អ៊ីវ៉ា សុំពន្យារពេលយកប្តី

0
104

តារាចម្រៀងសាច់សខ្ចីរបស់សាន់ដេ កញ្ញាឃីន ស្រីនាថ ហៅអ៊ីវ៉ា បានធ្វើឱ្យប្រុសៗពលករនៅកូរ៉េជាច្រើននាក់លង់នឹងសម្រស់របស់នាងជាខ្លាំង អំឡុងពេលដែលស្រីក្មេងរូបនេះភ្លក្សរសជាតិចេញទៅច្រៀងសម្តែងនៅក្រៅស្រុកជាលើកទី1 ដោយគ្មានឪពុកតាមការពារឡើយ។

ការគ្មានឪពុកនៅក្បែរកាយានេះ ធ្វើឱ្យអ៊ីវ៉ា ហាក់មានអារម្មណ៍ផ្អើលៗចំពោះប្រុសៗដែលសុំថតសែលហ្វី បើទោះជាគ្មានការសុំស្នេហ៍ដោយផ្ទាល់ក្តី ប៉ុន្តែប្រុសៗទាំងនោះពេញចិត្តតារាចម្រៀងសាន់ដេ ខ្លាំងទាំងទឹកដមសំឡេងនិងរូបសម្រស់។

ទោះជាយ៉ាងណា អ៊ីវ៉ា និយាយច្បាស់ៗប្រាប់អ្នកកាសែតថា នាងវ័យទើប 24ឆ្នាំ ហេតុនេះហើយមិនត្រូវការយកប្តីនៅពេលនេះទេ។

នាងបន្តថា ឃើញគេមានគូចង់មានដូចគេដែរ ប៉ុន្តែនៅតែមិនផ្តោតលើស្នេហាជាធំទេ ព្រោះចង់ពង្រឹងអាជីពចម្រៀងច្រើនជាង និងម្យាង ទៀតចង់មានមុខរបរផ្ទាល់ខ្លួនសិន ទើបគិតគូររឿងគ្រួសារតាមក្រោយ ខណៈពេលនេះនាងមានហាងសម្លៀកបំពាក់មួយនៅស្រុកកំណើតខេត្តកំពង់ស្ពឺ។

ម្ចាស់បទ “ទឹកអប់មានពិស” រូបនេះថា រឿងស្នេហាមិនអាចនិយាយទុកជាមុនបានទេ អាយុប៉ុន្មាន? ឆ្នាំណា? ទើបរៀបការនោះ ព្រោះគូជីវិតក៏ទាក់ទងទៅនឹងការមាននិស្ស័យដែរ បើមាននិស្ស័យទើបជួបគ្នា។

អ៊ីវ៉ា បានផ្តាច់ស្នេហ៍ថៅកែក្លឹបនិងហាងបញ្ចាំនៅសៀមរាប  លោក “ប” ដោយសារ បុរសនោះពូកែប្រចណ្ឌនាងខ្លាំងពេក ហើយពេលនេះលោកអ៊ូ ចន្ថា ដែលជាឪពុករបស់នាងបានផ្តល់សញ្ញាភ្លើងខៀវដល់ប្រុសៗទាំងឡាយ គឺបើស្រលាញ់អ៊ីវ៉ា ត្រូវតែហ៊ានចូលស្តីដណ្តឹង ហើយលោកទុកសិទ្ធិឱ្យកូនស្រីធ្វើការសម្រេចចិត្តដោយខ្លួនឯង60% ចំណែកលោកសុំត្រឹមតែ40%ប៉ុណ្ណោះ។

ប៉ុន្តែលោកវ៉ាវ មិនបានផ្តល់សញ្ញាណាមួយដើម្បីបើកផ្លូវឱ្យលោក “ប” ចូលចែរចូវនោះទេ ដោយលោកថែមទាំងថា មិនចង់ឱ្យអ្នកកាសែតចុះផ្សាយរឿងនេះទៀតផង។

ដោយឡែក អ៊ីវ៉ា ថា នាងមិនដែលប្រាថ្នាងាជំទាវចង់បានប្តីអ្នកធំអីទេ ព្រោះគិតថា តែដល់គូព្រេងហើយ ទោះជាបុរសចូលមកនោះយ៉ាងណាក៏មិនអាចប្រកែកបានដែរ៕