Friday, March 29, 2024
Homeតារាខ្មែរឈិន រតនៈ មិនអាចប្រៀបធៀបសមត្ថភាពជាមួយមាស សុខសោភា

ឈិន រតនៈ មិនអាចប្រៀបធៀបសមត្ថភាពជាមួយមាស សុខសោភា

តារាចម្រៀងផលិតកម្មរស្មីហង្សមាស ឈិន រតនៈ ដែលជាម្ចាស់បទ “អ្នកមិនអន់ទេ” នោះបានអះអាងថា ទោះជាឃើញមិត្តភក្តិរួមអាជីពសម្រុកគ្នារៀបការនៅឆ្នាំ២០១៩នេះ ច្រើនយ៉ាងណាក៏ដោយ តែសម្រាប់រូបនាងគឺមិនតក់ក្រហល់ចង់រៀបការតាមគេឡើយ ព្រោះថាពេលនេះអត់ចង់ផ្តោតលើស្នេហាជាធំ ដោយចង់តែពង្រឹងអាជីពចម្រៀងឱ្យទៅមុខឱ្យបានល្អជាងនេះសិន។

អតីតបេក្ខភាព The Voice Cambodia រដូវកាលទី២ ថា នៅឆ្នាំ២០១៩នេះ នាងរឹតតែមិនអាចកំណត់បានទៀតថា តើនឹងអាចរៀបការបាននៅឆ្នាំនោះទេ ព្រោះថាមិនដឹងគូព្រេងនៅឯណាឡើយ។

ឈិន រតនៈ អះអាងថា “ខ្ញុំមិនទាន់គិតដល់ការរៀបការឆាប់ៗហ្នឹងទេ។ ឃើញគេរៀបការច្រើន យើងមិនអាចធ្វើតាមគេបានទេ។ ខ្ញុំចង់ពង្រឹងអាជីពចម្រៀងច្រើនជាង គិតលើរឿងស្នេហា”។

ឈិន រតនៈ ត្រូវបានមហាជនចាត់ទុកថា នាងជាតារាចម្រៀងម្នាក់ដែលមានទឹកដមសំឡេងស្រដៀងមាស សុខសោភា ទើបធ្វើឱ្យអ្នកខ្លះថា នាងច្រៀងលួចស្ទីលពីសោភា ទៀតផង។

ចំណែកអ្នកខ្លះទៀតថា រតនៈ ពិបាកប្រជែងជាមួយតារារួមក្រុម រ៉េត ស៊ូហ្សាណា និងពេជ្រ សូលីកា ហើយពេលនេះ ព្រោះពួកគេលេងខ្លួនឆើតឆាយជាង ហើយត្រូវថៅកែផលិតកម្មទម្លាក់បទល្អៗឱ្យច្រៀងច្រើនជាងនាងទៀតផង។

ឈិន រតនៈ ថ្លែងថា សម្រាប់ការជ្រកកោននៅហង្សមាស បានដូចសព្វថ្ងៃនេះ នាងពេញចិត្ត គឺគ្មានបំណងផ្លាស់ប្តូរទ្រនំទេ ហើយក៏រឹតតែគ្មានការអាក់អន់ចិត្តជាមួយតារាណាផ្សេងៗទៀត ដែលមានបទចម្រៀងល្បី ឬច្រើនជាងនាងដែរ ព្រោះថាពេលនេះនៅហង្សមាស មានអ្នកចម្រៀងច្រើន គឺបទចម្រៀងត្រូវតែមានការបែងចែក។

នាងបន្តថា ពិតជាធ្លាប់ឮគេនិយាយថា នាងច្រៀងស្ទីលសំឡេងមាស សុខសោភា មែន ប៉ុន្តែពេលនេះ នាងសូមធ្វើការបកស្រាយថា នាងបង្កើតស្ទីលខ្លួនឯងច្រៀងទេ មិនបានលួចពីមាស សុខសោភា ឡើយ។

រតនៈ ថែមទាំងថា មាស សុខសោភា ជាអ្នកចម្រៀងជើងខ្លាំងម្នាក់ រូបនាងមិនអាចប្រៀបធៀបសមត្ថភាពជាមួយតារារៀមច្បងនេះបានឡើយ៕

RELATED ARTICLES