Thursday, April 25, 2024
Homeព័ត៌មានជាតិចាប់បានហើយ!!! មូលហេតុមកពីកូនប្រសាររូបនេះខឹងម៉ែក្មេកមិនផ្សះផ្សាចំណងស្នេហ៍

ចាប់បានហើយ!!! មូលហេតុមកពីកូនប្រសាររូបនេះខឹងម៉ែក្មេកមិនផ្សះផ្សាចំណងស្នេហ៍

ខេត្តកំពង់ធំ ៖ ស្ត្រីមេម៉ាយម្នាក់ត្រូវកូនប្រសាប្រុសចិត្តកំណាចឃោរឃៅបានធ្វើសកម្មភាពលបឡើងលើផ្ទះ កាប់ចិញ្ច្រាំសម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត ដោយសារតែជនដៃដល់ខឹងនឹងស្ត្រីរងគ្រោះជាម្តាយក្មេក មិនព្រមជួយផ្សះផ្សាចំណងស្នេហ៍រវាងកូនស្រីបង្កើត និងជនសង្ស័យជាកូនប្រសា ដែលបានបាក់បែកចែកផ្លូវគ្នាមួយរយៈមកហើយ។

ករណីឃាតកម្មដ៏សាហាវឃោរឃៅខាងលើនេះ បានកើតឡើងតាំងពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចលើផ្ទះរបស់ស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិត្រពាំងជ្រៃ ឃុំបល្ល័ង្គ ស្រុកបារាយណ៍។ ប៉ុន្តែករណីមួយនេះទើបនឹងបែកធ្លាយ និងមានការផ្អើលឆោឡោឡើកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ខណៈឃើញចៅតូចៗរបស់ស្ត្រីរងគ្រោះអង្គុយយំនៅមាត់ទ្វារផ្ទះ លុះឡើងទៅមើលទើបដឹងថា ស្ត្រីរងគ្រោះត្រូវគេកាប់សម្លាប់ស្លាប់បាត់ទៅហើយ។

ជនសង្ស័យជាឃាតករដែលចាប់កាប់សម្លាប់ម្តាយក្មេកយ៉ាងឃោរឃៅ និងត្រូវសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបាន មានឈ្មោះ ម៉ុល វុទ្ធ អាយុ២៨ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះដែលត្រូវកូនប្រសាកាប់សម្លាប់យ៉ាងព្រៃផ្សៃ មានឈ្មោះដួល ឃាង អាយុ៥១ឆ្នាំ មុខរបរលក់នំបញ្ចុក នៅនឹងតូបខាងមុខផ្ទះ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

តាមសម្តីស្ត្រីឈ្មោះគុយ ឃិត ត្រូវជាកូច្បងរបស់ស្ត្រីរងគ្រោះខាងលើ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា ម្តាយរបស់នាង (ស្ត្រីរងគ្រោះ) គឺជាស្ត្រីមេម៉ាយមានកូនចំនួន៤នាក់ (សុទ្ធតែស្រីទាំងអស់)។ ដោយសារតែជីវភាពគ្រួសារក្រីក្រតោកយ៉ាកខ្លាំងពេក ទើបកូនស្រី៣នាក់ (សុទ្ធតែមេម៉ាយ បែកបាក់ប្តី) បាននាំគ្នាធ្វើចំណាកស្រុកចេញទៅធ្វើការនៅប្រទេសថៃ អស់ទៅហើយ នៅសល់តែគាត់ដែលជាកូនច្បងរស់នៅក្នុងភូមិជាមួយគ្នា តែបែកផ្ទជាមួយម្តាយ។

កូនច្បងរបស់ស្ត្រីរងគ្រោះ បន្តថា សព្វថ្ងៃម្តាយរបស់នាងស្នាក់នៅជាមួយចៅប្រុសស្រីតូចៗចំនួន២នាក់ ដែលជាក្មេងកំព្រាឪពុក ហើយកន្លងមកម្តាយនាងមិនធ្លាប់មានជម្លោះ ឬគំនុំជាមួយអ្នកណាម្នាក់ទេ ស្រាប់តែនៅសុខៗ ក៏មានឃាតករលបឡើងសម្លាប់ដល់លើផ្ទះបែបនេះទៅវិញ ហើយបើថាចង់ប្លន់ទ្រព្យសម្បត្តិ ក៏មិនសមដែរ ព្រោះម្តាយនាងគ្មានទ្រព្យធនជាដុំកំភួនឱ្យចោរប្លន់នោះឡើយ។

