Friday, April 19, 2024
Homeតារាខ្មែរគង់ សុជាតិ រឹតចំណងស្នេហ៍នៅថៃ តែ២នាក់ប្តីប្រពន្ធ

គង់ សុជាតិ រឹតចំណងស្នេហ៍នៅថៃ តែ២នាក់ប្តីប្រពន្ធ

អ្នកនាងគង់ សុជាតិ បាននាំស្វាមីជា វិបុល ឡើងយន្ដហោះកាលពីថ្ងៃទី៣ ខែកញ្ញា ដើម្បីដើរកម្សាន្ដនៅប្រទេសថៃ រយៈពេល៤ថ្ងៃ ដោយគ្មានកូនៗរួមដំណើរឡើយ។

អ្នកសិល្បៈរួមអាជីពថា គូស្នេហ៍អ្នកនាងសុជាតិ-វិបុល ដូចប្ដីប្រពន្ធថ្មោងថ្មីទើបរៀបការហើយអីចឹង ព្រោះទោះជាអ្នកទាំងពីរមានភាពមមាញឹកយ៉ាងណា ក៏នៅតែឆ្លៀតរឹតចំណងស្នេហ៍នៅក្រៅស្រុក តាមរយៈការដើរលេងកម្សាន្ដល្បីៗប្រទេសនីមួយៗ។

ដោយឡែកលើកនេះ អ្នកនាងសុជាតិ និងប្ដី បានជ្រើសយកទឹកដីថៃ ហើយបានទៅញាំអាហារប្លែកៗ ដែលមើលទៅជីវិតគូស្នេហ៍តារាល្បី១គូនេះ ពិតជាមានសុភមង្គលខ្លាំងណាស់។

អ្នកនាងគង់ សុជាតិ បានឲ្យដឹងតាមឆាតហ្វេសប៊ុកថា ”ខ្ញុំនិងប្ដីមកលេងនៅថៃ ៤ថ្ងៃ។ បានដើរលេងច្រើនកន្លែង ហើយសប្បាយចិត្តណាស់។ ការមកលេងថៃ នេះ តែ២នាក់ប្ដីប្រពន្ធទេ ហើយគាត់ (វិបុល) ជូនខ្ញុំមក ដោយសារតែកាលខ្ញុំទៅអូស្រា្ដលី គាត់មិនបានជូនទៅ អីចឹងក៏នាំគ្នាមកលេងថៃ ទៅ”។

តាមព័ត៌មានថា ដំណើរកម្សាន្ដរយៈពេលខ្លីរបស់អ្នកនាងគង់ សុជាតិ និងស្វាមី ទៅកាន់ប្រទេសថៃ លើកនេះ មិនមែនសំដៅតែការដើរលេងកន្លែងល្បីៗ និងញាំអាហារប្លែកៗនោះទេ ប៉ុន្តែអ្នកនាងសុជាតិ ក៏សំដៅទៅពិនិត្យសុខភាពផងដែរ ខណៈដែលមុននេះ អ្នកនាងធ្លាប់បង្ហើបថា លោកវិបុល ចង់បានកូនភ្លោះ តែអ្នកនាងមិនទាន់អាចសន្យាបានទេថា អាចបំពេញតាមសំណូមពរឲ្យស្វាមីបាន គឺទាល់តែទៅជួបគ្រូពេទ្យជំនាញជាមុនសិន ថាតើសុខភាពរបស់អ្នកនាងអាចយកកូនបានទៀតឬអត់? អ្នកនាងសុជាតិ ថា ពេលបានចម្លើយពីគ្រូពេទ្យហើយ នាងនឹងអាចឆ្លើយប្រាប់ប្ដីវិញបានហើយ ប៉ុន្ដែអ្នកនាងដឹងចិត្តប្ដី ទោះជានាងមិនអាចពពោះកូនភ្លោះប្រុស តាមការចង់បានរបស់ស្វាមី បើសិនជាមានបញ្ហាសុខភាពក្ដី ក៏ប្ដីមិនខឹងដែរ ព្រោះថា ពេលនេះអ្នកនាងមានកូន៣នាក់ទៅហើយ។

