Wednesday, April 24, 2024
Homeតារាខ្មែរខេមរៈ សិរីមន្ត ទៅរួចទេ ?

ខេមរៈ សិរីមន្ត ទៅរួចទេ ?

ខេមរៈ សិរីមន្ត ត្រូវបានអតីតតារាសម្តែងលោកស៊ុក សុភា បានរិះគន់ចំៗសម្រាប់ការធ្វើជាគណៈកម្មការនៅសប្តាហ៍ទី៣ កម្មវិធីប្រលងចម្រៀង X Factor Cambodia រដូវកាលទី១នេះ ដោយសារវគ្គនេះ សិរីមន្ត បានធ្វើឱ្យបេក្ខជនខ្លាំងម្នាក់ឈ្មោះង៉ូត សិលា ធ្លាក់ចេញពីកម្មវិធីកាលពីរាត្រីថ្ងៃទី១៤ ខែកញ្ញា។

លោកស៊ុក សុភា

ស៊ុក សុភា ដែលកំពុងរស់នៅជាមួយប្រពន្ធនិងកូន៣ នៅអូស្ត្រាលី នោះ បានចោទជាសំណួរដល់សិរីមន្ត ដោយសង្កត់ថា “វគ្គហ្នឹងគេឱ្យគណៈកម្មការ (Judge) ជាអ្នកដាក់ពិន្ទុ តើហេតុអ្វីបានជា Judge សិរីមន្ត ទៅឱ្យចម្លើយប្រជាជនដាក់ឱ្យទៅវិញ ? ឬមួយក៏ប្អូនគ្មានសមត្ថភាពក្នុងការដាក់ពិន្ទុ បងដូចជាមិនយល់សោះតែម្តង?”។

យ៉ាងណា ស៊ុក សុភា ថា លោកបញ្ចោញទស្សនៈនេះគឺដើម្បីឱ្យកម្មវិធីប្រលងចម្រៀងមួយនេះល្អប៉ុណ្ណោះ។

ខេមរៈ សិរីមន្ត

ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញប្រតិកម្មរបស់លោកខេមរៈ សិរីមន្ត តបទៅស៊ុក សុភា វិញឡើយ ខណៈដែលនៅលើបណ្តាញសង្គមវិញមានការជជែកគ្នាថា បេក្ខជនង៉ូត សិលា មិនសមធ្លាក់ដោយសារស្នាដៃ ខេមរៈ សិរីមន្ត នៅវគ្គនេះសោះ ស្របពេលដែលអ្នកគាំទ្រតារាចម្រៀង ខេមរៈ សិរីមន្ត បានព្យាយាមកាន់ជើងអតីតតារាចម្រៀងសាន់ដេ រូបនេះ ដោយថា សិរីមន្ត សម្រេចចិត្តត្រូវដែលឱ្យមហាជនជាអ្នកកាត់ក្តីលើង៉ូត សិលា បើទោះជាវគ្គនេះកម្មវិធីតម្រូវឱ្យគណៈកម្មការជាអ្នកសម្រេចចិត្តក្តី។

ដោយឡែក មហាជនមួយចំនួនទៀតលើកឡើងថា ខេមរៈ សិរីមន្ត ខ្លាចទម្លាក់ង៉ូត សិលា ដោយផ្ទាល់ទៅមានការរិះគន់ចំពោះរូបគេ ទើបតារាហង្សមាស រូបនេះ រុញឱ្យទស្សនិកជនជាអ្នកកាត់ក្តីជំនួសខ្លួនវិញ។

មជ្ឈដ្ឋានមហាជនបានលើកឡើងថា ទោះជាខេមរៈ សិរីមន្ត ជាតារាចម្រៀងជើងខ្លាំងបន្ទាប់ពីលោកព្រាប សុវត្ថិ ក្តី ប៉ុន្តែសម្រាប់ការធ្វើជាគណៈកម្មការ តារាចម្រៀងរូបនេះនៅខ្ចីខ្លាំងណាស់ ព្រោះទើបបានកាន់កម្មវិធីមួយហ្នឹងទេ អ៊ីចឹងហើយទើបមានការបារម្ភថា តើសិរីមន្ត នឹងទៅរួចឬអត់ក្នុងការកាន់តំណែងធំមួយនេះ ដើម្បីគេចចេញកុំឱ្យមានការរិះគន់សាជាថ្មីទៀត?

បេក្ខជន ង៉ូត សីលា

តារាចម្រៀងមួយចំនួនបានលើកឡើងថា កន្លងមក សុគន្ធ និសា បានទម្លាក់អតីតបេក្ខភាពជាកុមារីម្នាក់ក្នុងកម្មវិធី The Voice kids Cambodia រដូវកាលទី១ ហើយមានការរិះគន់នាងច្រើនលើបណ្តាញសង្គម។

ក្រោយមកពេលកម្មវិធីនោះប្រលងចប់ និសា ក៏លាឈប់ពីតំណែងតែម្តង ប៉ុន្តែអ្នកខ្លះទៀតថា នាងត្រូវហង្សមាស ដកចេញដាក់សួស វីសា ចូល ដូចនេះគេសង្ឃឹមថា ខេមរៈ សិរីមន្ត នឹងមិនដើរជាន់ដានចាស់សុគន្ធ និសា ឡើយ។

គួរបញ្ជាក់ថា មុនខេមរៈ សិរីមន្ត ត្រូវស៊ុក សុភា រិះគន់ស្ពឹកមុខនេះដែរ សិរីមន្ត, ណុប បាយ៉ារិទ្ធ និងសុខ សីឡាលីន ក៏បានធ្វើឱ្យប្អូនថ្លៃថៅកែហង្សមាស ឱក សុគន្ធកញ្ញា ភ្ញាក់ផ្អើលខ្លាំងដែរ។

ដោយសារតារាទាំង៣បានលើកនំខេកជូនសុគន្ធកញ្ញា នៅក្រោយឆាក ដើម្បីអបអរសាទរខួបកំណើតនាងគម្រប់អាយុ៣២ឆ្នាំ នៅថ្ងៃទី១៤ ខែកញ្ញា នោះដែរ ដែលធ្វើឱ្យស្វាមីសុគន្ធកញ្ញា លោកអ៊ឹង សុខលី ដែលគ្រប់គ្រងកម្មវិធីប្រលងចម្រៀងនោះទាំងមូលបានញញឹមបិទមាត់មិនជិតឡើយ ពេលដែលឃើញគណៈកម្មការទាំង៣ជូនពរប្រពន្ធខ្លួន”

RELATED ARTICLES