Saturday, April 20, 2024
Homeព័ត៌មានជាតិចូលហាងមិត្តភក្តិ ចេញមកវិញស្រែកឡាំប៉ា

ចូលហាងមិត្តភក្តិ ចេញមកវិញស្រែកឡាំប៉ា

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ចេញពីភោជនីយដ្ឋានរបស់មិត្តភក្តិភ្លាម ស្រាប់តែត្រូវចោរឆក់កាបូបអស់លុយ1ម៉ឺន7ពាន់ដុល្លារ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង11យប់ ថ្ងៃទី04 ខែកញ្ញា ឆ្នាំ2019 នៅមុខភោជនីយដ្ឋាន សាន ស៊ាំង នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី1 ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីអ្នកបកប្រែភាសាចិន បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចូលភោជនីយដ្ឋានខាងលើ ដែលត្រូវជាហាងមិត្តភក្តិរបស់គាត់ លុះនៅម៉ោងកើតហេតុ គាត់បានរៀបចំធ្វើដំណើរចេញទៅវិញ ដោយដើរមកអែបរថយន្តរបស់គាត់ ដែលទុកនៅចិញ្ចើមផ្លូវសហព័ន្ធរុស្ស៊ី មុខភោជនីយដ្ឋានខាងលើ ក៏ស្រាប់តែជនសង្ស័យគ្នា2នាក់ ជិះម៉ូតូ1គ្រឿង មិនចាំម៉ាកនិងស្លាកលេខ ដោយជិះបញ្ច្រាសទិសដៅចរាចរណ៍ពីត្បូងទៅជើង មិនមានពាក់មួកសុវត្ថិភាព បានធ្វើសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះ រួចក៏ជិះគេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះបញ្ជាក់ថា នៅក្នុងកាបូបរបស់គាត់ដែលត្រូវចោរឆក់យកទៅបាត់នោះ មានលុយចំនួន1ម៉ឺន7ពាន់ដុល្លារ មានលិខិតឆ្លងដែន និងកាតធនាគារមួយចំនួនទៀតផង។

អ្នកបកប្រែភាសាចិនខាងលើបានបន្តទៀតថា ជារៀងរាល់ថ្ងៃ ភោជនីយដ្ឋានខាងលើមានសន្តិសុខនៅយាម តែនៅថ្ងៃកើតហេតុសន្តិសុខសុំឈប់សម្រាក ដោយមិនមានសន្តិសុខប្តូរជំនួសឡើយ។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទាក់ទងទៅបងប្អូន និងអ្នកបកប្រែភាសាចិនមកកន្លែងកើតហេតុ និងប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឱ្យមកជួយអន្តរាគមន៍ភ្លាមៗផងដែរ។

ភ្លាមៗនោះ ដោយមានកម្លាំងនគរបាលប៉ុស្តិ៍បានមកដល់ ហើយជនរងគ្រោះនិងអ្នកបកប្រែភាសាចិនខាងលើ បានប្រាប់ទៅសមត្ថកិច្ចតាមដំណើររឿងជាបន្តបន្ទាប់។ ហើយសមត្ថកិច្ចនឹងស្រាវជ្រាវរកមុខសញ្ញាខាងលើមកផ្តល់ន្ទាទោសតាមច្បាប់៕

RELATED ARTICLES