ពិធីការិនីហង្សមាស រូបនេះ អះអាងថា ”ខ្ញុំមកថៃ លើកនេះ គឺក្រៅពីដើរលេងពិតជាមកឆែកសុខភាពមែន។ មកជួបគ្រូពេទ្យពិនិត្យសុខភាពមើលសិន”។

គង់ សុជាតិ និងស្វាមីជា វិបុល ត្រូវបានគេចាត់ទុកថាជាពិធីករច្នើមដែលត្រូវប៉ាន់ខ្លាំង ទាំងនៅកម្មវិធីធំៗរបស់ទូរទស្សន៍ហង្សមាស និងតាមបណ្ដាកម្មវិធីសម្ពោធក្រុមហ៊ុនមួយចំនួនទៀត ដែលអ្នកទាំងពីរអាចរកប្រាក់ចំណូលពីសិល្បៈបានជាច្រើនក្នុង១ខែៗ បន្ថែមពីលើហាងរក្សាសម្រស់សុជាតិ ដែលដំណើរការជាង១០ឆ្នាំទៅហើយនោះ។

ដោយជោគជ័យទាំងអាជីពសិល្បៈ និងមុខជំនួញបែបនេះហើយ ទើបស្វាមីរបស់សុជាតិ លោកវិបុល បានរំអុកភរិយាឲ្យពពោះកូនភ្លោះ ដើម្បីឲ្យគ្រូសារកាន់តែមានសុភមង្គលថែមទៀត ខណៈដែលអ្នកនាងសុជាតិ ចាំតែឆ្លើយ Ok ទៅស្វាមីទេ ឲ្យតែលោកគ្រូពេទ្យប្រាប់ថា អាចពពោះបាននោះ។

ពិធីការិនីជើងចាស់ គង់ សុជាតិ ធ្លាប់ប្រាប់ថា អំឡុងពេលពពោះកូនម្ដងៗ អ្នកនាងត្រូវចោលការងារសិល្បៈច្រើនណាស់ ទម្រាំអាចវិលចូលមកធ្វើការវិញបាន។ ប៉ុន្ដែសុភមង្គលក្នុងគ្រួសារ គឺរឹតតែសំខាន់ថែមទៀត អីចឹងបើប្ដីចង់បានកូនថែមទៀត ហើយអ្ននាងត្រូវតែបំពេញបំណងស្វាមីឲ្យតែអាចយកកូនបានយកភ្លាម មិនគិតពីការប្រឈមបាត់ការងារសិល្បៈមួយរយៈនោះឡើយ។

គង់ សុជាតិ បានរៀបការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយចំណងស្នេហ៍ជិត៦ឆ្នាំនេះ ទទួលបានកូនស្រីម្នាក់យ៉ាងស្រស់ស្អាត ឈ្មោះជា សុជាតិនារី ហៅដូរី អាយុជាង២ឆ្នាំ។

សុជាតិ ថា កូនស្រីអ្នកនាងកាត់ទៅរកលោកវិបុល ស្ទើរតែ១០០% គឺខុសតែភេទប៉ុណ្ណោះ ហើយដូរី ចេះរកលុយតាំងពីតូច ព្រោះបានថតស្ពតជាច្រើន ស្របពេលដែលកូនស្រីច្បងរបស់នាង ឈ្មោះម៉ៅ សាល់ភាពណែលី អាយុ១៤ឆ្នាំ បានលើកមុខមាត់គ្រូសារខ្លាំង តាមរយៈការខិតខំរៀនសូត្រ រហូតក្លាយជាសិស្សច្នើមប្រចាំសាលា ACSI ហើយថ្មីៗនេះបានទៅចូលរួបប្រលងនៅប្រទេសអូស្រា្ដលី ដើម្បីឈោងយកអាហាររូបករណ៍ទៅសិក្សានៅសហរដ្ឋអាមេរិក ទៀតផង៕

RELATED ARTICLES