Friday, March 29, 2024
Homeព័ត៌មានជាតិឃើញម្ចាស់ផ្ទះទុកចិត្តហើយ លួចមិនសំចៃដៃទេ

ឃើញម្ចាស់ផ្ទះទុកចិត្តហើយ លួចមិនសំចៃដៃទេ

ភ្នំពេញ ៖ ស្ត្រីជាអ្នកបម្រើការងារតាមផ្ទះម្នាក់ធ្វើការងារយូរៗទៅ ដឹងថាម្ចាស់ផ្ទះទុកចិត្ត ក៏បែកគំនិតលួចសំពត់ហូល ផាមួង ក្រណាត់ ក្បិន ដែលមានតម្លៃអស់ជាច្រើនលើកច្រើនសា ដោយចេះតែសន្សំទុក រួចផ្ញើតាមតាក់ស៊ីទៅទុកនៅផ្ទះឯស្រុកកំណើត ទីបំផុតត្រូវម្ចាស់ផ្ទះតាមទាន់ ក៏ឃាត់ខ្លួននាំទៅប្រគល់ឱ្យកម្លាំងអាវុធហត្ថ ចាត់ការតាមច្បាប់។

តាមប្រភពពីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ ឈ្មោះ ទិន សុផា អាយុ៤៨ឆ្នាំ មុខរបរអ្នកបម្រើការងារតាមផ្ទះ បន្ទាប់ពីត្រូវបានម្ចាស់ផ្ទះប្តឹងពីបទលួច (ហូល ផាមួង ក្រណាត់ក្បិន និងអាវសំពត់ ដែលកាត់រួច) ជាច្រើនលើកច្រើនសា នៅចំណុចផ្ទះលេខ138BIS ភូមិជ្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនយកមកសួរនាំ ស្ត្រីជនសង្ស័យខាងលើបានសារភាពឱ្យដឹងថា ខ្លួននិងកូនស្រី ឈ្មោះថា ស្រីនិច អាយុ១៨ឆ្នាំ បានមកបម្រើការងារផ្ទះផ្នែកចុងភៅ និងអនាម័យរបស់ម្ចាស់ផ្ទះនៅចំណុចខាងលើ ដោយទទួលបានប្រាក់ខែ២០០ដុល្លាអាមេរិក ក្នុង១ខែ ហើយជារៀងរាល់ថ្ងៃ រូបខ្លួននិងកូនស្រីតែងតែបោសសម្អាតតាមបន្ទប់ដាក់ខោអាវបន្ទប់ដេករាល់ថ្ងៃ ដោយម្ចាស់ផ្ទះទុកសោបន្ទប់ឱ្យបើកចូល លុះពេលបោសសម្អាតហើយ ទើបប្រគល់សោឱ្យម្ចាស់ផ្ទះវិញ។

រហូតដល់អំឡុងខែមីនា ឆ្នាំ២០១៩ រូបខ្លួនក៏មានគំនិតចង់បានហូល ផាមួង ទើបកើតចិត្តលួចតែម្តង គឺលួចបានហូល ផាមួង ដែលកាត់រួច៤ សំពត់៣ និងក្រណាត់ហូល ផាមួង៩ក្បិន ហើយរូបខ្លួនលួចជាច្រើនលើកច្រើនសា ដើម្បីសន្សំឱ្យបានច្រើន រួចផ្ញើតាមឡានតាក់ស៊ីទៅផ្ទះនៅខេត្តកំពង់ចាម។

បន្ទាប់ពីធ្វើការសួរចម្លើយរួច ទើបសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យខាងលើទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩៕

RELATED ARTICLES