Friday, March 29, 2024
Homeព័ត៌មានជាតិម្តាយបើកភ្លើងឃើញ... ប្រុសស្លន់ស្លោលើកខោស្ទុះលោតចុះពីលើផ្ទះ

ម្តាយបើកភ្លើងឃើញ… ប្រុសស្លន់ស្លោលើកខោស្ទុះលោតចុះពីលើផ្ទះ

ខេត្តបន្ទាយមានជ័យ ៖ យុវតីម្នាក់បានចូលដេកនៅក្នុងមុងជាមួយម្តាយ ព្រមទាំងក្មួយតូចៗចំនួន២នាក់ទៀត ស្រាប់តែពាក់កណ្តាលអធ្រាត្រក៏លេចមុខប្រុសល្មោភកាមចិត្តហ៊ានម្នាក់បានលូនចូលក្នុងមុងធ្វើសកម្មភាពចាប់រំលោទាំងកំរោល ធ្វើឱ្យយុវតីរងគ្រោះស្រែកឆោឡោផ្អើលដល់ម្តាយបើកភ្លើងមើលឃើញជនសង្ស័យកំពុងពោបពីលើចាប់រំលោភកូនស្រី ក៏ស្រែកឆោឡោធ្វើឱ្យជនសង្ស័យភ័យស្លន់ស្លោលើកខោស្ទុះលោតចុះពីលើផ្ទះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ប្រុសព្រានលបលូនចូលមុងរំលោភកូនស្រីគេទាំងកណ្តាលយប់នេះ បានកើតមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះយុវតីរងគ្រោះស្ថិតក្នុងភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

លុះមកដល់វេលាម៉ោង២និង០៦នាទីរសៀលថ្ងៃដដែល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ ដឹកនាំដោយលោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនសង្ស័យខាងលើយកមកចាត់ការតាមច្បាប់។

យុវតីរងគ្រោះដែលត្រូវជនល្មោភកាមលបឡើងលើផ្ទះចាប់រំលោភទាំងកណ្តាលយប់ មានឈ្មោះស.ស.ន អាយុ១៧ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកជនសង្ស័យល្មោភកាមដែលត្រូវសមត្ថកិច្ចចាប់ខ្លួន មានឈ្មោះវុធ វ៉ាន់ អាយុ៣៩ឆ្នាំ បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ បានបញ្ជាក់ប្រាប់ថាយោងតាមបណ្តឹងរបស់ស្ត្រីជាម្តាយរបស់យុវតីរងគ្រោះបានបំភ្លឺឱ្យដឹងថា នៅមុនពេលកើតហេតុកាលពីវេលាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ គាត់និងកូនស្រីបាននាំគ្នាទៅលេងផ្ទះអ្នកជិតខាងដែលមានកម្មវិធីផឹកស៊ីហើយជនសង្ស័យក៏នៅទីនោះដែរ។ លុះមកដល់វេលាម៉ោងប្រមាណ៩និង១៥នាទីយប់ថ្ងៃដដែល គាត់ក៏នាំកូនមកចូលសម្រាកនៅផ្ទះរបស់ខ្លួនវិញដោយគេងក្នុងមុងជាមួយគ្នារួមជាមួយនឹងចៅតូចៗ ២នាក់ទៀត។

ស្រាប់តែមកដល់វេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៩ គាត់បានឮសំឡេងកូនស្រីស្រែក ពេលនោះគាត់ក៏បានស្ទុះទៅបើកភ្លើងមើល ស្រាប់តែប្រទះឃើញជនសង្ស័យឈ្មោះវុធ វ៉ាន់ ដែលជាអ្នករស់នៅភូមិជាមួយគ្នាកំពុងតែធ្វើសកម្មភាពឡើងពោបពីលើកូនស្រីរបស់គាត់ដើម្បីចាប់រំលោភ ឃើញបែបនេះគាត់ក៏ស្រែកឆោឡោផ្អើលឱ្យអ្នកជិតខាងចេញមកជួយធ្វើឱ្យជនសង្ស័យភ័យខ្លួន ក៏ស្ទុះរត់គេចខ្លួនចេញពីផ្ទះរបស់គាត់បាត់ទៅ។ រហូតមកដល់ព្រឹកថ្ងៃដដែល គាត់ក៏បាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកតែម្តង ដើម្បីឱ្យកម្លាំងអាវុធហត្ថជួយអន្តរាគមន៍។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌ បានបញ្ជាក់ប្រាប់ថា ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថ បានចុះធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យរហូតឃាត់ខ្លួនឈ្មោះវុធ វ៉ាន់ នាំយកមកសាកសួរ។

ក្រោយពីធ្វើការឃាត់ខ្លួននិងធ្វើការសាកសួរ ជនសង្ស័យបានព្យាយាមឆ្លើយដោះសារថា ខ្លួនពិតជាបានចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះមែន តែគ្រាន់តែទៅសួរនាំយុវតីជនរងគ្រោះដែលកំពុងមានជម្ងឺក្តៅខ្លួនប៉ុណ្ណោះ ហើយខ្លួនក៏មិនបានធ្វើអ្វីដែរ គ្រាន់តែលូកដៃស្ទាបក្បាលនាងតែប៉ុណ្ណោះ ធ្វើឱ្យនាងភ្ញាក់ដឹងខ្លួនស្រែកផ្អើលដល់ម្តាយរបស់នាងប្តឹងកម្លាំងអាវុធហត្ថតែម្តង។

ដោយយោងតាមចម្លើយសារភាពរបស់ជនសង្ស័យ យោងតាមរបាយការណ៍ និងយោងតាមការបំភ្លឺរបស់ជនរងគ្រោះ និងសាក្សីឃើញ ថាមានតម្រុយពិរុទ្ធភាពនៃបទល្មើសយ៉ាងជាក់លាក់ ពោលគឺជនសង្ស័យខាងលើអាចត្រូវចោទពីបទរំលោភលើលំនៅដ្ឋាននិងប៉ុនប៉ងរំលោភសេពសន្ថវៈ។

បច្ចុប្បន្នកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី៕

RELATED ARTICLES