Friday, March 29, 2024
Homeតារាខ្មែរយាយយ៉យ គ្មានបំណងផ្សះផ្សាស្នេហ៍នាយព្រែក ចែកផ្លូវជាមួយគូដណ្តឹង ដោយថា...

យាយយ៉យ គ្មានបំណងផ្សះផ្សាស្នេហ៍នាយព្រែក ចែកផ្លូវជាមួយគូដណ្តឹង ដោយថា…

តារាកំប្លែងនិងជាអ្នកចម្រៀងអាយ៉ៃជើងចាស់ដៃគូឆ្លងឆ្លើយជាមួយលោកព្រហ្ម ម៉ាញ គឺយាយយ៉យ បានទទួលស្គាល់ថា ចំណងស្នេហារបស់កូនប្រុសគាត់ នាយព្រែក និងគូដណ្តឹង កញ្ញាជា ស្រីតី គឺពិតជាបានដល់ផ្លូវបំបែកមែនហើយ ប៉ុន្តែអ្នកស្រីចាត់ទុកថានោះជារឿងរបស់ក្មេងៗ គាត់មិនសម្របសម្រួលលើរឿងរបស់ពួកគេឡើយ ព្រោះសំខាន់នៅលើសាមីខ្លួនរបស់ពួកគេទាំងពីរ។

លោកយាយយ៉យ បាននិយាយតាមទូរស័ព្ទកាលពីថ្ងៃទី២០ ខែសីហា យ៉ាងខ្លីថា “អូ ! រឿងពួកគេបែកគ្នាហ្នឹង គឺបែកមែន គឺពិតជាបែកមែន។ ប៉ុន្តែខ្ញុំមិនដឹងមូលហេតុដែលធ្វើឱ្យពួកគេបែកគ្នាហ្នឹងទេ។ និយាយទៅរឿងហ្នឹងជារឿងរបស់ក្មេងៗ អ៊ីចឹងខ្ញុំមិនដឹងទេថាម៉េចបានគេបែកគ្នាហ្នឹង?”។

តារាសម្តែងខេង រតនៈ ហៅនាយព្រែក  បានភ្ជាប់ពាក្យជាមួយកូនក្រមុំអ្នកខេត្តកំពង់ចាម កញ្ញាជា ស្រីតី កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០១៦ ដោយខាងកូនក្រមុំបានបង្គាប់ថ្លៃទឹកដោះនូវទឹកប្រាក់ចំនួន១ម៉ឺនដុល្លារ។ ក្រោយភ្ជាប់ពាក្យរួច ជាញឹកញាប់គេឃើញនាយព្រែក តែងតែបង្ហាញភាពផ្អែមល្ហែមជាមួយគូដណ្តឹងតាមរយៈការដើរលេងតាមឆ្នេរសមុទ្រ និងប្រទេសជិតខាង។

ប៉ុន្តែចំណងស្នេហ៍ជាង៣ឆ្នាំនេះ មិនទាន់ទាំងបានចូលរោងការផងក៏មានការប្រេះឆា ហើយថ្មីៗនេះ អតីតគូដណ្តឹងនាយព្រែក កញ្ញាជា ស្រីតី បានថ្លែងសារថា “តាំងពីថ្ងៃដែលបងឈានជើងចេញមកដល់ពេលនេះ បងបានប្រាប់ខ្លួនឯងឱ្យទទួលយកជីវិតថ្មី គឺជីវិតម្នាក់ឯងបែបមានក្តីសុខគ្រប់គ្រាន់ ដូច្នេះវាហួសនឹងសម្រួលឬលើកលែង ក៏មិនឱ្យខ្លួនឯងត្រឡប់ទៅរកកន្លែងឈឺចាប់មួយនោះទៀតដែរ អូន”។

ចំណែកនាយព្រែក វិញ បានថ្លែងសារទាំងក្អុកក្តួលតបទៅអតីតគូដណ្តឹងថា “កិត្តិយស និងសេចក្តីថ្លៃថ្នូរ យើងត្រូវរក្សាឱ្យគ្នាទៅវិញទៅមកជានិច្ច ទោះជាស្ថិតក្នុងដំណាក់កាលណាក៏ដោយ ជួបគ្នាជានិស្ស័យ មូលហេតុពិតគឺស្ថិតក្នុងចិត្តរក្សាទុកជាអាថ៌កំបាំង”។

ថ្វីត្បិតតែទាំងលោកយាយយ៉ាយ, នាយព្រែក រួមទាំងអតីតគូដណ្តឹង មិនបានទម្លាយការពិតជុំវិញការដែលនាយព្រែក ចែកផ្លូវគ្នាជាមួយកញ្ញាជា ស្រីតី មែន ប៉ុន្តែនៅពេលដែលអ្នកយកព័ត៌មានយើងបានទូរស័ព្ទសួរពិធីករ នៅ CTN កាលពីថ្ងៃទី២០ ខែសីហា នេះ បែរជាទទួលបានចម្លើយដ៏គួរឱ្យភ្ញាក់ផ្អើលថា នាយព្រែក និងនាងតី បែកគ្នា គ្មានរឿងអីក្រៅពីប្រចណ្ឌគ្នាទៅវិញទៅមកនោះឡើយ៕

RELATED ARTICLES