Thursday, April 25, 2024
Homeព័ត៌មានជាតិអាណិតណាស់!!! ស្ត្រីដើរផ្សិតក្នុងព្រៃ វង្វេងក្នុងព្រៃ៣ថ្ងៃ ដាច់បាយដាច់ទឹក

អាណិតណាស់!!! ស្ត្រីដើរផ្សិតក្នុងព្រៃ វង្វេងក្នុងព្រៃ៣ថ្ងៃ ដាច់បាយដាច់ទឹក

ខេត្តព្រះវិហារ ៖ ស្ត្រីម្នាក់រួមនឹងអ្នកភូមិជាច្រើននាក់បាននាំគ្នាដើរចូលទៅរកដកផ្សិតនៅក្នុងព្រៃយកមកលក់ ស្រាប់តែរង្វេងនៅក្នុងព្រៃរកផ្លូវចេញមិនឃើញអស់រយៈពេល២យប់៣ថ្ងៃ រហូតដល់បានតាយាយជាអ្នកឃ្វៀលក្របីប្រទះឃើញជួយនាំទៅស្នាក់នៅ រួចក៏ផ្តល់ដំណឹងដល់អ្នកផ្ទះនាំត្រឡប់មកវិញដោយសុវត្ថិភាព។

ស្ត្រីរងគ្រោះដែលវង្វេងបាត់ខ្លួនក្នុងព្រៃអស់រយៈពេល៣ថ្ងៃ មានឈ្មោះគង់ ស្រីមុំ ហៅត្រែត អាយុ២៩ឆ្នាំ រស់នៅភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ។

លោកវរសេនីយ៍ទោ រិទ្ធ សូណា អធិការនគរបាលស្រុកត្បែងមានជ័យ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះ រួមជាមួយអ្នកភូមិប្រមាណ១៩នាក់បានជិះរថយន្តមួយគ្រឿងចេញពីភូមិបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ។ ពួកគាត់នាំគ្នាចូលព្រៃដើម្បីទៅដកផ្សិតនៅចំណុចសាលាដំណាក់ ផ្លូវទៅប្រាសាទព្រះវិហារ។

លោកអធិការស្រុក បានបន្តថា ស្របពេលដែលការចូលព្រៃដកផ្សិត បានរយៈពេលប្រហែល២ឬ៣ម៉ោង អ្នកបើកបររថយន្តក៏បានទូរស័ព្ទហៅអ្នកមកជាមួយដែលកំពុងដកផ្សិតក្នុងព្រៃឱ្យត្រឡប់មកវិញ។ ប៉ុន្តែពេលនោះបាត់ស្ត្រីម្នាក់មិនឃើញត្រឡប់មកវិញ ឯទូរស័ព្ទក៏តេមិនចូល ហើយភ្លាមនោះអ្នកមកជាមួយបាននាំគ្នាចូលព្រៃដើររកស្រែកហៅដែរ តែមិនឮ ទើបនាំគ្នាត្រឡប់ទៅផ្ទះវិញប្រាប់អ្នកភូមិនិងសមត្ថកិច្ចឱ្យជួយដើររក។

លោករិទ្ធ សូណា បានបន្តថា ក្រោយទទួលបានដំណឹងពីអ្នកស្រុកនិងក្រុមគ្រួសារស្ត្រីរងគ្រោះភ្លាម សមត្ថកិច្ចនិងអ្នកភូមិប្រមាណជិត១០០នាក់ បាននាំគ្នាចូលក្នុងព្រៃដើររកនាងដែរ តែរកមិនឃើញសោះ។ លុះវេលាម៉ោងជាង១១យប់ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ កម្លាំង នគរបាលស្រុក រួមនឹងពលរដ្ឋបានទៅដល់តំបន់ព្រៃជាភ្លើង ស្ថិតក្នុងឃុំយាង ស្រុកជាំក្សាន្ត ក៏បានជួបនារីដែលរង្វេងក្នុងព្រៃ ក៏បាននាំនាងត្រឡប់មកភូមិវិញជួបជុំគ្រួសារដោយសុវត្ថិភាព។

លោកអធិការបញ្ជាក់ថា នារីរងគ្រោះដែលរង្វេងនៅក្នុងព្រៃអស់រយៈពេល២យប់៣ថ្ងៃនោះ សំណាងល្អណាស់បានរួចពីគ្រោះថ្នាក់ ដោយបានជួបយាយតាជាអ្នកឃ្វាលក្របីក្នុងព្រៃ ដោយទីស្នាក់អាស្រ័យរបស់យាយតា មានចម្ងាយប្រហែល១០គីឡូម៉ែត្រពីភូមិ និងបានស្នាក់នៅក្នុងខ្ទមជាមួយយាយតារហូត។ លុះកូនរបស់យាយតាបើកគោយន្តត្រឡប់មកភូមិវិញ នារីរងគ្រោះក៏មកជាមួយ ហើយស្នាក់នៅស្នាក់ការបរិស្ថាន ទូរស័ព្ទប្រាប់ក្រុមគ្រួសារទើបសមត្ថកិច្ចនិងក្រុមគ្រួសារទៅទទួល។

គួរបញ្ជាក់ថា ក្រោយពីវង្វេងព្រៃ នារីរងគ្រោះបានស្នាក់នៅក្នុងខ្ទមចម្ការ ដោយម្ចាស់ឈ្មោះតាស៊ី យាយវឿន ជាអ្នកស្រុកគូលែន តាំងពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩មក ស្ថិតនៅចម្ងាយពីភូមិកោងយ៉ោង ប្រមាណ១០គីឡូម៉ែត នៅចំណុចព្រៃឈើភ្លើង។ ដោយឃើញថា នារីរងគ្រោះពិតជាវង្វេងពិតមែននោះម្ចាស់ខ្ទមបានប្រាប់ឱ្យចាំដើម្បីទៅជាមួយកូនគាត់វិញ ដោយកូនគាត់ជាប់ទៅចម្ការរហូតដល់ថ្ងៃទី០៩ ទើបមកវិញ។

នៅថ្ងៃទី០៩ នារីរងគ្រោះបានជិះគោយន្តមកជាមួយកូនម្ចាស់ខ្ទមនោះរហូតដល់កន្លែងបរិស្ថាន ទើបទាក់ទងមកគ្រួសារឱ្យមកទទួល ដោយកម្លាំងនគរបាលបានទៅដល់ស្នាក់ការបរិស្ថាន នៅវេលាម៉ោង១១និង៣៧នាទីយប់ ថ្ងៃទី០៩ និងបានយកនារីរងគ្រោះមកដល់ផ្ទះវិញ នៅវេលាម៉ោង៦និង៣០នាទីព្រឹក ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩នេះ៕

RELATED ARTICLES