ដែលមានសាច់កាន់តែសខ្ចីម៉ដ្ឋខៃរលើបរលោងដូចបណ្តូលចេកនោះ ត្រួវបានមន្ត្រីធំៗនិងឧកញ៉ាៗសម្រុកគ្នាតាមប្រជែងស្នេហ៍ ខណៈដែលអតីតប្តីនាង ជៀស ស្រួច បានធ្លាក់ខ្លួនហើយស្តាយប្រពន្ធដែលកាន់តែស្អាតទៅៗនេះ។

យ៉ាងណា រស្មី មិនបានភ្ជាប់ស្នេហ៍ថ្មីជាមួយប្រុសសម្បូរទ្រព្យទាំងឡាយនោះឡើយ ដោយនាងសុខចិត្តមកជ្រើសយកគូស្នេហ៍ថ្មីជាប្រុសក្មេង ឆៃដា ពិសិដ្ឋ ហើយគ្រោងនឹងដឹកដៃគ្នាចូលរោងការ នាពេលខាងមុខនេះទៀតផង។

តារាសិល្បៈរួមអាជីពបានសរសើររស្មី ចំពោះការជ្រើសបានសង្សារក្មេងនេះ ហើយនៅពេលដែលនាងរៀបការជាមួយពិសិដ្ឋ នោះ នាងនឹងក្លាយទៅជាក្មួយថ្លៃរបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ ដែរ។ ប៉ុន្តែពេលនេះមិនត្រឹមតែមិនទាន់កំណត់ពេលវេលាក្រាបផ្ទឹមទេ ប៉ុន្តែរស្មី និងពិសិដ្ឋ ក៏មិនទាន់បានធ្វើពិធីភ្ជាប់ពាក្យជាមួយគ្នាដែរ។

អ្នកស្រីឡុង ចន្ធូ បន្ថែមថា “ចៅខ្ញុំទាំងពីរអត់បានភ្ជាប់ពាក្យជាមួយគ្នាអីទេ យើងមិនបានធ្វើពិធីភ្ជាប់ពាក្យអីទេ។ ប៉ុន្តែដូចខ្ញុំប្រាប់អ៊ីចឹង គឺមិនបានភ្ជាប់ពាក្យមែន តែគ្រួសារទាំងសងខាងបាននិយាយគ្នាអស់ហើយ”។

កន្លងមក អ្នកស្រីឡុង ចន្ធូ ធ្លាប់និយាយដែរថា ចំពោះរឿងអតីតកាលរបស់ចៅប្រសារគាត់ សាត រស្មី គឺមិនត្រូវរំលឹកឡើយ ហើយសំខាន់នៅពេលនេះ គឺនិយាយតែពេលបច្ចុប្បន្ននិងពេលអនាគត។

ក្រោយសាត រស្មី ភ្ជាប់ស្នេហ៍ជាមួយក្មួយព្រាប សុវត្ថិ ពេលនេះនាងត្រូវបានគេចាត់ទុកក្នុងចំណោមតារាដែលបានប្តីក្មេង ដូចជា គង់ សុជាតិ , ខាត់ សុឃីម , និងអាលីហ្សា៕

RELATED ARTICLES