ចំណែកសាច់ញាតិជិតខាង ដែលរស់នៅក្បែរផ្ទះស្ត្រីរងគ្រោះ បានបញ្ជាក់ប្រាប់ថា កន្លងមកស្ត្រីរងគ្រោះតែងតែលក់នំបញ្ចុកនៅតូបមុខផ្ទះជារៀងរាល់ព្រឹក ដើម្បីរកប្រាក់ចិញ្ចឹមចៅតូចៗ២នាក់ ហើយស្ត្រីរងគ្រោះរូបនេះ គឺជាមនុស្សល្អស្លូតបូត និងមានទំនាក់ទំនងជាមួយអ្នកជិតខាងល្អណាស់ មិនដែលមានទំនាស់ទាស់ទែងជាមួយអ្នកណាឡើយ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៩ ក្រោយពីហូបបាយល្ងាចជុំគ្នាជាមួយចៅៗរួច ស្ត្រីរងគ្រោះបាននាំចៅប្រុសស្រីទាំង២នាក់ ទៅដេកនៅលើផ្ទះតាមធម្មតា។ រហូតមកដល់វេលាម៉ោង៦ព្រឹក ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្រាប់តែបាត់មិនឃើញស្ត្រីរងគ្រោះចុះពីលើផ្ទះ មករៀបចំបើកតូបលក់នំបញ្ចុកដូចសព្វដងសោះ លុះបន្តិចក្រោយមក ក៏ត្រូវអនុប្រធានភូមិបានឮសំឡេងចៅស្រីរបស់ស្ត្រីរងគ្រោះ ដែលទើបនឹងមានអាយុ៦ឆ្នាំ អង្គុយយំនៅមាត់ទ្វារផ្ទះ ក៏នឹកឆ្ងល់ រួចក៏នាំគ្នាឡើងទៅមើលដល់លើផ្ទះ ស្រាប់តែប្រទះឃើញស្ត្រីរងគ្រោះដេកស្លាប់នៅក្នុងថ្លុកឈាមបាត់ទៅហើយ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ និងរាយការណ៍ប្រាប់សមត្ថកិច្ចចុះពិនិត្យតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញចុះពិនិត្យ និងធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា ករណីនេះពិតជាអំពើឃាតកម្មប្រាកដមែន ដោយជនរងគ្រោះត្រូវឃាតករកាប់ចិញ្ច្រាំចំនួន១៣កាំបិត។ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវយ៉ាងល្អិតល្អន់រួចមក ទីបំផុត សមត្ថកិច្ចក៏កំណត់មុខសញ្ញាបាន និងឈានដល់ការចាប់ខ្លួនជនសង្ស័យម្នាក់ដែលត្រូវជាកូនប្រសាប្រុសរបស់ស្ត្រីរងគ្រោះនាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យជាឃាតករបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពកាប់សម្លាប់ម្តាយក្មេកខ្លួនឯងប្រាកដមែន ដោយរូបគេបានលបឡើងផ្ទះម្តាយក្មេក នៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ និងបានកាប់ម្តាយក្មេកចំនួន១៣កាំបិតសម្លាប់ចោល ខណៈដែលម្តាយក្មេកកំពុងដេកលង់លក់ក្នុងដំណេក។ ចំពោះមូលហេតុនោះ គឺដោយសារតែរូបគេ (ជនសង្ស័យ) មានគំនុំខឹងម្តាយក្មេក មិនជួយសម្របសម្រួលឱ្យនៅពេលពួកគេបានឈ្លោះទាស់ទែងគ្នាជាមួយនឹងប្រពន្ធ ហើយប្រពន្ធខឹងក៏បានទៅធ្វើការនៅប្រទេសថៃបាត់ ដែលជាហេតុធ្វើឱ្យរូបគេចងកំហឹងនិងរកឱកាសសម្លាប់ម្តាយក្មេកចោលតែម្តង។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។

ចំណែកសាកសពស្ត្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES