Friday, April 19, 2024
Homeព័ត៌មានជាតិរកឃើញហើយ កូនស្រីឆ្លើយថា “ខ្ញុំមិនស្គាល់អ្នកណាទាំងអស់” ម្តាយបានត្រឹម...

រកឃើញហើយ កូនស្រីឆ្លើយថា “ខ្ញុំមិនស្គាល់អ្នកណាទាំងអស់” ម្តាយបានត្រឹម…

ភ្នំពេញ ៖ ក្មេងស្រីវ័យ១៤ឆ្នាំម្នាក់បានចេញទៅរៀននៅសាលាក្បែរផ្ទះទើបនឹងបាន៣ថ្ងៃ ក៏ស្រាប់តែបាត់ខ្លួនមិនឃើញត្រឡប់មកផ្ទះវិញអស់រយៈពេល៤ថ្ងៃគិតចាប់តាំងពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៨ សីហា ឆ្នាំ២០១៩ ធ្វើឱ្យក្រុមគ្រួសារភ័យបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលទន្លេបាសាក់និងនាំគ្នាស្វែងរកកូនស្រីគ្រប់ច្រកល្ហក ស្រាប់តែប្រទះឃើញនាងនៅលើរថយន្តក្រុងមួយគ្រឿងក្បែរផ្សារអូរឫស្សីបំរុងចេញដំណើរទៅខេត្តសៀមរាប។

នៅពេលស្ត្រីជាម្តាយនិងក្រុមគ្រួសាររកឃើញនិងនាំនាងត្រឡប់ទៅផ្ទះវិញ បែរជាកូនស្រីរូបនេះមិនព្រមទៅជាមួយ និងនិយាយថា នាងមិនស្គាល់អ្នកណាទាំងអស់ ទើបស្ត្រីជាម្តាយនិងក្រុមគ្រួសារនាំនាងមកកាន់ប៉ុស្តិ៍នគរបាលទន្លេបាសាក់ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍។

ក្មេងស្រីខាងលើឈ្មោះឡេង សុភ័ក្រធីណា អាយុ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅជាមួយម្តាយក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពពីស្ត្រីជាម្តាយឈ្មោះភឹម សុភ័ក្រ អាយុ៣៣ឆ្នាំ ជាបុគ្គលិកសណ្ឋាគារ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន បានរៀបរាប់ប្រាប់ថានៅមុនពេលកើតហេតុកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩ កូនស្រីរបស់គាត់បានចេញពីផ្ទះទៅរៀនភាសានៅសាលាឯកជនមួយកន្លែងដែលនៅក្បែរផ្ទះរបស់គាត់ដែរ។ លុះរហូតដល់វេលាម៉ោង៧យប់ថ្ងៃដដែលមិនឃើញកូនស្រីចេញពីសាលាមកផ្ទះវិញនោះទេទើបគាត់បានតាមទៅរកដែរតែមិនឃើញក៏បានមកដាក់ពាក្យបណ្តឹងនៅនរគរបាលប៉ុស្តិ៍ទន្លេបាសាក់ដើម្បីឱ្យជួយអន្តរាគន៍និងតាមស្វែងរកកូនស្រីផង។

ស្ត្រីជាម្តាយបានបន្តថា នៅពេលបាត់កូនស្រីមិនឃើញមកផ្ទះនិងដាក់ពាក្យបណ្តឹងរួចហើយ គាត់និងក្រុមគ្រួសារក៏បាននាំគ្នាតាមស្វែងរកគ្រប់ច្រកល្ហកតាំងពីផ្ទះម្តាយក្មេកនៅឯខេត្តសៀមរាប ម្តុំកោះពេជ្រ ម្តុំផ្សារចាស់ ម្តុំផ្សារកណ្តាល និងនៅតាមផ្ទះបងប្អូនរបស់នាងអស់ហើយនៅតែរកមិនឃើញទៀត។

ស្ត្រីជាម្តាយបានឱ្យដឹងថា លុះមកដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ ទើបកូនស្រីទាក់ទងមកគាត់តាមទូរស័ព្ទ ដោយកូនស្រីបានប្រាប់ថា នាងកំពុងតែនៅឯខេត្តកំពង់ចាមឯណោះ ពេលនោះគាត់ព្យាយាមដេញដោលសួរនាំកូនស្រីដែរ តែកូនស្រីមិនឆ្លើយរួចក៏បិទទូរស័ព្ទបាត់ទៅ។

លុះមកដល់ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ដោយដឹងថាកូនស្រីកំពុងតែឡើងជិះរថយន្តក្រុងមួយគ្រឿង ដែលមានចំណតក្បែរផ្សារអូរឫស្សី បំរុងធ្វើដំណើរចេញទៅខេត្តសៀមរាប ទើបគាត់និងប្អូនស្រីម្នាក់ទៀត រួមជាមួយនឹងមន្ត្រីនគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានតាមទៅរកមើលឃើញកូនស្រីកំពុងតែអង្គុយនៅលើរថយន្តក្រុងមួយគ្រឿង ហើយគាត់ក៏បានធ្វើការលួងលោមនិងហៅកូនស្រីឱ្យមកផ្ទះវិញ តែបែរជានាងនិយាយថា “ខ្ញុំមិនស្គាល់អ្នកណាទាំងអស់ និងមិនវិលត្រឡប់ទៅវិញឡើយ”។

ស្ត្រីជាម្តាយបានបញ្ជាក់ថា ដោយខ្លាចក្រែងកូនស្រីចាញ់បោកគេឬមានអ្នកណាម្នាក់ធ្វើការបញ្ចុះបញ្ចូល ឬបោកបញ្ឆោតក្នុងផ្លូវអាក្រក់ណាមួយនោះ ទើបគាត់និងប្អូនស្រីម្នាក់ទៀត រួមទាំងកម្លាំងនគរបាលប៉ុស្តិ៍ដែលទៅជាមួយ ក៏បាននាំគ្នានិយាយលួងលោមនាងអស់រយៈពេលយ៉ាងយូរ ទើបនាងយល់ព្រមមកកាន់នគរបាលប៉ុស្តិ៍ទន្លបាសាក់ជាមួយពួកគាត់។

ស្ត្រីជាម្តាយរូបនេះ បានអះអាងថា តាំងពីតូចមក គឺកូនស្រីរបស់គាត់រស់នៅជាមួយនឹងម្តាយក្មេករបស់គាត់នៅឯខេត្តសៀមរាបឯណោះ ហើយគាត់ទើបតែយកកូនស្រីមករស់នៅភ្នំពេញបានរយៈពេលមួយខែ និងទើបតែឱ្យចូលរៀននៅសាលាឯកជនមួយកន្លែងខាងលើ បាន៣ថ្ងៃក៏កើតមានរឿងបែបនេះតែម្តង។

នៅពេលដែលស្ត្រីជាម្តាយនិងកម្លាំងសមត្ថកិច្ចនាំខ្លួនក្មេងស្រីម្នាក់ខាងលើយកមកដល់នគរបាលប៉ុស្តិ៍នគរបាលទន្លេបាសាក់ រួចហើយ គេឃើញមានជីដូនខាងម្តាយ អ៊ំស្រី មីង និងសាច់ញាតិជាច្រើននាក់បានមកដល់ផងដែរ តែក្មេងស្រីនោះបានប្រកែកថា នាងមិនចង់ទៅរស់នៅផ្ទះជាមួយម្តាយរបស់នាងវិញឡើយ ហើយក៏មិនចង់ទៅរស់នៅជាមួយយាយខាងឪពុកនៅឯខេត្តសៀមរាបដែរ និងមិនចង់ទៅរស់នៅផ្ទះសាច់ញាតិណាទាំងអស់ ព្រោះនាងចង់ចេញទៅដើររកការងារធ្វើរកស៊ីចិញ្ចឹមខ្លួនឯងតែម្នាក់ប៉ុណ្ណោះ។

ក្រោយពីមានការសម្របសម្រួលរវាងស្ត្រីជាម្តាយ និងក្មេងស្រីជាកូនអាយុ១៤ឆ្នាំម្នាក់ខាងលើ ពីសំណាក់កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទន្លេបាសាក់ អស់រយៈពេលជាច្រើនម៉ោង រហូតដល់វេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃដដែលនោះ ទើបក្មេងស្រីជាកូនយល់ព្រមទៅតាមម្តាយ ហើយសមត្ថកិច្ចក៏ធ្វើការប្រគល់កូនស្រីទៅឱ្យស្ត្រីជាម្តាយយកទៅផ្ទះវិញផងដែរ៕

RELATED ARTICLES